នៅថ្ងៃអង្គារនេះ ប្រទេសចិនបានបង្ហាញនូវអំណាចយោធារបស់ខ្លួនតាមរយៈក្បួនព្យុះហយាត្រាដ៏អធិកអធមមួយនៅក្នុងការប្រារព្ធខួបទី ៧០ នៃការគ្រប់គ្រងប្រទេសរបស់គណបក្សកុម្មុយនិស្តចិន។
លោកប្រធានាធិបតី Xi Jinping ដែលស្លៀកសម្លៀកបំពាក់ក្នុងឈុតពណ៌ប្រផេះដូចស្ទីលរបស់អតីតមេដឹកនាំចិនលោក ម៉ៅ សេទុង បានចូលរួមជាមួយនឹងលោកនាយករដ្ឋមន្ត្រី Li Keqiang និងមន្ត្រីគណបក្សផ្សេងទៀតនៅក្នុងពិធីខួបលើកទី ៧០ នេះ។ នៅក្នុងពិធីនេះ ទាហានរាប់រយនាក់បានដើរក្បួនព្យុះហយាត្រាកាត់តាមទីលាន Tiananmen ដែលជាទីកន្លែងដែលលោក ម៉ៅ សេទុង ប្រកាសអំពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៤៩។
នៅក្នុងសុន្ទរកថាដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ លោក Xi Jinping បានប្រកាសថា «គ្មានកម្លាំងណាមួយ» អាចធ្វើឲ្យរង្គោះរង្គើដល់មូលដ្ឋានគ្រឹះរបស់ប្រទេសចិន ឬក៏អាចបញ្ឈប់ការវិវឌ្ឍទៅមុខរបស់ប្រជាជនចិនបានទេ។
បន្ទាប់មក លោក Xi Jinping បានឡើងជិះលើរថយន្ត limousine និងឈរងើបចេញពីបង្អួចដំបូលរថយន្ត នៅពេលដែលរថយន្តបើកកាត់តាមជួរទាហាន និងគ្រឿងសព្វាវុធយោធានានា ដែលមានទាំងរថយន្តសម្រាប់បាញ់មីស៊ីល និងរថក្រោះដឹកទាហានផងដែរ។
ការបាញ់កាំភ្លើងគំនាប់ ៧០ កាណុង ជានិមិត្តរូបបានបើកឆាក ដើម្បីចាប់ផ្ដើមក្បួនព្យុហយាត្រាមួយ ដែលបង្ហាញអំពីសមត្ថភាពយោធាថ្មីបំផុតរបស់ប្រទេសចិន ដែលក្នុងនោះមានដូចជាគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបថ្មី ដែលអ្នកវិភាគនិយាយថាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងហោះបានរាប់ពាន់គីឡូម៉ែត្របាន។
អ្នករៀបចំកម្មវិធីនេះគ្រោងនឹងបង្ហោះសត្វព្រាប ៧ ម៉ឺនក្បាល នៅពេលចុងបញ្ចប់នៃកម្មវិធីនេះ ដើម្បីជានិមិត្តរូបនៃសន្តិភាព៕