ចិន​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហភាព​អឺរ៉ុប ដើម្បី​តទល់​នឹង​ការ​គំរាម​យក​ពន្ធ​របស់​សហរដ្ឋ​អាមេរិក

  • Ralph Jennings

ប្រធានាធិបតី​ចិន​ Xi Jinping ជួប​ជាមួយ​ប្រធានាធិបតី​កម្មការ​​សហភាព​អឺរ៉ុប​​ Jean-Claude Juncker និង​ប្រធានាធិបតី​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Donald Tusk អំឡុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​១៦​ កក្កដា ឆ្នាំ ២០១៨។

អ្នក​វិភាគ​នានា​អះអាង​ថា ចិន​បាន​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​សហភាព​អឺរ៉ុប និង​បន្ទាប់​មក​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា និង​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​តតាំង​ជាមួយ​នឹង​ការ​គំរាម​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​យក​ពន្ធ​លើ​ទំនិញ​របស់​ខ្លួន។

ប្រទេស​ចិន​បាន​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​សហភាព​អឺរ៉ុប​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​ខ្លួន​កំពុងតែ​ពង្រីក​ទីផ្សារ​ធំៗ​បន្ថែម​ទៀត​ដើម្បី​រក្សា​ការ​នាំ​ចេញ​របស់​ខ្លួន​ឲ្យ​បាន​រឹងមាំ ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដាក់​កំហិត​ពន្ធ​គយ​លើ​ទំនិញ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

នៅ​ឯ​កិច្ច​ប្រជុំ​រវាង​ក្រុម​មេដឹកនាំ​ចិន និង​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​លើក​ទី ២០ នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា​កន្លង​ទៅ​នេះ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​និយាយ​ថា ប្រទេស​របស់​លោក​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទ្វេភាគី។

ចំណែក​ឯ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang វិញ បាន​បញ្ជាក់​នៅ​ឯ​កិច្ច​ប្រជុំ​នោះ​ថា នា​ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បាន​កាត់​ពន្ធ​គយ​លើ​ការ​នាំ​ចូល​រថយន្ត ថ្នាំពេទ្យ និង​ផលិតផល​ប្រើប្រាស់​ផ្សេងៗ​ពី​សហភាព​អឺរ៉ុប។

សហភាព​អឺរ៉ុប ដែល​មាន​ប្រទេស​ចំនួន ២៨ ជា​សមាជិក ដែល​ក្នុង​នោះ​មាន​ទាំង​ប្រទេស​អ្នក​មាន​បំផុត​មួយ​ចំនួន​ផង​ដែរ​នៅ​លើ​ពិភពលោក បាន​ទទួល​ទឹក​ប្រាក់​ចំនួន ៤៣៧ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​មុន ដែល​ស្មើ​នឹង​ចំនួន ២០ ភាគរយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​សរុប​របស់​ខ្លួន​ដែល​ទទួល​បាន​ពី​បរទេស។

មន្ត្រី​រដ្ឋាភិបាល​ចិន​ក៏​បាន​សន្យា​ផង​ដែរ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក Felix Yang អ្នក​វិភាគ​មួយ​រូប​នៃ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ Kapronasia នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន បាន​និយាយ​ថា៖ «សហភាព​អឺរ៉ុប​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ចិន។ ស្រប​ពេល​ដែល​ការ​យក​ពន្ធ​គយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ប៉ះពាល់​ដល់​ក្ដី​រំពឹង​ទុក​នៃ​សេដ្ឋកិច្ច​ចិន សហភាព​អឺរ៉ុប​កំពុង​ក្លាយ​ទៅ​ជា​ទីផ្សារ​ដ៏​សំខាន់​ជាង​មុន​មួយ​សម្រាប់​ប្រទេស​ចិន»។

ការ​ត្រៀម​ទុក​ក្នុង​ករណី​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម ​កើត​ឡើង

ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​បាន​ឈាន​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​សេដ្ឋវិទូ​នានា​ហៅ​ថា «សង្គ្រាម​ពាណិជ្ជកម្ម» នៅ​ក្នុង​រយៈពេល​ភាគ​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ។ ប្រធានាធិបតី​អាមេរិក​លោក Donald Trump ជឿ​ថា ប្រទេស​ចិន​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌ ដោយ​ធ្វើ​ឲ្យ​ចិន​ទទួល​បាន​ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​ចំនួន ៣៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ឆ្នាំ ២០១៧។

នៅ​ក្នុង​ខែ​នេះ លោក Trump បាន​សម្រេច​យក​ពន្ធ​គយ​ចំនួន ២៥ ភាគរយ លើ​ការ​នាំ​ចូល​ទំនិញ​ជាង ៨ រយ​ប្រភេទ​ពី​ប្រទេស​ចិន។ ពន្ធ​គយ​ដែល​លោក Trump បាន​យក​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រហែល ៣៤ ពាន់​លាន​ដុល្លារ​អាមេរិក។ លោក Trump បាន​គំរាម​យក​ពន្ធ​គយ​លើ​ទំនិញ​ចិន​ផ្សេង​ទៀត​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៤៥០ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ធ្វើ «ការ​វាយ​ប្រហារ​តបត​វិញ​ដោយ​ចាំបាច់»។

ប្រទេស​ចិន​ចាត់ទុក​សហរដ្ឋ​អាមេរិក​ថា​ជា​ដៃគូ​ពាណិជ្ជកម្ម​លេខ​មួយ​របស់​ខ្លួន ប៉ុន្តែ​ទីផ្សារ​ធំៗ​ផ្សេង​ទៀត​ដូចជា​សហភាព​អឺរ៉ុប ប្រទេស​ឥណ្ឌា និង​តំបន់​អាស៊ី​អាគ្នេយ៍​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ចិន​ផង​ដែរ។ កិច្ច​ប្រជុំ​របស់​ក្រុម​មេដឹកនាំ​ចិន​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា​កន្លង​ទៅ​នេះ អាច​ជួយ​ប្រទេស​ចិន​ឲ្យ​ពង្រឹង​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​សហភាព​អឺរ៉ុប​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេដ្ឋវិទូ​នានា។

លោក Song Seng Wun សេដ្ឋវិទូ​នៃ​ធនាគារ​ឯកជន CIMB នៅ​ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «ប្រទេស​ចិន​ត្រូវ​ស្វែងរក​ឱកាស​នានា​ដើម្បី​ពង្រីក​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​បន្ទាប់​របស់​ខ្លួន។ ក្នុង​ករណី​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​រីក​សាយភាយ​ឡើង វា​ជា​ការណ៍​ល្អ​ដែល​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​នឹង​ដៃគូ​ពាណិជ្ជកម្ម​ដែល​នៅ​សេសសល់​របស់​ខ្លួន​អាច​មាន​ភាព​ប្រសើរ​ឡើង ហើយ​នៅ​ក្នុង​រយៈពេល​ជា​បន្ត​ខាង​មុខ សង្ឃឹម​ថា​វា​នឹង​មាន​លក្ខណៈ​ប្រសើរ​ឡើង​មួយ​ចំនួន​ជា​មិន​ខាន»។

ប្រទេស​ចិន​នឹង​ត្រូវការ​ទ្វីប​អឺរ៉ុប​ដើម្បី​ទិញ​បច្ចេកវិទ្យា​ដែល​សហរដ្ឋ​អាមេរិក​អាច​លក់ ប្រសិនបើ​ទំនាក់ទំនង​មាន​ភាព​ប្រសើរ​ជាង​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Liang Kuo Yuan ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ Polaris ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

លោក​បាន​បន្ថែម​ថា ឥឡូវ​នេះ ការ​គំរាមកំហែង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​បង្អាក់​ប្រទេស​ចិន​មិន​ឲ្យ​សម្រេច​បាន​ឲ្យ​បាន​ឆាប់​នូវ​បច្ចេកវិទ្យា​សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ។

លោក Liang Kuo Yuan និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​ប្រទេស​ចិន​មិន​អាច​អភិវឌ្ឍ​បច្ចេកវិទ្យា​ដោយ​ខ្លួន​ឯង​ផ្ទាល់ ប្រទេស​ចិន​នឹង​នៅតែ​ស្វែងរក​បច្ចេកវិទ្យា​ពី​បស្ចិម​ប្រទេស។ នៅ​ចំណុច​នេះ សហភាព​អឺរ៉ុប​នឹង​ក្លាយជា​ប្រភព​ដ៏​ចម្បង។ ប្រសិនបើ​ផ្លូវ​ងាក​ទៅ​រក​ទ្វីប​អឺរ៉ុប​មិន​មាន​ការ​រារាំង​នោះ​ទេ នោះ​ដំណើរ​យឺតយ៉ាវ​នេះ​នឹង​មិន​សូវ​យឺតយ៉ាវ​ខ្លាំង​ប៉ុន្មាន​ទេ»។

បន្ទាប់ពី​កិច្ច​ប្រជុំ​រវាង​ក្រុម​មេដឹកនាំ​ចិន និង​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​បញ្ចប់​ទៅ ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក Donald Tusk បាន​និយាយ​ថា សហភាព​អឺរ៉ុប​នឹង​ជៀសវាង​មិន​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង។ ក៏​ប៉ុន្តែ សហភាព​អឺរ៉ុប​ដែល​កំពុងតែ​មាន​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​នឹង​ប្រទេស​ចិន​នេះ បាន​តស៊ូ​មតិ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ពាណិជ្ជកម្ម​ពិភពលោក​ថ្មី និង​ឲ្យ​មាន​ការ​កែ​ទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ដូច​ទៅ​នឹង​សហរដ្ឋ​អាមេរិក​ផង​ដែរ ទ្វីប​អឺរ៉ុប​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ការពារ​របស់​ប្រទេស​ចិន​ចំពោះ​បច្ចេកវិទ្យា និង​កម្មសិទ្ធិ​បញ្ញា​ផ្សេងៗ​ទៀត។ កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ សហភាព​អឺរ៉ុប​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ប្រឆាំង​នឹង​ក្បួន​ច្បាប់​របស់​ចិន ដែល​សហភាព​អឺរ៉ុប​អះអាង​ថា «បាន​បំផ្លាញ​ដល់​កម្មសិទ្ធិ​បញ្ញា» របស់​ក្រុមហ៊ុន​អឺរ៉ុប​នានា។

វិបសាយ​របស់​សហភាព​អឺរ៉ុប​បាន​ស្រង់​សម្ដី​របស់​លោក Donadl Tusk ដែល​បាន​និយាយ​ថា សហភាព​អឺរ៉ុប​ចង់ «ធ្វើ​កំណែ​ទម្រង់​ដោយ​ក្លាហាន និង​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​របៀប​រៀបរយ​សាកលលោក​ដែល​ផ្អែក​លើ​ច្បាប់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រទេស​ចិន​រួម​គ្នា​ចាប់ផ្ដើម​ដំណើរការ​នេះ​ដោយ​ការ​កែ​ទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក»។

ប្រទេស​ចិន​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​ការ​ធ្វើ​កំណែ​ទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឯ​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ភាគី​ខាង​អឺរ៉ុប​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ។

ឥណ្ឌា និង​អាស៊ី​អាគ្នេយ៍

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​បញ្ជាក់​កាល​ពី​ខែ​មេសា​ថា ប្រទេស​ចិន​នឹង​រក្សា​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា ដើម្បី​បន្ធូរបន្ថយ​ភាព​ខុស​គ្នា​ផ្នែក​ពាណិជ្ជកម្ម​ដែល​បណ្ដាល​មក​ពី​បញ្ហា​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សារ ដែល​បញ្ហា​នេះ​បណ្ដាល​ឲ្យ​មាន​ឱនភាព​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​ឥណ្ឌា។

លោក Song Seng Wun បាន​និយាយ​ថា តំបន់​អាស៊ី​អាគ្នេយ៍​ប្រហែល​ជា​ក្លាយជា​តំបន់​បន្ទាប់​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ។ ប្រទេស​ចិន និង​សមាគម​អាស៊ាន​ដែល​មាន​ប្រទេស ១០ ជា​សមាជិក កំពុង​ពិភាក្សា​គ្នា​អំពី​គម្រោង​សេដ្ឋកិច្ច​សហប្រតិបត្តិការ​តំបន់​មួយ​ដែល​មាន​ប្រទេស​ចំនួន ១៦ ជា​សមាជិក។ គម្រោង​សេដ្ឋកិច្ច​នេះ​គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​អ្នក​ខ្លះ​យល់​ឃើញ​ថា​ជា​កិច្ច​ព្រមព្រៀង​មួយ​ជំនួស​ឲ្យ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា TPP ដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​កាល​ពី​ឆ្នាំ ២០១៧។

នៅ​ទី​បំផុត ប្រទេស​ដទៃ​ទៀត​ប្រហែល​ជា​ចូលរួម​ជាមួយ​នឹង​ប្រទេស​ចិន​ដើម្បី​តតាំង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយសារតែ​មនុស្ស​ភាគ​ច្រើន​គិត​ថា​នឹង​មាន​បញ្ហា​ពាណិជ្ជកម្ម​កើត​ឡើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Zhao Xijun ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​ហិរញ្ញវត្ថុ​នៃ​សាកលវិទ្យាល័យ Renmin នៅ​ក្នុង​ប្រទេស​ចិន។

សង្គ្រាម​រឿង​ពន្ធ​គយ​ជាមួយ​នឹង​ប្រទេស​ចិន​អាច​រីក​សាយភាយ​ដល់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ទ្វីប​អាស៊ី ហើយ​លោក Trump បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ដទៃ​ទៀត​មាន​ការ​ព្រួយ​បារម្ភ ដោយសារតែ​គោល​នយោបាយ «ផ្ដល់​អាទិភាព​លើ​សហរដ្ឋ​អាមេរិក» របស់​លោក ដែល​ត្រូវ​បាន​ប្រទេស​នានា​ចាត់ទុក​ថា​ជា​គោល​នយោបាយ​ការពារ​តែ​ផលិតផល​ក្នុង​ប្រទេស។

លោក Zhao Xijun បាន​បញ្ជាក់​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ជាមួយ​នឹង​ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា និង​តំបន់​អាស៊ី​អាគ្នេយ៍ នឹង «ត្រូវ​បាន​លើក​កម្ពស់​ជា​បន្ត​រហូត»។ លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង​នោះ​ជាប់​ទាក់ទិន​ទៅ​នឹង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដូច​គ្នា ដែល​មាន «ក្បួន​ច្បាប់» ផ្ទាល់​របស់​ខ្លួន​ដែល​មិន​អាច​រំលោភ​បាន​ដោយ​ប្រទេស​ណា​មួយ​នោះ​ទេ។

លោក Zhao Xijun បាន​និយាយ​ថា៖ «នេះ​មិន​មែន​ជា​បញ្ហា​សាមញ្ញ​នោះ​ទេ។ ខ្សែ​សង្វាក់​ផ្គត់ផ្គង់​មាន​ក្បួន​ច្បាប់​ផ្ទាល់​ខ្លួន​របស់​វា។ វា​មិន​មែន​ជា​អ្វី​ដែល​រដ្ឋាភិបាល​អាមេរិក​អាច​រំលោភ​បាន ដោយសារតែ​ខ្លួន​ចង់​ធ្វើ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា