ចិន​ជំទាស់​នឹង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សំណើ​ច្បាប់​អំពី​តៃវ៉ាន់

  • Reuters

រូប​ឯកសារ៖ ទាហាន​តៃវ៉ាន់​បើក​យានយន្ត​យោធា​កាត់​ក្បែរ​ទង់ជាតិ​តៃវ៉ាន់ ក្នុង​អំឡុង​សមយុទ្ធ​យោធា​មួយ​នៅ​តំបន់​កណ្តាល​កោះតៃវ៉ាន់ កាល​ពិ​ឆ្នាំ​២០១០។

ប្រទេស​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ធ្វើ​ការ «ជំទាស់​តាម​ផ្លូវ​ទូត» ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក បន្ទាប់ពី​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សំណើ​ច្បាប់​មួយ​ដែល​នឹង​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នកស្រី Mao Ning អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​មួយ​ថា ប្រសិនបើ​សំណើ​ច្បាប់​នេះ​នឹង​បន្ត​ក្លាយ​ជា​ច្បាប់ វា​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

អ្នកស្រី Mao Ning ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​អនុម័ត​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​លើ​សំណើ​ច្បាប់​ថ្មី​នេះ​គឺ​ជា​ការ​បញ្ជូន «សញ្ញា​ខុស​ឆ្គង​ធ្ងន់ធ្ងរ​ទៅ​កាន់​កងកម្លាំង​ផ្ដាច់​ខ្លួន​នានា​ដែល​ចង់​ទាមទារ​ឯករាជ្យ​ឱ្យ​កោះ​តៃវ៉ាន់»។

អ្នកស្រី​បាន​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រឿង​នេះ​និង​បាន​ធ្វើការ​ជំទាស់​តាម​ផ្លូវ​ទូត​ប្រឆាំង​នឹង​ភាគី​សហរដ្ឋ​អាមេរិក​ថា នៅ​លើ​ពិភពលោក​នេះ​មាន​ប្រទេស​ចិន​តែ​មួយ​ប៉ុណ្ណោះ ហើយ​តៃវ៉ាន់​គឺ​ជា​ផ្នែក​ដែល​មិន​អាច​កាត់ផ្ដាច់​បាន​នៃ​ដែនដី​របស់​ប្រទេស​ចិន និង​ថា ប្រទេស​ចិន​នឹង​ជំរុញ​ទៅ​មុខ​ដោយ​មិន​ងាករេ​ឱ្យ​មាន​ការ​បង្រួបបង្រួម​ឡើង​វិញ​ទាំងស្រុង​នៃ​ប្រទេស​ចិន​ទាំងមូល»។

កាលពី​ថ្ងៃ​ពុធ គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​ច្បាប់​គោល​នយោបាយ​តៃវ៉ាន់ (Taiwan Policy Act) ឆ្នាំ ២០២២ ក្នុង​សំឡេង ១៧ ទល់​នឹង ៥ បើ​ទោះបីជា​មាន​ក្ដី​បារម្ភ​អំពី​សំណើ​ច្បាប់​នេះ​នៅ​ក្នុង​រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​មាន​ការ​ខឹង​សម្បា​ពី​រដ្ឋាភិបាល​ចិន​អំពី​សំណើ​ច្បាប់​នេះ​ក៏ដោយ។

សំណើ​ច្បាប់​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ជាង​មួយ​ខែ​ក្រោយ​មក បន្ទាប់ពី​ប្រទេស​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី Nancy Pelosi ទៅ​កាន់​ទីនោះ៕