ទីក្រុងទី ៣ របស់ចិន ត្រូវបានបិទមិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលពីព្រោះតែការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ដោយបាននាំឲ្យចំនួនមនុស្សដែលត្រូវស្ថិតនៅក្នុងផ្ទះរបស់ខ្លួននៅក្នុងប្រទេសចិនកើនដល់ប្រហែល ២០ លាននាក់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
គេមិនទាន់ដឹងច្បាស់ថា តើការបិទសកម្មភាពសង្គមនេះមានរយៈពេលប៉ុន្មានថ្ងៃទេនៅក្នុងទីក្រុង Anyang ជាទីក្រុង មានមនុស្សរស់នៅ ៥ លាន ៥ សែននាក់នោះ។ ការធ្វើតេស្តដ៏ធំមួយត្រូវបានធ្វើឡើង នៅពេលណាដែលមានការផ្ទុះឡើងនៅក្នុងប្រទេសចិន។
មនុស្ស ១៣ លាននាក់ផ្សេងទៀត បាននៅជាប់នៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងទីក្រុង Xi'an និង ១ លាន ១ សែននាក់ទៀត នៅក្នុងទីក្រុង Yuzhou ។ ចំណែកនៅទីក្រុងកំពង់ផែ Tianjin ដែលស្ថិតនៅចម្ងាយប្រហែល ១ ម៉ោងពីទីក្រុងប៉េកាំងដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិករដូវរងារពីថ្ងៃទី ៤ ខែកុម្ភៈខាងមុខទៅនោះ កំពុងអនុវត្តការរឹតត្បិតសកម្មភាពផ្សេងៗ។
លោក Huang Chun ជាមន្ត្រីផ្នែកកីឡាទទួលបន្ទុកការត្រួតត្រាជំងឺឆ្លង បាននិយាយថា ក្រុមអ្នករៀបចំចាត់ចែងកំពុងពឹងផ្អែកលើកិច្ចសហប្រតិបត្តិការពីក្រុមអត្ថពលិកនិងមន្ត្រីនានា ដើម្បីរារាំងការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ដែលអាចប៉ះពាល់ដល់អ្នកចូលរួម។
ទីក្រុងហុងកុង ក៏បានប្រកាសពីការបិទសាលាមតេ្តយ្យ និងសាលាបឋមសិក្សា បន្ទាប់ពីករណីឆ្លងត្រូវបានគេរាយការណ៍នៅក្នុងចំណោមសិស្ស។ សាលារៀននឹងត្រូវបានបិទនៅថ្ងៃសុក្រខាងមុខនេះ រហូតយ៉ាងហោចណាស់ដល់ពេលចូលឆ្នាំចិននៅដើមខែកុម្ភៈ។
ទីក្រុងហុងកុង បានរឹតបន្តឹងវិធានការរឹតត្បិតសកម្មភាពនានា ដែលពាក់ព័ន្ធនឹងការរាលដាលនៃជំងឺកូវីដ១៩ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុង ដែលកំពុងកើតឡើងក្នុងសហគមន៍៕