ប្រទេស​ដាក់​កម្រិត​ការ​នាំ​ចេញ​ប្រេង​កាតទៅ​ប្រទេស​កូរ៉េ​ខាង​ជើង

រូបភាពឯកសារ៖ ធុង​ប្រេង​​នៅ​រោងចក្រ Sinopec ខេត្ត Anhui កាលពី​ថ្ងៃទី​៣១ ឧសភា។ ប្រទេស​ចិន​បាន​ប្រកាស​កម្រិត​ផ្គត់​ផ្គង់ប្រេង​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង។

នៅ​ថ្ងៃ​សៅរ៍នេះ​ប្រទេស​ចិន​បានប្រកាស​ថា​ខ្លួន​នឹង​កម្រិត​ការ​ដឹក​ជញ្ជូន​ផលិតផល​ប្រេងកាតទៅ​កាន់ប្រទេសកូរ៉េខាង​ជើងដើម្បី​ធ្វើតាម​ការ​ដាក់ ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​អំពី​កម្មវិធី​បរមាណូ​និង​កម្មវិធី​អភិវឌ្ឍ​កាំ​ជ្រួច​មីស៊ីល​របស់​កូរ៉េខាងជើង។​

ក្រសួង​ពាណិជ្ជកម្ម​ចិន​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ការ​ដឹកជញ្ជូន​ប្រេងកាត​ចំរាញ់​ទៅ​កាន់ប្រទេសកូរ៉េខាង​ជើង​នឹង​ត្រូវ​កម្រិត​ត្រឹម​ពីរលាន​ធុង​ក្នុង​មួយ​ឆ្នាំ​ចាប់តាំងពី​ថ្ងៃ​ទី​១ខែ​តុលាទៅ។ ​ក្រសួង​នេះ​បានថ្លែង​ថា​ការ​លក់ឧស្ម័ន​ធម្មជាតិ​រាវ​ទៅ​ឱ្យប្រទេសនេះនឹង​ត្រូវ​ហាម​ប្រាម​ជា​បន្ទាន់។

សេចក្តី​ថ្លែងការណ៍​នេះ​បាននិយាយ​ថា​ការ​ដឹក​ជញ្ជូន​ប្រេងកាត​ទៅ​លក់ឱ្យ​ប្រទេស កូរ៉េខាង​ជើងសម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​កាំ​ជ្រួចផ្លោង​ឬ​សកម្មភាព​ឯទៀតៗ​របស់​ប្រទេស​នេះបានត្រូវ​ហាមប្រាម​ដោយ​ការ​ដាក់ទណ្ឌកម្មរបស់​អ.ស.ប.។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​នឹង​ហាម​ប្រាម​ការ​ដឹកវាយនភណ្ឌ​ពី​ប្រទេស​កូរ៉េខាងជើង​ជា​បន្ទាន់ដែរ។ ​វាយនភណ្ឌ​ជា​ប្រភព​ប្រាក់ចំណូល​ធំ​ចុង​ក្រោយបង្អស់​របស់​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​នៅក្រោយ​ការ​ដាក់ទណ្ឌកម្ម​មួយ​ចំនួន​ដោយ​អ.ស.ប.ដែល​តាម​រយៈការ​ដាក់ទណ្ឌកម្មទាំង​នោះ​ប្រទេស​ចិន​បាន​ឈប់ទិញ​ធ្យូងថ្ម រ៉ែដែក ​ម្ហូបសមុទ្រនិង​ទំនិញឯទៀតៗ។​

ប្រមាណ៩០ភាគ​រយ​នៃ​ពាណិជ្ជកម្ម​កូរ៉េខាង​ជើង​មានធ្វើជាមួយ​ប្រទេស​ចិន។កិច្ចសហប្រតិបត្តិការ​បែប​នេះ​មាន​សារៈសំខាន់សម្រាប់រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង​ ហើយ​ការ​ដាក់ទណ្ឌកម្ម​ថ្មីៗ​បំផុត​បានបង្កើន​គំនាប​សង្កត់ខ្លាំង​លើ​ប្រទេស​កុម្មុយនិស្តនេះ​ឱ្យ​បោះបង់​ចោល​ការ​អភិវឌ្ឍន៍​អាវុធបរមាណូ​និង​កាំជ្រួច​មីស៊ីល​មាន​វង់ប្រតិបត្តិ​ការ​ឆ្ងាយ។​

ពួក​មេដឹកនាំចិនបានការពារ​ប្រទេស​កូរ៉េខាង​ជាយូរ​មក​ហើយ ក៏ប៉ុន្តែ​បានសម្តែង​ការ​តប់ប្រមល់ខ្លាំងឡើងៗ​ជា​មួយ​រដ្ឋាភិបាល​របស់ Kim Jong Un៕