ចិនបានសម្តែងនូវការរន្ធត់កាលពីថ្ងៃពុធអំពីការសម្រេចរបស់រដ្ឋបាលប្រធានាធិបតីត្រាំដើម្បីប្រុងប្រៀបយកពន្ធគយ១០ភាគរយលើទំនិញនាំចូលរបស់ចិនដែលមានតម្លៃ២រយពាន់លានដុល្លារលើផលិតផលចំនួនរាប់ពាន់មុខ ដែលជាចំណាត់ការថ្មីៗនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ធំរវាងប្រទេស២ដែលមានសេដ្ឋកិច្ចដ៏ធំបង្អស់របស់ពិភពលោក។
ក្រសួងពាណិជ្ជកម្មចិនបានហៅការសម្រេចនេះជាការមិនអាចទទួលយកបានទាំងស្រុងហើយបានសន្យាធ្វើការឆ្លើយតប។
ពន្ធគយដែលស្នើឡើងថ្មីដោយសហរដ្ឋអាមេរិកកើតមានឡើងបន្ទាប់ពីការសម្រេចដើម្បីយកពន្ធគយ២ដំណាក់ការដែលមានតម្លៃជាប្រាក់៥០ពាន់លានដុល្លារលើទំនិញរបស់ចិន។ លោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា រដ្ឋ បាលរបស់លោកត្រាំបានជំរុញប្រកបដោយការអត់ធ្មត់ឲ្យចិនបញ្ឈប់ការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវរបស់ខ្លួន បើកទីផ្សាររបស់ចិនហើយនិងចូលរួមក្នុងការប្រកួតប្រជែងទីផ្សារដោយពិតប្រាកដ។
លោក Lighthizer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានប្រកាសពីការយកពន្ធគយនោះថា «ជាជាងឆ្លើយតបការព្រួយកង្វល់ខាងផ្លូវច្បាប់របស់យើង ចិនបានចាប់ផ្តើមធ្វើការសងសឹកប្រឆាំងផលិតផលសហរដ្ឋអាមេរិក។ មិនមានការបង្ហាញឲ្យឃើញថាត្រូវចំពោះសកម្មភាពបែបនេះទេ»។
ការយកពន្ធគយដែលបានស្នើឡើងទើបតែកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋបាលរបស់លោកត្រាំបានយកពន្ធគយ២៥ភាគរយលើផលិតផលចិនជាង៨រយមុខដែលមានតម្លៃប្រហែល៣៤ពាន់លានដុល្លារ ដោយលើហេតុផលអ្វីដែលអាមេរិកហៅថា ការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ និងការលួចកម្មសិទ្ធបញ្ហាដោយប្រទេសចិន៕