ចិន​ចេញ​ការ​ព្រមាន​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ស.រ.អា.​នៅពេល​​ការ​តាន​តឹង​ពាណិជ្ជកម្ម​រីក​កាន់​តែ​ធំឡើង

លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ចិន​ឆ្លើយ​សំណួរ​អំពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កូរ៉េ​ខាង​ជើង ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

ស្ថាន​ទូត​ចិន​ក្នុង​រដ្ឋាភិបាល​វ៉ាស៊ីនតោន​បាន​ចេញ​ការ​ព្រមាន​មួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​នៅពេល​ដែល​មានការ​តាន​តឹង​ខាង​ពាណិជ្ជ​កម្ម​រីកកាន់​តែ​ធំឡើង​រវាង​ប្រទេស​ទាំង២។

ស្ថាន​ទូត​ចិន​បាន​ព្រមាន​អ្នក​ទេសចរណ៍​ចិនពី​បញ្ហា​នានា​ដូចជា តម្លៃ​ពេទ្យ​ថ្លៃ ​អំពើហិង្សា​ដោយ​ការ​បាញ់​ប្រហារ​និង​ចោរប្លន់ ​ការ​ចាប់​ខ្លួនដោយ​ភ្នាក់​ងារ​គយ​ និង​មហន្ត​រាយ​ធម្មជាតិ។

​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​ទូត​ចិន​ដែល​បាន​ចេញផ្សាយ​កាល​ពី​សប្តាហ៍​មុន​បាន​ប្រាប់​ឲ្យ​ដឹងថា «សន្តិសុខ​សាធារណៈ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មិន​ល្អទេ។ ករណី​នៃ​ការ​បាញ់​ប្រហារ ​ប្លន់​ និងចោរលួច​កើត​មាន​ឡើង​ជារឿយៗ»។

ការ​ព្រមាន​នោះ​កើត​មាន​ឡើង​នៅពេល​ដែល​ការ​តានតឹង​រាលដាល​កាន់​តែ​ធំ​ឡើង​រវាង​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ធំបំផុត២​របស់​ពិភពលោក​លើការ​គំរាម​កំហែង​ពន្ធ​គយ​ពាណិជ្ជកម្ម។

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​កំពុង​រៀប​ចំ​ផែនការ​យក​ពន្ធគយ​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ៣៤​ពាន់​លាន​ដុល្លារ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ហើយ​ចិន​កំពុង​សន្យា​ធ្វើ​ការ​ឆ្លើយតប​ដោយ​យក​ពន្ធគយ​លើ​ចំនួន​ដូច​គ្នានៅ​ថ្ងៃ​ដូច​គ្នា។

ប្រធានា​ធិបតី​ត្រាំ​បាន​គំរាម​កំហែង​ពង្រីក​ជម្លោះ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ដោយ​យក​ពន្ធគយ​លើ​ទំនិញ​ចិន​ដែល​មាន​តម្លៃ​៤រយពាន់​លានដុល្លារ ​ប្រសិន​បើ​រដ្ឋាភិ​បាល​ក្រុង​ប៉េកាំង​ធ្វើ​ការ​សងសឹក​នៅ​ថ្ងៃ​សុក្រ។

នៅពេល​ដែល​គេសួរ​កាល​ពី​ថ្ងៃ​អង្គារ​ថាតើ​ពេល​វេលា​នៃ​ការ​ព្រមាន​ការ​ធ្វើ​ដំណើរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​ជា​រឿង​នយោបាយ​ដែរ​ឬទេ ​លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួងការ​បរទេស​ចិន ​បាន​និយាយថា ​ស្ថាន​ទូត​មាន​កាតព្វកិច្ច​ចេញ​ការ​ប្រុងប្រយ័ត្ន​ពីព្រោះ​រដូវក្តៅ ​ជា​រដូវ​ធ្វើ​ដំណើរ​ដ៏​ខ្លាំង​សម្រាប់​អ្នក​ទេសចរណ៍​ចិន​ទៅ​ទស្សនា​សហរដ្ឋ​អាមេរិក។

ការ​ព្រមាន​របស់​ចិន​កើត​មាន​ឡើង​នៅពេល​ដែល​ការ​ពិនិត្យ​ពិច្ច័យ​ខាងអន្តោប្រ​វេសន៍​លើ​ភ្ញៀវ​ទេសចរណ៍​ចូល​ក្នុង​សហរដ្ឋ​អាមេរិក​កំពុង​កើន​ឡើង​ហើយ​អំពើ​ហិង្សា​ដោយ​ការ​ប្រើកាំភ្លើង​កើន​ឡើង​ដែរ៕