រដ្ឋមន្រ្តីការពារប្រទេសចិនបានអំពាវនាវឲ្យមានការបន្តកិច្ចប្រឹងប្រែងដើម្បីការពារសន្តិភាព និងស្ថេរភាពក្នុងតំបន់ ក៏ប៉ុន្តែបានបញ្ចៀសការពិភាក្សាជម្លោះទឹកដីដ៏ចម្រូងចម្រាស់នៅថ្ងៃសុក្រនេះ នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបរបស់រដ្ឋមន្រ្តីការពារប្រទេសតំបន់អាស៊ីអាគ្នេយ៍។
មេដឹកនាំចិនមិនត្រូវគេរំពឹងថា នឹងថ្លែងសុន្ទរកថាជាសាធារណៈស្តីពីការទាមទារទឹកដីមានជម្លោះក្នុងអំឡុងពេលនៃជំនួបក្រៅផ្លូវការរបស់រដ្ឋមន្រ្តីការពារប្រទេសមកពីប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាននោះទេ។
ប្រទេសមួយចំនួននៅក្នុងសមាគមអាស៊ានគឺហ្វីលីពីន និងវៀតណាមបានទាមទារទឹកដីត្រួតស៊ីគ្នាជាមួយចិននៅក្នុងសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង មានការស្ទាក់ស្ទើរប្រើប្រាស់វេទិកាបែបនេះដើម្បីពិភាក្សាលើបញ្ហានេះ។
លោក Chang Wanquan រដ្ឋមន្រ្តីការពារប្រទេសចិនមិនបាននិយាយឡើងវិញពីជម្លោះនៅក្នុងសេចក្តីថ្លែងការណ៍បើកជំនួបនោះទេ។ ផ្ទុយទៅវិញ លោកបានអំពាវនាវដល់ប្រទេសជាតិនានានៅតំបន់អាស៊ីអាគ្នេយ៍ឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង ហើយនិងការប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីដោះស្រាយបញ្ហាសន្តិសុខ ដូចជាភេរវកម្ម។
លោក Chang បាននិយាយនៅក្នុងសុន្ទរកថា៣-៤នាទីមុនដំបូងថា «ចិនមានបំណងធ្វើកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនាជាមួយក្រសួងការពារប្រទេសអាស៊ានដើម្បីការពារសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ហើយរួបរួមគ្នាដើម្បីបង្កើតបរិយាកាសសន្តិសុខដ៏ល្អមួយ»។
ចិនបានធ្វើការជាមួយសមាគមអាស៊ានអស់រយៈពេលជាច្រើនឆ្នាំមកហើយលើវិធីសាស្រ្តដែលបានអូសបន្លាយយ៉ាងយូរដើម្បីជួយបន្ធូរបន្ថយភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង។ នៅក្នុងដំណើរការនេះ ចិនកាន់តែគគ្លើនឡើងៗក្នុងការការពារលើការទាមទារផ្លូវនាវាចរណ៍របស់ខ្លួន៕