ទីភ្នាក់ងារ​ព័ត៌មាន Xinhua ថា រដ្ឋាភិបាល​ចិន​បាន​បិទ​វេបសាយ​ចំនួន ១ ម៉ឺន ៣ ពាន់ តាំង​ពី​ឆ្នាំ ២០១៥ មក

រូបភាពឯកសារ៖ ទស្សនិកជន​កំពុង​នៅ​តូប​របស់​ក្រុម​ហ៊ុន​បណ្តាញ​សង្គម​មួយ​នៅ​ក្នុ​ង​សន្និសីទ​អ៊ីនធឺណិត​ទូរសព្ទ​កាលពី​ឆ្នាំ​២០១៦ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

រដ្ឋាភិបាល​ចិន​បាន​បិទ ឬ​ក៏​ដក​ហូត​អាជ្ញាបណ្ណ​នៃ​វេបសាយ​ចំនួន ១ ម៉ឺន ៣ ពាន់ តាំង​ពី​ឆ្នាំ ២០១៥ មក ដោយសារតែ​វេបសាយ​ទាំង​នោះ​បាន​រំលោភ​ច្បាប់​អ៊ីនធឺណិត​របស់​ប្រទេស។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ព័ត៌មាន Xinhua នៅ​ថ្ងៃ​អាទិត្យ​នេះ។

ដំណឹង​នេះ​បាន​កើត​ឡើង ស្រប​ពេល​ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​បន្ត​ពង្រឹង​ច្បាប់​អ៊ីនធឺណិត​ដ៏​តឹងតែង​រួច​ទៅ​ហើយ​របស់​ខ្លួន​បន្ថែម​ទៀត។ អ្នក​រិះគន់​នានា​បាន​និយាយ​ថា វិធានការ​នេះ​មាន​ការ​កើន​ឡើង​តាំង​ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ឡើង​កាន់​អំណាច​កាល​ពី​ឆ្នាំ ២០១២ មក។

គណនី​អ៊ីនធឺណិត​ជិត ១០ លាន​គណនី ក៏​ត្រូវ​បាន​បិទ​ផង​ដែរ ដោយសារតែ​បាន «រំលោភ​ទៅ​លើ​លក្ខខណ្ឌ​ប្រើប្រាស់‍»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដដែល​នេះ ដែល​ចង់​សំដៅ​ទៅ​លើ​គណនី​របស់​អ្នក​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​សង្គម​តាម​អ៊ីនធឺណិត។

របាយការណ៍​ឆ្នាំ ២០១៥ មួយ​របស់​អង្គការ Freedom House របស់​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា ទោះបីជា​មាន​ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​ក៏​ដោយ ក៏​ប្រទេស​ចិន​ជា​ប្រទេស​មួយ​ដែល​មាន​គោល​នយោបាយ​ប្រើប្រាស់​អ៊ីនធឺណិត​តឹងតែង​បំផុត​ក្នុង​ចំណោម​ប្រទេស​ចំនួន ៦៥ ដែល​អង្គការ Freedom House នេះ​បាន​ធ្វើ​ការ​សិក្សា ដោយ​ក្នុង​នោះ ប្រទេស​ចិន​មាន​ចំណាត់ថ្នាក់​ទាប​ជាង​ប្រទេស​អ៊ីរ៉ង់ និង​ស៊ីរី​ទៅ​ទៀត។

សម្រាប់​ឆ្នាំ ២០១៧ នេះ​ផ្ទាល់ ប្រទេស​ចិន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ថ្មី​មួយ​ចំនួន ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​នានា​ផ្ទុក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន ដាក់​កំហិត​ចំពោះ​អត្ថបទ​ទាក់ទាញ​ថ្មីៗ​នៅ​លើ​អ៊ីនធឺណិត និង​ធ្វើ​ឲ្យ​កាន់តែ​លំបាក​សម្រាប់​អ្នក​ណា​ដែល​ចង់​ប្រើ​កម្មវិធី​កុំព្យូទ័រ​នានា​ដើម្បី​អាច​ប្រើប្រាស់​វេបសាយ​ណា​ដែល​រដ្ឋាភិបាល​ចិន​ហាម​ឃាត់​បាន៕