ប្រទេសចិន មានការវិនិយោគតិចតួចនៅក្នុងឧបទ្វីប Balkans ភាគខាងលិចបើប្រៀបធៀបទៅនឹងសហភាពអឺរ៉ុប ប៉ុន្តែអ្នកតាមដានស្ថានការណ៍និយាយថា មានក្តីបារម្ភកាន់តែច្រើនអំពីទំហំនៃឥទ្ធិពលចិនភ្ជាប់នឹងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកដែលរដ្ឋាភិបាលក្រុងប៉េកាំង បានវិនិយោគនៅក្នុងតំបន់នេះ ចាប់តាំងពីឆ្នាំ២០០៥ មក។
ទោះជាយ៉ាងនេះក៏ដោយ អ្នកតាមដានស្ថានការណ៍ផ្សេងទៀតនិយាយថា ឥទ្ធិពលចិន ត្រូវបានគេបំផ្លើសនៅអឺរ៉ុបភាគអាគ្នេយ៍នេះ។
ការប៉ាន់ស្មានផ្នែកហិរញ្ញវត្ថុ មានខុសគ្នាៗ។ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ថា ជាមធ្យម ចិនវិនិយោគទឹកប្រាក់ប្រមាណ ១ពាន់ លានដុល្លារអាមេរិកនៅក្នុងតំបន់នេះប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១១ មក ប៉ុន្តែវិទ្យាស្ថានសហគ្រាសអាមេរិកបានប៉ាន់ស្មានថា ទឹកប្រាក់វិនិយោគប្រចាំឆ្នាំ មានចំនួនស្មើៗគ្នាចាប់តាំងពីឆ្នាំ២០០៥ មក។ មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានផ្តល់តួលេខជិតដល់ ១,៨ ពាន់ លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ចាប់តាំងពីឆ្នាំ២០១២ មក។
ទោះជាយ៉ាងនេះក៏ដោយ អ្នកជំនាញយល់ស្របថា ការវិនិយោគរបស់ចិននៅក្នុងឧបទ្វីប Balkan ភាគខាងលិចប្រមាណ ៨០% រួមទាំងគម្រោងនៅក្នុងប្រទេសអាល់បានី ប្រទេសបូស្ន៊ី និងហឺហ្ស៊េហ្គោវីណា កូសូវ៉ូ ម៉ុងតេណេហ្គ្រោ និងម៉ាសេដ្វានខាងជើង ធ្លាក់ទៅប្រទេសស៊ែប៊ី។
ទោះជាការវិនិយោគចិនមានចំនួនប្រមាណតែ ១% នៃការវិនិយោគបរទេសប្រចាំឆ្នាំនៅក្នុងប្រទេសស៊ែប៊ី ហើយការវិនិយោគរបស់អឺរ៉ុបមានចំនួន ៧០% ក៏ដោយ ការស្ទង់មតិនៅខែមិថុនា ឆ្នាំ២០២០ ដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិបង្ហាញថា ជនជាតិស៊ែបចំនួន ៧១% គិតថា ចិនជាដៃគូសេដ្ឋកិច្ចសំខាន់នៅក្នុងតំបន់។
អ្នកជំនាញថ្នាក់តំបន់មានការបារម្ភ
នៅក្នុងសន្និសីទប៊ែលក្រាដស្តីពីឥទ្ធិពលចិននាពេលថ្មីៗនេះនៅក្នុងតំបន់ អ្នកជំនាញមួយចំនួនថា មតិយោបល់សាធារណៈដែលពេញចិត្តការវិនិយោគរបស់ចិនជាជាងពីអឺរ៉ុបខាងលិចរងសម្ពាធពីវោហារសាស្ត្រនយោបាយ។

រូបឯកសារ៖ បុរសម្នាក់កាន់ទង់ជាតិស៊ែប៊ី អំឡុងការជួបជុំមួយក្នុងទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ សកម្មជនចោទអាជ្ញាធរប្រជានិយមស៊ែប៊ីថា អនុញ្ញាតឱ្យអ្នកវិនិយោគបរទេសភាគច្រើនមកពីប្រទេសចិននោះ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានរបស់ប្រទេស។
លោក Vuk Vuksanović អ្នកជំនាញលើបញ្ហាចិន អឺរ៉ុប និងឧបទ្វីប Balkans ខាងលិចនៅមជ្ឈមណ្ឌលប៊ែលក្រាដសម្រាប់គោលនយោបាយសន្តិសុខ បានថ្លែងក្នុងសម្តីដើមថា «ផ្នែកល្អមួយនៃការគាំទ្រចិន កើតចេញពីវីរជននយោបាយស៊ែប៊ី និងប្រព័ន្ធផ្សព្វផ្សាយ ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោលពីវីរជនស៊ែប៊ីទាំងនោះ។ ដូច្នេះ ក្នុងន័យនេះ ចិនមិនមានយុទ្ធនាការច្រើនលើសលុបដើម្បីបង្ហាញពីរូបភាពរបស់ខ្លួននៅស៊ែប៊ីនោះទេ ដោយសារតែហេតុផលដ៏សាមញ្ញមួយដែលចិនមិនចាំបាច់ធ្វើ។ ចិន មានរដ្ឋាភិបាលស៊ែប៊ី [ធ្វើ] កិច្ចការទាំងនេះ ហើយជាក់ស្តែង ការយល់ឃើញចំពោះចិនមានលក្ខណៈវិជ្ជមាន នៅក្នុងសាធារណមតិស៊ែប៊ី»។
លោក Stefan Vladisavljev នៃមូលនិធិប៊ែលក្រាដសម្រាប់ភាពឥតខ្ចោះនៃនយោបាយថា អ្នកតាក់តែងច្បាប់ និងមន្ត្រីក្នុងតំបន់មួយចំនួន ពេញចិត្តការវិនិយោគរបស់ចិនជាង ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំង ទាមទារឱ្យមានកាតព្វកិច្ចតិចជាង ពីមន្ត្រីក្នុងតំបន់ និងអ្នកអនុវត្តនៅមូលដ្ឋាន។
លោក Vladisavljev ថ្លែងដោយសំដៅដល់គោលការណ៍វិនិយោគដែលតម្រូវឱ្យរដ្ឋាភិបាល និងអាជីវកម្មថ្នាក់តំបន់បង្ហាញថា ពួកគេគោរពតាមស្តង់ដារសហភាពអឺរ៉ុបថា «នៅពេល [ចិន] ទាក់ទងប្រទេសទាំងនោះ ដែលជាទូទៅជាប្រទេសកំពុងអភិវឌ្ឍន៍ [ចិន] ផ្តល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលជារឿយៗ ត្រូវបានយល់ព្រមតាមវិធីមិនមានតម្លាភាពមួយចំនួន។ ពួកគេមកដោយមិនមានលក្ខខណ្ឌ ហើយវាមានការទាក់ទាញ»។
លោក Vladisavljev បានថ្លែងក្នុងសម្តីដើមថា «ប្រសិនបើអ្នកណាម្នាក់មិនបានដាក់សម្ពាធនយោបាយដល់អ្នកឱ្យមានកំណែទម្រង់ជាក់លាក់ និងបង្ហាញការគោរពចំពោះការប្រកួតប្រជែង ឬនីតិរដ្ឋនោះទេ អ្នកនឹងសប្បាយរីករាយនឹងអនុវត្តគម្រោងទាំងនោះ»។
ក្រុមមន្ត្រីនៅស្ថានទូតចិននៅក្នុងរដ្ឋធានីប៊ែលក្រាដ មិនបានឆ្លើយតបចំពោះការស្នើសុំការបកស្រាយ ជាច្រើនដងនោះទេ។
លោក Vladisavljev ថា គេព្យាករណ៍ថា ក្នុងរយៈពេល ២០ ឆ្នាំ ប្រទេសស៊ែប៊ី នឹងមានប្រាក់កម្ចីចិនជាង ៧,៩ ពាន់លានដុល្លារអាមេរិក។ លោកបន្ថែមថា មុនពេលមានបំណុលបន្ថែមពីរដ្ឋាភិបាលក្រុងប៉េកាំង ប្រទេសស៊ែប៊ី គួរតែធានាឱ្យបានថា មានការការពារសម្រាប់ពលករស៊ែប ដោយលោកចង្អុលបង្ហាញពីការអនុវត្តពលកម្មបែបកេងប្រវ័ញ្ចនៅក្នុងក្រុមហ៊ុនសំបកកង់ Shandong Linglong Tire Co. របស់ចិនក្នុងទីក្រុង Zrenjanin ដែលត្រូវចំណាយពេលតិចជាងមួយម៉ោងដើម្បីធ្វើដំណើរពីរដ្ឋធានីប៊ែលក្រាដទៅទីនោះ។ នៅក្នុងទីក្រុង Zrenjanin កម្មករទេសន្តរប្រវេសន៍វៀតណាមមិនបានទទួលប្រាក់ឈ្នួលនោះទេ និងកំពុងរស់នៅក្នុងអគារដែលមិនមានកម្តៅ។
លោក Vladisavljev បានថ្លែងក្នុងសម្តីដើមថា «ឥឡូវនេះ យើងកំពុងនិយាយអំពីសិទ្ធិរបស់កម្មករវៀតណាម ហើយថ្ងៃក្រោយ អាចជាវេនរបស់កម្មករស៊ែបរបស់យើងម្តង»។
ក្រុមហ៊ុន Linglong Tire មិនបានឆ្លើយតបចំពោះការស្នើសុំជាច្រើនដងសម្រាប់ការបកស្រាយចំពោះការចោទប្រកាន់ពីការអនុវត្តពលកម្មមិនល្អ ហើយក្រុមមន្ត្រីនៅស្ថានទូតចិនក្នុងរដ្ឋធានីប៊ែលក្រាដ ក៏មិនឆ្លើយតបដែរ។
មេដឹកនាំស៊ែប៊ី ដូចជាអ្នកស្រីនាយករដ្ឋមន្ត្រី Ana Brnabic បាននិយាយសម្រាលស្ថានការណ៍អំពីព័ត៌មានពីរោងចក្រសំបកកង់នេះ ដោយអះអាងថា ការផ្សព្វផ្សាយអាក្រក់ៗពីសារព័ត៌មានទាំងនេះ ត្រូវបានរៀបចំឡើង«ដោយអ្នកដែលប្រឆាំងនឹងការវិនិយោគរបស់ចិន» នៅក្នុងប្រទេសស៊ែប៊ី ដែលនេះ ជាការសំដៅដល់ការរិះគន់ជារឿយៗពីប្រទេសលោកខាងលិច ដែលថា គម្រោងចិននៅទីនោះ មិនមានតម្លាភាពបែបការិយាល័យធិបតេយ្យ មានមន្ទិលសង្ស័យជាប្រព័ន្ធ និងត្រូវបានរៀបចំឡើងដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ចិននៅអឺរ៉ុប។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីស៊ែប៊ីអ្នកស្រី Ana Brnabic ស្វាគមន៍រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មុនពេលកិច្ចប្រជុំនៅវិមាន Serbia ក្នុងទីក្រុងប៊ែលក្រាដ ប្រទេសស៊ែប៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។
អ្នកស្រីបានលើកឡើងក្នុងរបាយការណ៍សារព័ត៌មានថា «កាលពីដំបូង គេផ្តោតលើបញ្ហាបរិស្ថាន។ ឥឡូវនេះ ពួកគេផ្តោតលើបញ្ហាកម្មករវិញ។ នៅថ្ងៃស្អែក គេនឹងលើកពីបញ្ហាអ្វីមួយផ្សេងទៀត»។
លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ី បានថ្លែងថា អធិការការងារ ត្រូវបានបញ្ជូនទៅទីក្រុង Zrenjanin ប៉ុន្តែ បានត្រឹមតែរកឃើញអ្វីដែលគេរំពឹងទុក។
លោក Vucic បានសួរថា «តើពួកគេចង់បានអ្វី? តើពួកគេចង់ឱ្យយើងបំផ្លាញការវិនិយោគដែលមានទឹកប្រាក់ ៩០០ លានដុល្លារនេះឬ?»។ លោកបានបន្ទរភាគច្រើនតាមអ្នកគាំទ្រការវិនិយោគចិនដែលនិយាយថា វាជួយធ្វើឱ្យមានស្ថិរភាពក្នុងតំបន់តាមរយៈការបង្កើតការងារ។
តួនាទីរបស់សហភាពអឺរ៉ុប
រហូតមកដល់ពេលថ្មីៗនេះ ប្រទេសលោកខាងលិច មានការឆ្លើយតបតិចតួចចំពោះឥទ្ធិពលចិននៅក្នុងតំបន់។ ក្រុមមន្ត្រីសហភាពអឺរ៉ុបនាពេលថ្មីៗនេះ ទើបតែបង្ហាញពីការវិនិយោគនៅក្នុងឧបទ្វីប Balkans ខាងលិច ដូចជាទឹកប្រាក់ចំនួន ៤៦ ពាន់លានដុល្លារដែលត្រូវបានប្រកាសនាពេលថ្មីៗនេះ សម្រាប់ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាគោលដៅនៅក្នុងតំបន់ ដើម្បីជាផ្នែកគន្លឹះមួយនៃការឆ្លើយតបរបស់ប្រទេសលោកខាងលិចចំពោះគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន (BRI)។ ប៉ុន្តែលោក Igor Novakovic នៃមជ្ឈមណ្ឌលកិច្ចការសន្តិសុខ និងអន្តរជាតិមានមូលដ្ឋានក្នុងរដ្ឋធានីប៊ែលក្រាដថ្លែងថា ការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប ជារឿយៗ មានការលំបាកនឹងទទួលបានជាងការវិនិយោគចិន។
លោកបានប្រាប់ VOA ក្នុងសម្តីដើមថា «ជាមួយនឹងកិច្ចសហការ [រវាងស៊ែប៊ី និងចិនដែលមានជាយូរមកហើយ] គេអាចទទួលបានប្រាក់យ៉ាងលឿន និងធ្វើការបានយ៉ាងលឿន ប៉ុន្តែសំណួរអំពីតម្លៃ និងផលប៉ះពាល់អវិជ្ជមានសម្រាប់បរិស្ថាន នៅតែមាន»។
លោក Jens Bastian ទីប្រឹក្សាសេដ្ឋកិច្ចថ្លែងថា ចិនជារឿយៗឆក់យកគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលត្រូវបានបដិសេធ ឬមិនអនុម័តដោយភាគីសហភាពអឺរ៉ុប។
លោក Bastian បានប្រាប់ VOA ក្នុងសម្តីដើមថា «ចិន [មានហេតុផល] មកអឺរ៉ុបភាគអាគ្នេយ៍នេះ និងវិនិយោគ ដោយសារតែអ្នកដទៃមិនទាន់មក។ រដ្ឋាភិបាលក្រុងប៉េកាំង មានការតាំងចិត្តផ្នែកយុទ្ធសាស្ត្រថា នឹងនៅក្នុងតំបន់នេះរយៈពេលយូរ»។
លោក Miloš Vuković ទីប្រឹក្សាហិរញ្ញវត្ថុក្នុងប្រទេស ម៉ុងតេណេហ្គ្រោ បានថ្លែងថា ភាពច្របូកច្របល់ពីហិរញ្ញវត្ថុសាធារណៈក្នុងរដ្ឋធានី ប៉ូដហ្គោរីកា បង្កឡើងដោយប្រាក់កម្ចីនៃគម្រោង BRI សម្រាប់គម្រោងផ្លូវល្បឿនលឿនដែលត្រូវការទឹកប្រាក់ចំនួន ១ ពាន់ លានដុល្លារអាមេរិក និងត្រូវបានដាក់ដេញថ្លៃដោយមិនមានអ្នកដេញ និងបានរុញឱ្យបំណុលជាតិខ្ពស់ជាងផលិតផលសរុបក្នុងស្រុកនោះ គួរតែជាការព្រមានខ្លាំងក្លាដល់ប្រទេសជិតខាងដែលងាយរងគ្រោះនឹងការទូតអន្ទាក់បំណុលរបស់ចិន។
រូបឯកសារ៖ ផ្លូវហាយវេ Bar-Boljare នៅក្នុងតំបន់ Pelev Brijeg ក្នុងប្រទេសម៉ុងតេណេហ្គ្រោ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។ ប្រាក់កម្ចីរបស់ចិនសម្រាប់ដំណាក់កាលទី១នៃការសាងសង់ផ្លូវហាយវេដែលតភ្ជាប់កំពង់ផែ Adriatic Sea នៃក្រុង Bar និងព្រំដែនជាមួយប្រទេសស៊ែប៊ី បានធ្វើឱ្យបំណុលរបស់ប្រទេសម៉ុងតេណេហ្គ្រោ កើនឡើង។
ប្រសិនបើរដ្ឋាភិបាលម៉ុងតេណេហ្គ្រោ ខកខានអនុវត្តកាតព្វកិច្ចនោះ លោក Vuković ថា ទ្រព្យសកម្មសាធារណៈ ដូចជាបណ្តាញអគ្គិសនី ឬកំពង់ផែឧស្សាហកម្ម អាចក្លាយជាទ្រព្យបញ្ចាំចំពោះបំណុលចិន។
លោក Vuković បានប្រាប់ VOA ក្នុងសម្តីដើមថា «ក្រោយមក ប្រសិនបើយើងមិនអាចទូទាត់បានទេ ពួកគេអាចនិយាយថា យើងនឹងយកអគ្គិសនីរដ្ឋ [និង] វិនិយោគនៅក្នុងប្រភពថាមពលកកើតឡើងវិញ។ ដូច្នេះ ពួកគេដូរគម្រោងដែលមិនមានប្រាក់ចំណេញ និងដាក់ជំនួសមកវិញនូវគម្រោងដែលមានប្រាក់ចំណេញសម្រាប់ពួកគេ ហើយយើងដឹងថា ថាមពលជាអនាគត ជាពិសេស គឺថាមពលកកើតឡើងវិញ»។
លោក Ivan Vujacic ដែលជាអ្នកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យប៊ែលក្រាដ និងជាឯកអគ្គរដ្ឋទូតស៊ែប៊ីប្រចាំនៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៩ បានថ្លែងថា អំពើពុករលួយថ្នាក់តំបន់ ជាពិសេសវីរជននយោបាយក្នុងស្រុកដែលមានចេតនាបំភាន់ប្រាក់កម្ចីចិនថា ជាការវិនិយោគ ជាដើមចមដែលត្រូវបន្ទោសមួយផ្នែកសម្រាប់គម្រោងដែលផ្តល់មូលនិធិដោយចិន ដែលធ្វើឱ្យទ្រព្យសកម្មរដ្ឋ សិទ្ធិកម្មករ ឬបរិស្ថាន មានហានិភ័យ។
លោក Vujacic បានថ្លែងដោយសំដៅដល់ការទិញយកកន្លែងរុករករ៉ែស្ពាន់ដោយសារបំណុលនៅក្នុងទីក្រុង Bor ក្នុងឆ្នាំ២០១៨ ថា «ខ្ញុំសន្មតថា សម្រាប់ការវិនិយោគ [ដែលចិនបាន] គណនា វាជាការទូទាត់សម្រាប់ពួកគេ ហើយពួកគេ កំពុងស្ថិតក្នុងដំណើរការសម្រេចឱ្យបាននូវលទ្ធផលប្រកបដោយ [ប្រាក់ចំណេញ]»។
លោកបន្ថែមថា «សម្រាប់ស៊ែប៊ី ខ្ញុំសន្មត និងសង្ឃឹមថា ការសិក្សាពីលទ្ធភាព អាចត្រូវបានធ្វើឡើងដោយត្រឹមត្រូវ និងថា ពួកគេ នឹងផ្តល់លទ្ធផល។ ប៉ុន្តែ យើងមិនមានការធានាចំពោះរឿងនេះទេ»៕
អត្ថបទនេះ ផ្តួចផ្តើមសរសេរឡើងដោយក្រុមផ្សាយរបស់វីអូអេជាភាសាស៊ែប។