ប្រទេសចិនបញ្ជាក់ជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនមិនព្យាយាមប្រឆាំងឬជំនួសសហរដ្ឋអាមេរិកនោះទេ និងបានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមើលមកប្រទេសចិនដោយមិនលម្អៀងនិងត្រឡប់ទៅរកគោលនយោបាយសមហេតុផលចំពោះរដ្ឋាភិបាលទីក្រុងប៉េកាំង។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Hua Chunying ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតមួយថា ប្រសិនបើសហរដ្ឋអាមេរិកគិតថាអ្វីទាំងអស់ដែលចិនកំពុងធ្វើជាការគំរាមកំហែងដល់អាមេរិកនោះ ការគិតបែបនេះនឹងក្លាយជាការពិត។
អ្នកនាំពាក្យរូបនេះក៏បានអញ្ជើញលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិកឲ្យទៅទស្សនាខេត្តXinjiang របស់ចិន ដើម្បីឲ្យលោកអាចឃើញផ្ទាល់ថានៅទីនោះមិនមានការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិភាគតិចអ៊ុយហ្គ័រទេ។
បញ្ហាការរំលោភសិទ្ធិមនុស្សរបស់ជនជាតិភាគតិចអ៊ុយហ្គ័របានក្លាយជាចំណុចកាន់តែរសើបក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ដែលកំពុងមានភាពតានតឹងរួចទៅហើយទាក់ទងនឹងបញ្ហាផ្សេងទៀតដូចជាវិបត្តិជំងឺរាតត្បាតជាសាកលកូវីដ១៩ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ស្វ័យភាពក្រុងហុងកុងនិងអតុល្យភាពខាងពាណិជ្ជកម្មទ្វេភាគី៕