អ្នកការទូតកំពូលរបស់ចិនលោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមជំនួបរបស់សមភាគីមកពីប្រទេសដែលមានសេដ្ឋកិច្ចកំពុងងើបឡើង ឬ BRICS។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុងប៉េកាំងកាលពីថ្ងៃសុក្រ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា លោក Wang នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀតដើម្បីចរចាពី «បញ្ហាពាក់ព័ន្ធរួមដូចជាកិច្ចសហប្រតិបត្តិការរបស់ BRICS និងស្ថានភាពនៅពេលបច្ចុប្បន្ននិងនៅក្នុងតំបន់»។
លោកស្រី Mao បាននិយាយទៀតថា BRICS ជា «វេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សារងើបឡើង និងប្រទេសកំពុងអភិវឌ្ឍន៍» ហើយថាសមាជិកជានិច្ចកាលបានតាំងចិត្តដើម្បីការពារពហុភាគីនិយម។
ជំនួបនេះធ្វើឡើងនៅថ្ងៃចន្ទនិងថ្ងៃអង្គារ នៅក្នុងទីក្រុង Nizhny Novgorod ភាគខាងលិចប្រទេសរុស្ស៊ី។
លោកស្រី Mao និយាយទៀតថា ចិនកំពុងមានឆន្ទៈធ្វើការដើម្បី «បង្រួបបង្រួមទំនាក់ទំនងយុទ្ធសាស្ត្ររបស់ BRICS ឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យផ្សេងៗ និងលើកដំកើងនូវការអភិវឌ្ឍរួម និងខ្លួនទីពឹងខ្លួនរួមនៅក្នុងតំបន់ភាគខាងត្បូងនៃភពផែនដី»។
ទំនាក់ទំនងរវាងចិននិងរុស្ស៊ីដែលជាប្រទេសម្ចាស់ផ្ទះ បានពង្រឹងសេដ្ឋកិច្ចនិងនយោបាយចាប់តាំងការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ ២០២២ លើប្រទេសអ៊ុយក្រែន ដែលជាចំណាត់ការមួយ ដែលរដ្ឋាភិបាលក្រុងប៉េកាំង មិនដែលបានថ្កោលទោស និងបានធ្វើឱ្យប្រទេសលោកខាងលិចមានការស្រងាកចិត្ត៕