ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយមេដឹកនាំធុរកិច្ចអាមេរិកាំងជាច្រើននាក់នៅមហាសាលប្រជាជនចិន នាក្រុងប៉េកាំងកាលពីថ្ងៃពុធ ទី ២៧ ខែមីនា នៅពេលរដ្ឋាភិបាលចិនប្រឹងប្រែងទាក់ទាញក្រុមអ្នកបណ្តាក់ទុនបរទេសនិងក្រុមហ៊ុនអន្តរជាតិមកវិញ។ ក្រុមអ្នកវិនិយោគបរទេសនិងក្រុមហ៊ុនអន្តរជាតិទាំងនេះស្វះស្វែងឱ្យមានការធានារ៉ាប់រងជាថ្មីអំពីផលប៉ះពាល់នៃបទបញ្ញត្តិថ្មីៗ។
រដ្ឋាភិបាលក្រុងប៉េកាំងចង់បង្កើនការលូតលាស់នៃសេដ្ឋកិច្ចធំទី ២ របស់ពិភពលោកនេះ នៅក្រោយវិនិយោគបរទេសដោយផ្ទាល់បានចុះថយ ៨% ក្នុងឆ្នាំ ២០២៣ ដោយសារកង្វល់ខ្លាំងរបស់បណ្តាអ្នកបណ្តាក់ទុនអំពីច្បាប់ប្រឆាំងនឹងចារកម្ម ការហាមប្រាមមិនឱ្យដកទុនចេញ ការឆ្មក់ចូលក្នុងការិយាល័យខាងពិគ្រោះយោបល់និងការស៊ើបអង្កេតផ្ទៀងផ្ទាត់មុនអនុញ្ញាតឱ្យក្រុមហ៊ុនចាប់ផ្តើមដំណើរការ។
កំណើនការផ្តោតរបស់លោក Xi លើសន្តិសុខជាតិបាននាំឱ្យក្រុមហ៊ុនជាច្រើនមិនដឹងប្រាកដប្រជាថា ខ្លួនរំលោភលើបទបញ្ញាត្តិឬបែបណាទេ ទោះជាពួកមេដឹកនាំចិនស្វាគមន៍ជាសាធារណៈចំពោះក្រុមវិនិយោគិនបរទេសក៏ដោយ។
បើតាមបណ្តាញព័ត៌មានរដ្ឋ លោក Xi បាននិយាយថា៖ «ការអភិវឌ្ឍនៃប្រទេសចិនបានឆ្លងកាត់ការលំបាកនិងឧបសគ្គគ្រប់យ៉ាង ដើម្បីអាចមកដល់ពេលនេះ»។
លោកបានបន្ថែមថា៖ «កាលពីអតីតកាល ប្រទេសចិនមិនរលំដោយសារមាន’ទ្រឹស្តីនៃការរលំរបស់ចិន’ទេ ហើយនៅពេលនេះប្រទេសចិនក៏មិនលូតលាស់ដល់កម្រិតកំពូលដែរដោយសារ’ទ្រឹស្តីនៃការឡើងដល់កំពូលរបស់ចិន’ដែរ»។
លោក Stephen Schwarzman សហស្ថាបនិកនិងប្រធានកិច្ចការប្រតិបត្តិនៃក្រុមហ៊ុន Blackstone លោក Raj Subramaniam ប្រធាននៃក្រុមហ៊ុនយក្សអាមេរិកាំងខាងការដឹកជញ្ជូនទំនិញ FedEx និងលោក Cristiano Amon ប្រធានក្រុមហ៊ុនផលិតបន្ទះឈីបកុំព្យូទ័រ Qualcomm ជាសមាជិកនៃក្រុមបុរសអាមេរិកាំងទាំងអស់ ២០នាក់ ដែលបានជួបជាមួយលោក Xi។
បើតាមបុគ្គលម្នាក់ដែលដឹងដោយផ្ទាល់អំពីព្រឹត្តិការណ៍នេះថា ជំនួបជាមួយលោក Xi ដែលចាត់ចែងដោយគណៈកម្មាធិការជាតិទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) និងអង្គការស្រាវជ្រាវសមាគមអាស៊ី (Asia Society) នេះ មានរយៈពេលប្រមាណ៩០នាទី។
ប្រភពនេះ ដែលមិនប្រាប់ឈ្មោះពីព្រោះគេមិនឱ្យនិយាយជាមួយបណ្តាញសារព័ត៌មាន មិនមានអត្ថាធិប្បាយអ្វីភ្លាមៗទេអំពីចំណុចដែលត្រូវបានពិភាក្សាទេ ហើយគណៈកម្មាធិការជាតិទំនាក់ទំនងសហរដ្ឋអាមេរិក-ចិននិងសមាគមអាស៊ីមិនបានឆ្លើយតបភ្លាមៗដល់សំណើសុំអត្ថាធិប្បាយអំពីជំនួបនេះទេ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន (USCBC) ចែងថា ពួកគេ«បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើឱ្យសេដ្ឋកិច្ចចិនមានតុល្យភាពវិញដោយបង្កើនការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិននិងលើកទឹកចិត្តរដ្ឋាភិបាលឱ្យដោះស្រាយកង្វល់យូរយារមកហើយអំពីលំហូរទិន្នន័យឆ្លងកាត់ព្រំដែន ការទិញឬលទ្ធកម្មរបស់រដ្ឋាភិបាល កម្មសិទ្ធិបញ្ញានិងការកែលម្អបទបញ្ញត្តិស្តីពីតម្លាភាពនិងការអាចប្រមើលមើលជាមុន»។
សហរដ្ឋអាមេរិកនិងប្រទេសចិនបានទាក់ទងគ្នាជាថ្មីជាលំដាប់លំដោយនៅក្រោយទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងពេលច្រើនឆ្នាំមកហើយ ដោយសារការប៉ះទង្គិចគ្នាខាងគោលនយោបាយពាណិជ្ជកម្ម អនាគតនៃកោះតៃវ៉ាន់កាន់លទ្ធិប្រជាធិបតេយ្យនិងការទាមទារទឹកដីក្នុងសមុទ្រចិនខាងត្បូង។
វីដេអូមួយចេញផ្សាយដោយបណ្តាញព័ត៌មានរដ្ឋបង្ហាញឱ្យឃើញជំនួបនេះបានធ្វើនៅក្នុងសាលខាងកើតនៃមហាសាលប្រជាជនចិន ដែលត្រូវបានបម្រុងសម្រាប់ធ្វើពិធីសំខាន់ៗ។ ពួកអ្នកចូលរួមអង្គុយជារាងបួនជ្រុងស្មើនៅជុំវិញកន្លែងដាក់ផ្កាធំមួយប្រកបដោយផ្កាពណ៌ក្រហម ពណ៌លឿងទុំនិងពណ៌បៃតង។
រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Wang Wentao អ្នកការទូតកំពូលលោក Wang Yi និងប្រធានខាងផែនការរដ្ឋលោក Zheng Shanjie បានអង្គុយក្នុងសាលនោះជាមួយលោក Xi។
សវនាការជាមួយលោក Xi នេះកើតមានឡើងក្រោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang មិនបានជួបជាមួយក្រុមប្រធានក្រុមហ៊ុនបរទេសនៅក្នុងវេទិកាអភិវឌ្ឍន៍នៃប្រទេសចិននាទីក្រុងប៉េកាំងកាលពីថ្ងៃទី២៤ និងទី២៥ ខែមីនា កន្លងទៅនេះ។ ឱកាសនៃការប្តូរយោបល់ជាមួយមេដឹកនាំលំដាប់ទីពីរនៃរដ្ឋាភិបាលប៉េកាំងជាផ្នែកសំខាន់មួយនៃជំនួបកំពូលនេះកាលពីឆ្នាំមុនៗ។
ជំនួបកាលពីថ្ងៃពុធទី ២៧ ខែមីនា កើតមានបន្តពីពិធីជប់លៀងអាហារពេលល្ងាចកាលពីខែវិច្ឆិកា ជាមួយប្រធានក្រុមហ៊ុនធំៗអាមេរិកាំងនៅក្រុង San Francisco សហរដ្ឋអាមេរិក ដែលនៅទីនោះក្រុមអ្នកចូលរួមបានក្រោកឈរទះដៃអបអរសាទរប្រធានាធិបតីចិនលោក Xi៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ