ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​ចិន​ថា ចិន​និង​ឥណ្ឌូណេស៊ី​ចង់​បាន​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់


លោកប្រធានាធិបតី Jokowi ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (Twitter/@Menlu_RI)
លោកប្រធានាធិបតី Jokowi ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ (Twitter/@Menlu_RI)

ប្រទេស​ចិន​និង​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ប្តេជ្ញា​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដែល​យោង​លើ​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​អ្នកស្រី Retno Marsudi នៅ​ក្នុង​រដ្ឋធានី​ហ្សាការតា។

លោក Wang ក៏​បាន​អំពាវនាវ​ផងដែរ​ដល់​ភាគី​ទាំងអស់​នៅ​ក្នុង​សង្គ្រាម​នៅ​ហ្កាហ្សា (Gaza) ឱ្យ​រក្សា​ភាព​អត់ធ្មត់ និង​ថា​សហរដ្ឋ​អាមេរិក​គួរតែ​គាំទ្រ​ចំពោះ​សេចក្ដីសម្រេច​មួយ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​បទ​ឈប់បាញ់​នៅ​ហ្កាហ្សា។

លោក Wang បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​ក្នុង​ប្រសាសន៍​ដែល​ត្រូវ​បាន​ប្រែសម្រួល​ជា​ភាសា​ឥណ្ឌូណេស៊ី​ថា៖ «រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​សម្តែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​មហន្តរាយ​មនុស្សធម៌​ដែល​កើត​ចេញ​ពី​ជម្លោះ​ប៉ាឡេស្ទីន-អ៊ីស្រាអែល‍។ យើង​យល់ស្រប​គ្នា​ថា សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំពោះ​បទឈប់បាញ់​មួយ​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ដោយ​គ្មាន​លក្ខខណ្ឌ‍»។

អ្នកស្រី Retno បាន​ថ្លែង​ថា អ្នកស្រី​សង្ឃឹម​ថា ប្រទេស​ចិន «នឹង​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​បង្ការ​មិន​ឱ្យ​ជម្លោះ​កាន់តែ​តានតឹង​ឡើង‍» នៅ​ក្នុង​តំបន់​ហ្កាហ្សា។ អ្នកស្រី​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​ក្នុង​ការ​ឱ្យ​មាន​ដំណោះស្រាយ​រដ្ឋ​ពីរ​សម្រាប់​ជម្លោះ​នេះ។

ក្នុង​អំឡុង​កិច្ចប្រជុំ​ទ្វេភាគី​នោះ ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផងដែរ ដោយ​លោក Wang ថា​លោក​រំពឹង​ថា កិច្ច​ចរចា​អំពី​ក្រមប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​អាច​ត្រូវ​បាន​ពន្លឿន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG