ប្រទេសចិនបានកាត់ទោសបុរស៣នាក់ ចំពោះតួនាទីរបស់ខ្លួននៅក្នុងការវាយប្រហារដ៏ប្រល័យកាលពីឆ្នាំទៅ ដែលបានសម្លាប់មនុស្ស៣១នាក់នៅឯស្ថានីយរថភ្លើងមួយកន្លែងនៅក្នុងទីក្រុង Kunming ភាគនារតីប្រទេសចិន។
យោងទៅតាមសេចក្តីថ្លែងការណ៍ដោយតុលាការប្រជាជនមជ្ឈិមទីក្រុង Kunming បានប្រាប់ឲ្យដឹងថា ក្រុមបុរសដែលកំណត់អត្តសញ្ញាណជា Iskandar Ehet Turgun Tohtunyaz និងHasayan Muhammad ត្រូវបានប្រហារជីវិតនៅថ្ងៃអង្គារនេះ។
បុរសទាំង៣នាក់នេះត្រូវបានចោទប្រកាន់កាលពីខែកញ្ញា ពីបទមនុស្សឃាតហើយនិងការដឹកនាំក្រុមភេរវកម្ម ដែលក្រុមអាជ្ញាធរនិយាយថា បានធ្វើការវាយប្រហារដោយកាំបិតកាលពីខែមិនា ឆ្នាំ២០១៤ នៅស្ថានីយរថភ្លើងក្នុងទីក្រុង Kunming។
ប៉ូលិសបានបាញ់សម្លាប់អ្នកវាយប្រហារ៤នាក់នៃក្រុមអ្នកវាយប្រហារ៥នាក់។អ្នកវាយប្រហារម្នាក់ទៀតជាស្រ្តីមានផ្ទៃពោះ ត្រូវបានចាប់ខ្លួនទាំងរស់ហើយបានត្រូវតុលាការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត។
វាជាការវាយប្រហារដ៏ប្រល័យបំផុតមួយ ដែលចិនបានស្តីបន្ទោសទៅលើក្រុមទាមទារបំបែករដ្ឋមានទីតាំងនៅក្នុងតំបន់ Xinjiang ភាគខាងលិចឆ្ងាយ ជាទីកន្លែងរបស់ជនជាតិភាគតិច Uighurs ភាគច្រើនជាក្រុមកាន់សាសនាអ៊ីស្លាម។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយអំពើហិង្សា ដែលបានកំណត់គោលដៅទៅលើជនស៊ីវិលនិងក្រុមអាជ្ញាធររដ្ឋាភិបាលកាន់តែខ្លាំងឡើង។ ចិនបានឆ្លើយតបដោយធ្វើការបង្ក្រាបយ៉ាងចាស់ដៃដែលនាំឲ្យមានការប្រហារជីវិតមនុស្សរាប់សិបនាក់ ហើយនិងចាប់ខ្លួនមនុស្សរាប់រយនាក់។
ក្រុមសកម្មជន Uighur និរទេសជាច្រើននិយាយថា អំពើហិង្សានោះជាប្រតិកម្មមួយដល់គោលនយោបាយជិះជាន់សង្កត់សង្កិនរបស់ចិននៅក្នុងតំបន់ Xinjiang ដែលនៅទីនោះជនជាតិភាគតិច Uighurs បានរស់នៅអស់រាប់សតវត្សរ៍ ក៏ប៉ុន្តែ ត្រូវបានជំនួសបន្តិចម្តងៗដោយក្រុមជនជាតិចិនអំបូរហានភាគច្រើន៕