ក្រោយពេលដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតកាលពីថ្ងៃអាទិត្យ និងអះអាងថា ខ្លួនបានទទួលអាសនៈទាំងអស់ក្នុងរដ្ឋសភា ប្រទេសចិនបានប្រកាសអបអរទទួលស្គាល់លទ្ធផលការបោះឆ្នោត ខណៈដែលប្រទេសជប៉ុន បានបដិសេធមិនបានផ្ដល់ការយល់ឃើញអ្វីទាំងអស់ចំពោះការបោះឆ្នោតដែលបានទទួលការរិះគន់យ៉ាងសន្ធឹកពីបណ្ដារដ្ឋាភិបាលបស្ចិមលោក។
ដូចការរំពឹងទុក រដ្ឋាភិបាលចិនដែលជាមិត្តដ៏ស្និទស្នាលរបស់បក្សកាន់អំណាច បានប្រកាសគាំទ្រការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ ពេលដែលគណបក្សប្រជាជនកម្ពុជាបានឈ្នះសំឡេងដ៏ច្រើនលើសលប់ ខណៈដែលរដ្ឋាភិបាលប្រទេសជប៉ុនបានបដិសេធមិនផ្ដល់យោបល់អ្វីទាំងអស់ចំពោះការបោះឆ្នោតដែលមានការរិះគន់។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានពោលសរសើរពីការរៀបចំការបោះឆ្នោតនៅប្រទេសកម្ពុជា ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ទីក្រុងប៉េកាំងនៅតំបន់អាស៊ីអគ្នេយ៍។
លោក Geng Shuang បានថ្លែងថា៖
«ក្នុងនាមជាអ្នកជិតខាង និងជាមិត្តដ៏ល្អរបស់កម្ពុជា ប្រទេសចិនសូមអបអរដោយស្មោះស្ម័គ្រចំពោះប្រទេសកម្ពុជា ដែលបានរៀបចំដោយជោគជ័យនូវការបោះឆ្នោតរដ្ឋសភានីតិកាលទីមួយ និងសូមអបអរគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកប្រធាន ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត»។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនរូបនេះបាននិយាយបន្តថា៖
«យើងសង្ឃឹមថា ក្រោមការដឹកនាំរបស់រដ្ឋសភាថ្មី និងរដ្ឋាភិបាលថ្មីដែលលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ ប្រជាជនកម្ពុជានឹងសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងឡើង ក្នុងការអភិវឌ្ឍជាតិរបស់គេ»។
គណបក្សប្រជាជនកម្ពុជាបានប្រកាសនៅថ្ងៃចន្ទថាខ្លួនបានឈ្នះអសនៈទាំងអស់១២៥ក្នុងរដ្ឋសភា ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទើបបានតម្លើងអត្រាអ្នកចេញទៅបោះឆ្នោតថាមានកម្រិត ៨២,៨៧% ក្នុងចំណោមអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជី ៨,៣៣លាននាក់។
បណ្ដារដ្ឋាភិបាលបស្ចិមលោកបានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់អំពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់ បារាំង អាឡឺម៉ង់ និងសហភាពអឺរ៉ុប បានចោទសួរអំពីភាពស្របច្បាប់នៃការបោះឆ្នោតដែលកើតមាន ជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ ជាគូប្រជែងដ៏ចម្បងរបស់បក្សកាន់អំណាច និងការបង្ក្រាបលើបណ្ដាអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោត។
ក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃអង្គារនេះនាទីក្រុងប៉េកាំង លោក Geng Shuang អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនផ្ដល់អត្ថាធិប្បាយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលសួរអំពីអវត្តមានគណបក្សសង្គ្រោះជាតិនៅក្នុងដំណើរការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គ្រាន់តែបាននិយាយថា «ការបោះឆ្នោតឆ្នោតរដ្ឋសភា គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងជាព្រឹត្តិការណ៍មួយដ៏ធំក្នុងឆាកជីវិតនយោបាយរបស់ប្រជាជនកម្ពុជាគ្រប់រូប»។
ប្រទេសចិនត្រូវបានគេមើលឃើញថាជាប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ និងដែលបានការពារទីក្រុងភ្នំពេញនៅចំពោះមុខការព្រួតរិះគន់ពីសំណាក់បណ្ដារដ្ឋាភិបាលបស្ចិមលោក ទៅលើការបង្ក្រាបនយោបាយនៅប្រទេសកម្ពុជាមុនការបោះឆ្នោត។
ការបង្ក្រាបនយោបាយចាប់មាននៅក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ គណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅប្រកៀកផ្នែកប្រជាប្រិយភាពនឹងបក្សកាន់អំណាចនាការបោះឆ្នោតក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៧ ត្រូវបានរំលាយដោយតក់ក្រហល់ក្រោមសាលដីការតុលាការកំពូលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រធានគណបក្សគឺលោក កឹម សុខា ដែលត្រូវបានចាប់ខ្លួនពីបទចូលដៃជើងនឹងសហរដ្ឋអាមេរិកប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា រួមទាំងឥស្សរជននយោបាយ១១៧នាក់ផ្សេងទៀត បានត្រូវរងបម្រាមមិនឱ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។
ស្របពេលជាមួយគ្នានោះផងដែរ បណ្ដាអង្គការសង្គមស៊ីវិល និងបណ្ដាញប្រព័ន្ធឃោសនាមហាជនឯករាជ្យ ក៏បានត្អូញត្អែរថាពួកខ្លួនត្រូវទទួលការធ្វើទុក្ខបុកម្នេញផងដែរ។
ខណៈដែលការបង្ក្រាបខាងនយោបាយមានវត្តមាននៅកម្ពុជា ទំនាក់ទំនងរវាងកម្ពុជា និងបស្ចិមលោកបានស្គាល់នូវភាពរកាំរកូស ក៏ប៉ុន្តែប្រទេសកម្ពុជានៅរក្សាបានទំនាក់ទំនងជាប់លាប់ និងជិតស្និទ្ធជាមួយប្រទេសចិន និងប្រទេសជប៉ុន ដែលគូប្រជែងយុទ្ធសាស្ត្រនឹងគ្នា ក្នុងភូមិសាស្ត្រនយោបាយអាស៊ី។
នៅពេលត្រូវបានអ្នកសារព័ត៌មានចោទសួរអំពីគោលជំហរជាផ្លូវការរបស់រដ្ឋាភិបាលជប៉ុន ទៅលើការបោះឆ្នោតនៅកម្ពុជា លោក Yoshihide Suga នាយខុទ្ទកាល័យរដ្ឋាភិបាលជប៉ុន បានថ្លែងយ៉ាងដូច្នេះថា៖
«ក្នុងនាមជារដ្ឋាភិបាលប្រទេសជប៉ុន យើងមិនបានដាក់ពង្រាយមន្ត្រីអធិការកិច្ចណាម្នាក់ទៅអង្កេតការបោះឆ្នោត[នៅកម្ពុជា]ឡើយ ហេតុដូច្នេះ ខ្ញុំនឹងមិនមានយោបល់អ្វីនោះទេសម្រាប់អ្នក ទាក់ទិននឹងការបោះឆ្នោតនៅប្រទេសកម្ពុជា»។
ជប៉ុន ជាមួយនឹង សហភាពអឺរ៉ុប គឺជាដៃគូចម្បងចំនួនពីររបស់កម្ពុជា ក្នងដំណើរកំណែទម្រង់ការបោះឆ្នោតតាំងតែពីឆ្នាំ២០១៥មក។ បើទោះជាសហភាពអឺរ៉ុបបានដកខ្លួនចេញលែងផ្ដល់ជំនួយដល់ការបោះឆ្នោតនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០១៧ នៅចំកណ្ដាលនៃការបង្ក្រាបនយោបាយ ជប៉ុននៅបន្តផ្ដល់ជំនួយបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាហូរហែរមកទល់នឹងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅ។
ក៏ប៉ុន្តែ ទោះជាជប៉ុននៅបន្តផ្ដល់ជំនួយបច្ចេកទេសដល់ គ.ជ.ប.ក៏ដោយ ក៏ប៉ុន្មានថ្ងៃមុនការបោះឆ្នោតបាន ប្រទេសជប៉ុនបានប្រកាសមិនបញ្ជូនអ្នកអង្កេតការណ៍តំណាងរដ្ឋាភិបាលក្រុងតូក្យូឲ្យមកចូលរួមតាមដានដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជានោះទេ៕