បើតាមតួលេខដែលគេបញ្ចេញនៅថ្ងៃពុធនេះបានបញ្ជាក់ថា សេដ្ឋកិច្ចប្រទេស ចិនមានកំណើនក្នុងល្បឿនយឺតបំផុតនៅត្រីមាសចុងក្រោយក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ ដោយធ្វើឲ្យមានក្តីបារម្ភជាថ្មីចំពោះប្រទេសដែលមានសេដ្ឋកិច្ច ដ៏ធំជាងគេបង្អស់លំដាប់ទី២ក្នុងពិភពលោកនេះ។
កំណើនសេដ្ឋកិច្ចនេះបានធ្លាក់ចុះពី៧.៣ភាគរយពីត្រីមាសមុនមកត្រឹម៧ភាគរយនៅត្រីមាសទី១នៃឆ្នាំ២០១៥។ នេះជាតួលេខនៃកំណើនយឺតបំផុត ប្រចាំត្រីមាសចាប់តាំងពីឆ្នាំ២០០៩ ក្នុងអំឡុងពេលដែលមានវិបត្តិវឹកវរផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុពិភពលោក។
គណបក្សកុម្មុយនិស្តចិនដែលគ្រប់គ្រងប្រទេសបានដាក់កម្រិតការរីកចម្រើន សេដ្ឋកិច្ចខ្លួនជាមធ្យមកើនត្រឹម៧ភាគរយនេះសម្រាប់ឆ្នាំ២០១៥។ ប្រតិកម្ម ចំពោះតួលេខនៃកំណើននោះ អ្នកនាំពាក្យផ្នែកការិយាល័យស្ថិតិប្រទេសចិន និយាយនៅថ្ងៃពុធនេះថា ក្រុងប៉េកាំងមានក្តីរំពឹងហើយថា កំណើននេះនឹងយឺត យ៉ាវដោយសារការរើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកដែលមានល្បឿនយឺតនិងការដែលប្រទេសចិនកំពុងបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធខ្លួន៕