ចិន​រិះគន់​ការចេញ​បម្រាម​ធ្វើដំណើរ​ដោយ​សារ​កូរ៉ូណាវីរុស​របស់​អូស្តា្រលី

  • Phil Mercer

រូបឯកសារ៖ អ្នកដំណើរជើងហោះហើរ China Eastern Airline ទៅកាន់ក្រុងសៀងហៃ ប្រទេសចិន រង់ចាំឡើងយន្តហោះ នៅព្រលានយន្តហោះ Soekarno Hatta ក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នក​ការទូត​ចិន​បាន​និយាយ​ថា​ ពួកអ្នកដំណើរ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​អំពីការ​ចេញ​បម្រាម​នេះ​ ខណៈ​ពួកគេ​ភាគច្រើន​បាន​ចេញ​ដំណើរ​តាម​យន្តហោះ​រួចទៅ​ហើយ នៅពេល​ដែល​បម្រាម​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី១ ខែកុម្ភៈ។

ស្ថានទូត​ចិន​ក្នុង​ទីក្រុង​កង់បេរ៉ា​បាន​រិះគន់​ការ​ចេញ​បម្រាម​ធ្វើដំណើរ​ដោយសារកូរ៉ូណាវីរុស​របស់​អាជ្ញាធរ​អូស្តា្រលី។ បម្រាម​នោះ​ហាមឃាត់​ជនបរទេស​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ពី​ចិន​ដីមិន​ឲ្យ​ចូលក្នុង​ប្រទេសអូស្តា្រលីក្នុងរយៈពេល​យ៉ាង​ហោច​២សប្តាហ៍។

ក្មេងប្រុស​អាយុ៨ឆ្នាំ​ម្នាក់​នៅក្នុង​រដ្ឋ Queensland បាន​ក្លាយ​ជាមនុស្សទី១៣​ដែល​ត្រូវ​បាន​អះអាង​ថា​ បាន​ឆ្លងមេរោគ​នេះ​នៅក្នុង​ប្រទេសអូស្ត្រាលី។ ជនជាតិអូស្តា្រលី​ពីរនាក់​ក្នុង​ចំណោម១០នាក់​ដែល​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ថា​ ឆ្លង​មេរោគ​បាន​ឡើង​ជិះ​នាវា​កម្សាន្តឈ្មោះ Diamond Princess ក្នុង​ទីក្រុង Yokohama ​ប្រទេស​ជប៉ុន។

និស្សិត​ចិន​ជាង១សែននាក់​មិន​អាច​ចូល​រៀន​ទាន់​ពេល​ និង​មិន​អាច​ចាប់​ផ្តើម​ថ្នាក់​មហាវិទ្យាល័យ​ក្នុង​ប្រទេសអូស្តា្រលី​បាន​ ដោយសារ​តែ​បម្រាម​មិន​ឲ្យធ្វើ​ដំណើរ​ដែល​ត្រូវ​បាន​ចូល​ជា​ធរមាន​ ដើម្បី​ព្យាយាម​បញ្ឈប់​ការឆ្លងរាលដាល​កូរ៉ូណាវីរុស។ ពួកនិស្សិត​ទាំងនោះ​នឹង​ខកខាន​ចូល​រៀន​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​សម្រាប់​ឆមាស​នេះ ហើយ​ពួកគេ​ត្រូវ​តែ​រៀន​តាម​អនឡាញ​ពី​ផ្ទះ​ជំនួស​វិញ។ បម្រាម​នេះ​ធ្វើ​ឲ្យ​និស្សិត​ចិន​ប្រហែល​៧០នាក់​ជាប់​នៅ​ក្នុង​ព្រលាន​យន្តហោះ​ក្នុង​ប្រទេសអូស្ត្រាលី​កាល​ពី​ចុង​សប្តាហ៍​ ហើយ​ទិដ្ឋាការ​របស់​ពួកគេ​ត្រូវ​បាន​លុប​ចោល។

អ្នក​ការទូត​ចិន​បាន​និយាយ​ថា​ ពួកអ្នកដំណើរ​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​អំពីការ​ចេញ​បម្រាម​នេះ​ ខណៈ​ពួកគេ​ភាគច្រើន​បាន​ចេញ​ដំណើរ​តាម​យន្តហោះ​រួចទៅ​ហើយ នៅពេល​ដែល​បម្រាម​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃទី១ ខែកុម្ភៈ។

លោក Wang Xining ភារៈធារី​ទូត​ចិន​ប្រចាំ​ក្រុងកង់បេរ៉ា​បាន​ថ្លែង​ថា៖ «យើង​មិន​ពេញចិត្ត​នឹង​ស្ថានភាព​នេះ​ទេ​ ព្រោះ​ថា​ពួកនិស្សិត​ទាំងនោះ​មិន​ទទួល​បាន ការជូន​ដំណឹង​ជា​មុន​ទេ។ ពួកគេ​មិន​ទុក​ពេល​គ្រប់គ្រាន់​ដើម្បី​ជូន​ដំណឹង​អំពី​បម្រាម​នេះ​ទេ‍»។

ការអប់រំ​សម្រាប់​និស្សិត​អន្តរជាតិ​គឺ​ជា​វិស័យ​នាំចេញ​ធំ​បំផុត​ទីបី​របស់​អូស្តា្រលី​ ហើយ ក្រុមមន្រ្តី​សង្ឃឹម​ថា​ បម្រាម​នេះ​នឹង​ត្រូវ​ដក​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ការណ៍​នេះ​អាស្រ័យ​លើ​ថាតើ​ការឆ្លង​រាលដាល​កូរ៉ូណាវីរុស​នៅ​ទូទាំង​សកលោក​នេះ​នឹង​ថយចុះនៅ​ពេលណា​ ហើយ​នឹង​អាច​បញ្ចប់​នៅ​ពេល​ណា​បាន។

ជនជាតិអូស្ត្រាលី​រាប់សិបនាក់​ដែល​ត្រូវ​បាន​ដឹកចេញ​ពី​ក្រុងវូហាន​ ប្រទេសចិន​ជា​ទីកន្លែង​ផ្ទុះ​មេរោគ​កូរូណាវីរ៉ុស​ ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយ​ឡែក​នៅ​លើ​កោះ Christmas នៃដែនដី​មហាសមុទ្រ​ឥណ្ឌា​ដើម្បី​តាមដាន​សុខភាព។

ជនជាតិ​នូវែលហ្សេឡង់មួយ​ក្រុម​និង​ជនជាតិ​ផ្សេង​ទៀត​រួមទាំង​ជនជាតិ​អង់គ្លេស​ អូស្រា្តលី​ ប៉ាពូនូហ្គីណេ​ និង​ជនជាតិ​សាម័រ​ក៏​ត្រូវ​បាន​ដឹកចេញ​ពី​ក្រុង​វូហាន​ផងដែរតាម​ជើង​យន្ត​ហោះ​ដែល​មាន​រយៈពេល​១២ម៉ោង​ឆ្ពោះ​ទៅ​ទីក្រុង Auckland ជា​ទី​កន្លែង​ដែល​ពួកគេ​នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល​២សប្តាហ៍។

អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​អំពី​ការ​ផ្ទុះ​ឆ្លង​រាលដាល​កូរ៉ូណាវីរ៉ុស​ថា​ជា​ស្ថានភាព​អាសន្ន​របស់​សកលលោក។

ករណី​ឆ្លង​មេរោគ​កូរ៉ូណា​កម្រិត​ស្រាល​អាច​មាន​អាការៈ​ដូច​ជំងឺ​ផ្តាសាយ​ធម្មតា​ ខណៈ​ការឆ្លង​កម្រិត​ធ្ងន់ធ្ងរ​អាច​បណ្តាល​ឲ្យ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ ប៉ះពាល់​ដល់​ក្រលៀន​ និង​រហូត​ដល់​ស្លាប់​បាត់​បង់​ជីវិត៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា