ប្រទេសអូស្ត្រាលី និងជប៉ុនបានចុះកិច្ចព្រមព្រៀងលើកតិកាសញ្ញាការពារជាតិជាប្រវត្ដិសាស្ត្រ ដែលអនុញ្ញាតឲ្យប្រទេសទាំងពីរពង្រឹងចំណងផ្នែកយោធា ក្នុងអំឡុងពេលដែលភាពតានតឹងកំពុងកើនឡើងជាមួយប្រទេសចិន។ នេះជាកិច្ចព្រមព្រៀងដំបូងបំផុតរបស់ប្រទេសជប៉ុន ដែលអនុញ្ញាតឲ្យមានវត្តមានរបស់យោធាបរទេសនៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីកិច្ចព្រមព្រៀងឆ្នាំ ១៩៦០ ដែលបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានយោធា យន្តហោះចម្បាំង និងនាវាចម្បាំង នៅក្នុងប្រទេសជប៉ុន។
កតិកាសញ្ញានេះអនុញ្ញាតឲ្យកងកម្លាំងយោធាជប៉ុន និងអូស្ត្រាលី ធ្វើដំណើរទៅប្រទេសទាំងពីរ ដើម្បីហ្វឹកហ្វាត់ និងធ្វើប្រតិបត្តិការយោធារួមគ្នា។ មន្ត្រី [ប្រទេសទាំងពីរ] បានចំណាយពេល ៦ឆ្នាំចរចាកិច្ចព្រមព្រៀងនេះ។ មន្ត្រីអូស្ត្រាលីបាននិយាយថា នេះជា «ពេលវេលាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងជប៉ុន»។
កិច្ចព្រមព្រៀងជាគោលនេះត្រូវបានធ្វើឡើងរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដែលបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ។ កតិកាសញ្ញានេះ តម្រូវឲ្យមានការអនុម័តពីរដ្ឋសភាជប៉ុន។
លោក Morrison ដែលជាមេដឹកនាំពិភពលោកទីមួយដែលបានទទួលស្វាគមន៍ពីលោក Suga ចាប់តាំងពីដែលលោក Suga ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីខែកញ្ញា បាននិយាយថា ទំនាក់ទំនងទ្វេភាគីនេះមានសារ:សំខាន់ណាស់។ លោក Morrison បាននិយាយថា៖
«ប្រទេសជប៉ុនមានទំនាក់យ៉ាងពិសេសមួយជាមួយប្រទេសអូស្រ្ដាលី។ វាមិនមែនត្រឹមតែផ្នែកសេដ្ឋកិច្ចនោះទេ មិនមែនតែពាណិជ្ជកម្ម មិនមែនតែវប្បធម៌ និងសង្គមនោះទេ។ ចំណុចសំខាន់នោះ គឺផ្នែកយុទ្ធសាស្ត្រ។ យើងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើការជាមួយគ្នានៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគនិរតី»។
អ្នកវិភាគមួយចំនួនបាននិយាយថា ការបង្កើនភាពគឃ្លើនរបស់ចិន រួមទាំងនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង និងការប្រព្រឹត្តិលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង អាចជាប្រធានបទសំខាន់ក្នុងការជជែកគ្នាជាឯកជនរវាងមេដឹកនាំអូស្ត្រាលី និងជប៉ុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរិះគន់កិច្ចព្រមព្រមរវាងអូស្ត្រាលី និងជប៉ុននេះ ដោយអះអាងថា ការណ៍នេះ «ច្បាស់ណាស់គឺសំដៅលើចិន» និង «បន្តធ្វើឲ្យការប្រឈមមុខដាក់គ្នានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែអួអាប់»។
ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុង Canberra ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង បានធ្លាក់ដុនដាប បន្ទាប់ពីប្រទេសអូស្ត្រាលីបានចោទប្រទេសចិន ថាបានលូកដៃចូលក្នុងនយោបាយក្នុងស្រុករបស់ខ្លួន និងបានអំពាវនាវឲ្យមានការស៊ើបអង្កេតជាសកលពីប្រភពនៃជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសចិនកាលពីជិតមួយឆ្នាំមុន។
ផលប៉ះពាល់ធ្ងន់ធ្ងរមកលើអូស្ត្រាលី គឺចិនបានដាក់ទណ្ឌកម្មលើផលិតផលនាំចូលប្រទេសចិន មួយចំនួនដែលរួមមានស្រា ស្រូវសាលី និងផលិតផលកសិកម្មផ្សេងៗទៀត។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសអូស្រ្តាលី រីឯប្រទេសជប៉ុនគឺជាដៃគូធំបំផុតទីពីរ៕
ប្រែសម្រួលដោយលោក សឿន វឌ្ឍនា