រដ្ឋាភិបាល​ចិន​ចោទ​មេធាវី​ម្នាក់​ពី​បទ​ក្បត់​ជាតិ បន្ទាប់​ពី​មាន​ករណី​បាត់​ខ្លួន​មេធាវី​មួយ​រូប​ទៀត

ការ​ធ្វើ​បាតុកម្ម​នៅ​ក្រុងហុងកុង ដើម្បី​គ្រាំទ្រ​ដល់​លោក​មេធាវី​ Jiang Tianyong កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៦។

កាល​ពី​ពេល​ថ្មីៗ​នេះ មេធាវី​ការពារ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស លោក Li Heping ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវការ ហើយ​សកម្មជន​សិទ្ធិ​មនុស្ស ៣ នាក់​ផ្សេង​ទៀត ដែល​រួម​មាន​ទាំង​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​លោក Jiang Tianyong ផង​ដែរ​នោះ បាន​បាត់​ខ្លួន។

ប្រទេស​ចិន​មិន​បង្ហាញ​សញ្ញា​ណា​មួយ​ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​បង្ក្រាប​ទៅ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​នោះ​ទេ។ កាល​ពី​ពេល​ថ្មីៗ​នេះ មេធាវី​ការពារ​ក្រុម​សកម្មជន​សិទ្ធិមនុស្ស លោក Li Heping ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវការ ហើយ​សកម្មជន​សិទ្ធិ​មនុស្ស ៣ នាក់​ផ្សេង​ទៀត ដែល​រួម​មាន​ទាំង​មេធាវី​ការពារ​ប្រយោជន៍​សាធារណៈ​លោក Jiang Tianyong ផង​ដែរ​នោះ មិន​ដឹង​ជា​នៅ​ទីណា​នោះ​ទេ ក្រោយ​ពេល​ដែល​ពួកគេ​បាន​បាត់​ខ្លួន​អស់​រយៈពេល​មួយ​រយៈ​ខ្លី​កន្លង​មក។

នៅ​ទី​បំផុត អ្នកស្រី Wang Qiangling ដែល​ជា​ភរិយា​របស់​លោក Li បាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​របស់​តុលាការ​ទៅ​លើ​ស្វាមី​របស់​អ្នក​ស្រី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់​ពី​អ្នកស្រី និង​លោក​មេធាវី Ma Lianshun បាន​ចាប់​ផ្ដើម​ជជីក​សួរ​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង Tianjing ដើម្បី​រក​ចម្លើយ​ទាក់​ទិន​នឹង​ស្វាមី​របស់​អ្នក​ស្រី។

ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ

លោក​មេធាវី Ma Lianshun បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖ «នៅ​ថ្ងៃ​ទី ០៨ ខែ​ធ្នូ អ្នកស្រី Wang បាន​ធ្វើ​ដំណើរ​ទៅ​ការិយាល័យ​ស៊ើបអង្កេត​ក្នុង​ទីក្រុង Tianjing ម្តង​ទៀត ហើយ​ត្រូវ​បាន​គេ​បញ្ជាក់​ប្រាប់​អ្នកស្រី​ថា លោកLi ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ក្បត់​ជាតិ។ ប៉ុន្តែ គេ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ដល់​អ្នកស្រី​នោះ​ទេ»។

លោកស្រី Wang បាន​ជួល​លោក​មេធាវី Ma ដើម្បី​ការពារ​ក្ដី​ជូន​លោក Li។ លោក Li ជា​មេធាវី​ដ៏ ល្បី​ឈ្មោះ​មួយ​រូប​នៅ​ក្នុង​ប្រទេស​ចិន ដែលត្រូវ​បាន​គេ​នាំ​ខ្លួន​ចេញ​ពី​ផ្ទះ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ក្នុង​អំឡុង​ពេល​ការ​ធ្វើ​ការ​បោស​សម្អាត​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​ទៅ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ។

ប៉ុន្តែ លោក​មេធាវី Ma បាន​ត្អូញត្អែរ​ថា លោក​មិន​ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួប​កូន​ក្តី​របស់​លោក​ឡើយ ហើយ​ក៏​គ្មាន​អាជ្ញាធរ​ណា​មួយ​បាន​គោរព​ទៅ​តាម​នីតិវិធី​ច្បាប់​ដែរ ដោយ​ពួក​គេ​បាន​ដាក់​លោក Li ក្រោម​ការ​ឃុំឃាំង​មិន​ឲ្យ​លោក​អាច​ទាក់ទង​មក​ខាង​ក្រៅ​ឡើយ។

លោក​មេធាវី Ma បាន​ថ្លែង​ថា ស្ថានភាព​របស់​លោក Liគឺ​ដូច​ជា «ទឹក​កំពុង​ពុះ​នៅ​ក្នុង​ឆ្នាំង​ដែល​បិទ​គម្រប​ជិត ដែល​គ្មាន​នរណា​អាច​មើល​ឃើញ​ច្បាស់​ថា​វា​កំពុង​ពុះ​នោះ​ទេ»។​

សាលក្រម​សម្រេច​ដាក់​ទោស​ទណ្ឌ​ត្រូវ​គេ​រំពឹង​ថា​នឹង​កើត​មាន

យ៉ាងណា​ក៏​ដោយ អ្វី​ដែល​ច្បាស់​លាស់​នោះ​គឺ​ប្រហែល​ជា​ជោគ​វាសនា​របស់​លោក Li។ បទ​ពិសោធន៍​កន្លង​មក​បាន​បង្ហាញ​ថា លោក​ប្រហែល​ជា​នឹង​ត្រូវ​បាន​គេ​យក​មក​កាត់​ទោស​ក្នុង​ពេល​ឆាប់ៗ ហើយ​ទំនង​ជា​នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ទទួល​ទោស​មុន​ពេល​សាលក្រម​ត្រូវ​បាន​វិនិច្ឆ័យ​ក៏​ថា​បាន។

ប៉ុន្តែ​លោក Ma បាន​ហៅ​ការ​ចោទ​ប្រកាន់​លោក Li ពី​បទក្បត់ជាតិ​នោះ​ថា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច។ លោក​បាន​លើក​ឡើង​ថា លោក​មេធាវី​ដែល​កំពុង​ជាប់​ឃុំឃាំង​រូប​នេះ​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​តស៊ូ​មតិ​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នោះ​ឡើយ។

លោក​មេធាវី Maសង្ស័យ​ថា ការ​សិក្សា​របស់​លោក Li អំពី​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ប្រឆាំង​នឹង​ការ​ដាក់​ទោស​ប្រហារ​ជីវិត ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​នានា​នៅ​ក្រៅ​ប្រទេស​នោះ គឺ​ប្រហែល​ជា​មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ចោទ​រូប​លោក​ថា​ក្បត់ជាតិ បើ​ទោះ​បី​ជា​ទោស​នេះ​ពិបាក​ក្នុង​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ក៏​ដោយ។

លោក​មេធាវី Ma បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «តាម​ការ​យល់​ឃើញ​របស់​ពួក​យើង សិទ្ធិ​មនុស្ស​គួរ​ឲ្យ​មាន​លើស​ពី​អធិបតេយ្យភាព​ទៅ​ទៀត។ កំណត់​ត្រា​ផ្នែក​សិទ្ធិមនុស្ស​របស់​ប្រទេស​យើង​មិន​ដែល​បាន​ប្រសើរ​នោះ​ទេ។ ដូច្នេះ ប្រភេទ​នៃ​ការ​សិក្សា​របស់​លី​ Liដែល​ជា​ការ​សិក្សា​មាន​គោល​បំណង​លើក​តម្កើង​សិទ្ធិ​មនុស្ស គួរ​តែ​ជា​ការសិក្សាបែប​វិនិច្ឆ័យ​ទ្រឹស្តី បែប​ការ​ពិចារណា​ដោយ​មាន​ហេតុ​មាន​ផល​ត្រឹមត្រូវ និង​ប្រកប​ដោយ​សន្តិវិធី។ ការ​សិក្សា​បែប​នេះ​មិន​អាច​ធ្វើ​ឲ្យ​រដ្ឋ​អំណាច​ចុះ​ខ្សោយ​បាន​នោះ​ទេ»។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ លោក Li បាន​ជួយ​ការពារ​ក្ដី​ឲ្យ​អ្នក​កាន់​សាសនា​គ្រិស្ត​ដែល​ធ្វើ​ការ​លួច​លាក់ អ្នក​តវ៉ា​ផ្នែក​នយោបាយ និង​អ្នក​ប្រតិបត្តិ​លទ្ធិ​ហ្វាលុន ហ្គុង​ (Falun Gong )​ ដែល​គេ​ហាម​ក្នុង​ប្រទេស​ចិន ក៏​ដូច​ជា​ជួយ​ការពារ​ក្ដី​ជូន​លោក​មេធាវី​ពិការ​ភ្នែក ដើរ​ដោយ «ជើងទទេ» Chen Guang Cheng ផង​ដែរ។ សកម្មភាព​ទាំង​អស់​នេះ សុទ្ធ​តែ​ជា​ការ​រំខាន​ដល់​អាជ្ញាធរ​ចិន។ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក​ Ma។

ការ​បង្ក្រាប​គ្មាន​ប្រសិទ្ធភាព

លោក Ma បាន​អះអាង​ថា​ ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបិទ​មាត់​មេធាវី​ដែល​និយាយ​ឥត​លាក់​លៀម​ឡើយ។ ផ្ទុយ​ទៅ​វិញ​ វា​បាន​លាត​ត្រដាង​ពី​ភាព​ខុស​ឆ្គង​របស់ក្រុម​អ្នក​កាន់​អំណាច នៅ​ស្រប​ពេល​ដែល​ការ​គាំទ្រ​លើ​សមាជិក​នៃ​សហគមន៍​គាំពារ​សិទ្ធិ​ជន​ស៊ីវិល​ក្នុង​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ជាប់​ឃុំឃាំង កំពុង​មាន​ការ​កើន​ឡើង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

លោក​មេធាវី Chen Jinxue ដែល​ការពារក្តី​ឲ្យ​លោកJiang Tianyongបាន​និយាយ​ថា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​អាជ្ញាធរ​នៅ​តែ​បន្ត​ការ​ដាក់​សម្ពាធ​លើ​ក្រុម​មេធាវី​ជំទាស់ និង​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដដែល។ លោក Jiang និង​លោក Huang Qi និងលោក​ Liu Feiyue ដែល​ជា​អ្នក​ធ្វើ​យុទ្ធនា​ការ​ការពារ​សិទ្ធិ​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត បាន​បាត់ខ្លួន​ចាប់​តាំង​ពី​ចុង​ខែ​វិច្ឆិកា​មក​ម្ល៉េះ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​ពួកគេ​នៅ​កន្លែង​ណា​នៅ​ឡើយ​ទេ។

ការ​ធ្វើ​ឲ្យ​បាត់​ខ្លួន​លោក Jiang

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Chen Jinxue បាន​អម​ដំណើរ​ឪពុក​របស់​លោក Jiang ទៅ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ប៉ូលិស​ពី​ការ​បាត់​ខ្លួន​របស់​លោក Jiang។ ក៏​ប៉ុន្តែ ស្ថាប័ន​សន្តិសុខ​សាធារណៈ​នេះ​ បាន​បដិសេធ​មិន​ធ្វើ​ការ​ស៊ើប​អង្កេត និងបាន​បង្ក​ការ​លំបាក​ដល់​ពួក​គេ​ទៅ​វិញ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Chen។

លោក​មេធាវី Chen បន្ត​ថា ការ​បង្ក​ការ​លំបាក​ទាំង​នោះ​រួមមាន​សកម្មភាព​ដូចជា ប៉ូលិស​បាន​ស្នើឲ្យ​ឪពុក​លោក Jiang បង្ហាញ​តឹកតាង​នៃ​ទំនាក់​ទំនង​រវាង​លោក​និង​កូន​ប្រុស​របស់​លោក ឬ​ក៏​ឲ្យ​លោក​យក​វីដេអូ​ពី​កាំមេរ៉ា​សុវត្ថិភាព​ក្នុងក្រុង Changsha​ ដោយ​ខ្លួន​ឯង។ ទាំង​នេះ​គឺ​ជា​សញ្ញា​ដែល​បញ្ជាក់​ពី​ចេតនា​មិន​ចង់​ធ្វើ​សកម្មភាព​ណា​មួយ​របស់​ប៉ូលិស។

លោក Jiang ត្រូវ​គេ​សង្ស័យ​ថា បាន​បាត់​ខ្លួន​ក្រោយ​ថ្ងៃ​ទី ២១ ខែវិច្ឆិកា គឺ​នៅ​ពេល​ដែល​លោក​ជិះ​រថភ្លើង​ចេញ​ពី​ទីក្រុង Changsha ក្នុង​ខេត្ត Hunan។ លោក Jiang បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Hunan ដើម្បី​ជួប​ជាមួយ​លោក Xie Yang ដែល​ជា​មេធាវី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្រ្កាប​ទៅ​លើ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​មុន។ នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Hunan នោះ លោក​ត្រូវ​បាន​អម​ដំណើរ​ដោយ​ដោយ​ភរិយា និង​ក្រុម​មេធាវី​របស់​លោក​មេធាវី Xie Yang។

លោក Jiang មិន​ដែល​ឃើញ​ត្រឡប់​មក​កាន់​ទីក្រុង​ប៉េកាំង​វិញ​ទេ ហើយ​គេ​សង្ស័យ​ថា លោក​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​ដោយ​បង្ខំ។

លោក​មេធាវី Chen និយាយ​ថា៖ «ទំនោរ​ជា​រួម​នៃ​ការ​ចាប់​ខ្លួន​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ហាក់​ដូចជា​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ លោក Jiang គឺ​ជា​គោល​ដៅ​មួយ​ទៀត​នៃ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ ចាប់​តាំង​ពី​ថ្ងៃ​ទី ៩ ខែ​កក្កដា​ ឆ្នាំ​២០១៥ មក»។

តាម​ច្បាប់ ប៉ូ​លិស​ត្រូវ​តែ​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​លោក Jiang ពី​ទីកន្លែង​ដែល​លោក​ត្រូវ​គេ​ឃុំ​ខ្លួន ក្នុង​អំឡុង​ពេល ២៤ ម៉ោង ក្រោយ​ការ​ចាប់​ខ្លួន។

ការ​ប្រឈម​នឹង​ការ​ទារុណកម្ម

លោកស្រី Jin Bianling ដែល​ជា​ភរិយា​របស់​លោក Jiang បានប្រាប់ VOA ថា ប្រសិន​បើ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ដោយ​សម្ងាត់ លោក Jiang អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ការ​ធ្វើ​ទារុណកម្ម ដូច​ដែល​លោក​ធ្លាប់​រង​ការ​វាយ​ដំ​ផ្ទួនៗ​ជាប់ៗ​គ្នា ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​បាត់​ខ្លួន​ដោយ​បង្ខំ​កាល​ពី​កន្លង​ពេល​ទៅ។ លោកស្រី Jin Bianling បន្ថែម​ថា ការ​ធ្វើ​ទារុណកម្ម​នោះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សមត្ថភាព​នៃ​ការ​ចងចាំ​និង​ការ​ស្ដាប់​របស់​លោក Jiang។

លោក​ស្រី Jin បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ ​ថា​គាត់​អាច​ប្រឈម​នឹង​ការ​ធ្វើ​ទារុណកម្ម​ម្ដង​ទៀត។ លើស​ពី​នេះ​ទៀត ​គាត់​ត្រូវ​ការ​ថ្នាំ​ដើម្បី​បន្ថយ​សម្ពាធ​ឈាម​របស់​គាត់។ បើ​គ្មាន​ថ្នាំ​នោះ​ទេ គាត់​ប្រាកដ​ជា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ជា​មិន​ខាន»។

លោក​ស្រី Jin ដែល​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​មួយ​នឹង​កូនស្រី​របស់​លោក​ស្រី បាន​ផ្ដួចផ្ដើម​បង្កើត​យុទ្ធនាការ​មួយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ជំរុញ​ឲ្យ​ការិយាល័យ​សន្តិសុខ​សាធារណៈ​ចិន ពន្លឿន​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​បាត់​ខ្លួន​លោក Jiang​ ឬ​ក៏​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ឃុំឃាំង​លោក​ដោយ​សម្ងាត់។

មក​ដល់​ពេល​នេះ យុទ្ធនាការ​នេះ​បាន​ចេញ​លិខិត​មួយ​ដោយ​មាន​ហត្ថលេខា​ពី​អ្នក​គាំទ្រ​ជា​ច្រើន​រយ​នាក់ ដើម្បី​ផ្ញើ​ទៅ​កាន់​ប្រធាន​ការិយាល័យ​សន្តិសុខ​សាធារណៈ​របស់​ចិន។

លោក​ស្រី Jin ក៏​បាន​បញ្ជាក់​ពី​ក្តី​កង្វល់​ជុំវិញ​ការ​បាត់​ខ្លួន​របស់​ស្វាមី​លោក​ស្រី នៅ​ក្នុង​សវនាការ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​រដ្ឋ នៅ​រដ្ឋ​វ៉ាស៊ីនតោន​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដែល​រួម​មាន​ទាំង​អ្នក​ជំនាញ​មក​ពី​អង្គការ​សហ​ប្រជាជាតិ និង​អង្គការ​ Freedom House ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​ច្រើន​ផង​ដែរ ដើម្បី​បញ្ជាក់​ពី​ក្ដី​បារម្ភ​ស្រដៀង​គ្នា​នេះ​ដែរ៕

ប្រែសម្រួលដោយ នៅ វណ្ណារិន