ប្រទេសចិនបានបដិសេធការចោទប្រកាន់អំពីវត្តមានប៉ូលិសនៅប្រទេសក្រៅ ដោយបាននិយាយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកបានធ្វើ«ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន»នៅក្រោយមន្ត្រីអនុវត្តច្បាប់អាមេរិកាំងបានចាប់ខ្លួនបុរសពីរនាក់នៅក្នុងទីក្រុង New York ដោយសារបានបង្កើតស្ថានីយ៍ប៉ូលិសសម្ងាត់មួយ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយកាលពីថ្ងៃអង្គារថា៖«ការអះអាងទាំងនេះគ្មានការពិតសោះ ហើយគ្មានស្ថានីយ៍ប៉ូលិសបែបនេះនៅក្រៅប្រទេសទេ»។
អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសពីរនាក់មានឈ្មោះ ថា“Harry” Lu Jianwang អាយុ៦១ឆ្នាំនិងឈ្មោះ Chen Jinping អាយុ៥៩ឆ្នាំដែលទាំងពីរនាក់ជាពលរដ្ឋអាមេរិកាំងដើមកំណើតចិនកាលពី ព្រឹកថ្ងៃចន្ទ។ តាមការបញ្ជារបស់មន្ត្រីម្នាក់ក្នុងប្រទេសចិន បុរសទាំងពីរនាក់នេះបានបង្កើតស្ថានីយ៍មួយដែលនៅទីនោះពួកគេផ្តល់សេវាមូលដ្ឋានខ្លះៗដូចជាជួយពលរដ្ឋចិនឱ្យបន្តសុពលភាពបណ្ណបើកបររថយន្តរបស់ចិនជាដើម។
ពួកមន្ត្រីបាននិយាយថាតែយ៉ាងណាក៏ដោយ ក៏ស្ថានីយ៍នេះមានមុខនាទីហួសពីការងារការិយាល័យធម្មតា ដោយមានរួមការស្វែងរកក្រុមអ្នកប្រឆាំងចិនរស់នៅក្នុងសហរដ្ឋអាមេរិក។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក៏បានចោទប្រកាន់មន្ត្រី៣៤នាក់នៃក្រសួងសន្តិសុខសាធារណៈរបស់ចិន កាលពីថ្ងៃចន្ទថាបានបង្កើតនិងប្រើគណនីបណ្តាញសង្គមក្លែងក្លាយរាប់ពាន់តាម Twitter និងកម្មវិធីឯទៀតៗសម្រាប់យាយីក្រុមអ្នកប្រឆាំងនៅប្រទេសក្រៅ។
លោក Wang បានថ្លែងថាប្រទេសចិនមិនបានជ្រៀតជ្រែកលើអធិបតេយ្យភាពប្រទេសដទៃទេ៕