ចិនសង្ឃឹមថានឹងមានដំណោះស្រាយសន្តិភាពមួយលើជម្លោះក្នុងប្រទេសអ៊ុយក្រែន ហើយបានជំរុញឱ្យរុស្ស៊ីនិងអ៊ុយក្រែនងាកមករកតុចរចាដើម្បីពិភាក្សាសន្តិភាព។ នេះបើតាមរដ្ឋ មន្ត្រីការបរទេសចិន ដែលបានប្រាប់សមភាគីអ៊ុយក្រែនរបស់លោក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ក្រសួងការបរទេសបរទេសចិនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ថាចិនមានការតាំងចិត្តលើការលើកកម្ពស់សន្តិភាពនិងជំរុញឱ្យមានការចរចាក៏ដូចជាអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបង្កើតបរិយាកាសសម្រាប់ការចរចាសន្តិភាព»។
រដ្ឋមន្ត្រីការបរទេសចិនលោក Qin ក៏បាននិយាយផងដែរថា៖ «ចិនសង្ឃឹមថាគ្រប់ភាគីទាំងអស់ នឹងរក្សាភាពស្ងប់ស្ងាត់ មានហេតុផលនិងអត់ធ្មត់»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។ ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនមានរយៈពេលជាងមួយឆ្នាំក្នុងពេលកន្លងទៅថ្មីៗនេះ។
យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញក៏បានផ្សព្វផ្សាយវីដេអូឃ្លីបមួយស្តីពីការស្ទាក់ចាប់របស់យន្តហោះយោធារុស្ស៊ី ដែលបានធ្វើឱ្យយន្តហោះឈ្លបយកការណ៍ដ្រូនគ្មានមនុស្សបើករបស់អាមេរិកមួយគ្រឿងធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅកាលពីថ្ងៃអង្គារកន្លងទៅនេះ។
វីដេអូនេះត្រូវបានចេញផ្សាយមួយថ្ងៃ ក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយជាមួយសមភាគីរបស់លោកគឺរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីអំពីការប៉ះទង្គិចគ្នានោះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់ក្រុមអ្នកយកសារព័ត៌មាន ក្រោយការប្រកាសថាលោកទើបតែបញ្ចប់ការនិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ថា៖ «សហរដ្ឋអាមេរិកនឹងបន្តការហោះហើរនិងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាតហើយនេះក៏ជាការទទួលខុសត្រូវផងដែររបស់រុស្ស៊ី ដើម្បីធ្វើប្រតិបត្តិការហោះហើរយន្តហោះយោធារបស់ខ្លួនក្នុងលក្ខណៈមានសុវត្ថិភាពនិងប្រកបដោយវិជ្ជាជីវៈ»៕