តម្រូវការគ្រាប់រំសេវរបស់យោធាអ៊ុយក្រែនទំនងជាចំណុចផ្ដោតដ៏ខ្លាំងមួយនៅលើរបៀបវារៈនៅថ្ងៃពុធនេះ នៅពេលដែលថ្នាក់ដឹកនាំការពារជាតិសហរដ្ឋអាមេរិករៀបចំកិច្ចប្រជុំរបស់មន្ត្រីផ្នែកការពារជាតិមកពីប្រទេសជិត ៥០ ដើម្បីពិភាក្សាអំពីអ្វីដែលអ៊ុយក្រែនត្រូវការដើម្បីតទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin នឹងរៀបចំការពិភាក្សាតាមអនឡាញនេះពីក្រសួងការពារជាតិ បន្ទាប់ពីក្រុមទំនាក់ទំនងផ្នែកការពារអ៊ុយក្រែន (Ukraine Defense Contact Group) បានជួបប្រជុំគ្នានៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់អស់ជាច្រើនដងរួចមក។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោកឧត្តមសេនីយ៍ត្រី Pat Ryder បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ដូចដែលយើងបានធ្វើតាំងពីពេលចាប់ផ្ដើមនៃយុទ្ធនាការនេះមក យើងនឹងបន្តធ្វើអ្វីៗគ្រប់បែបយ៉ាងដែលយើងអាចធ្វើបានដើម្បីធានាថាយើងបំពេញតាមតម្រូវការរបស់អ៊ុយក្រែន មិនថាវាជាគ្រាប់រំសេវ ជាការការពារដែនអាកាស ឬក៏ជាអាវក្រោះនោះទេ»។
មន្ត្រីរបស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការអូតង់ (NATO) បានសន្យាទាំងអស់គ្នាថានឹងបង្កើនកិច្ចប្រឹងប្រែងដើម្បីបំពេញបន្ថែមនូវស្តុកគ្រាប់រំសេវរបស់អ៊ុយក្រែនក៏ដូចជាស្ដុកគ្រាប់រំសេវរបស់ខ្លួន នៅពេលដែលការប្រយុទ្ធគ្នានៅអ៊ុយក្រែនអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំបន្ទាប់ពីរុស្ស៊ីបានចាប់ផ្ដើមការឈ្លានពានពេញទំហឹងលើអ៊ុយក្រែនមក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយអំពីការប្រជុំទាំងនេះជាមួយនឹងថ្នាក់ដឹកនាំយោធារបស់លោកថា៖ «យើងកំពុងពិចារណាជានិច្ចអំពីការផ្គត់ផ្គង់គ្រាប់រំសេវនិងសព្វាវុធ»។
លោកលើកឡើងដូច្នេះនៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីលោកបានជួបប្រជុំជាមួយនឹងមន្ត្រីយោធារបស់លោក។
លោក Zelenskyy បាននិយាយថា ការផ្ដោតជាចម្បងគឺលើកិច្ចប្រឹងប្រែងដើម្បីការពារសមរភូមិជួរមុខនៅភាគខាងកើត រួមទាំងតំបន់ Bakhmut ផងដែរដែលជាតំបន់មានការប្រយុទ្ធគ្នាខ្លាំងក្លាអស់រយៈពេលជាច្រើនខែកន្លងមក។ លោកបាននិយាយថា ជំហរពិតប្រាកដរបស់ថ្នាក់ដឹកនាំយោធាអ៊ុយក្រែនគឺ «ពង្រឹងទិសដៅនេះ និងធ្វើឱ្យពួកឈ្លានពានត្រួតត្រារងផលវិបាកជាអតិបរមាតាមដែលអាចធ្វើទៅបាន»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters។