ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Dmitry Medvedev ជួប​ពិភាក្សា​ជាមួយ​លោក Xi Jinping នៅ​ចិន​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន


អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ីលោក Dmitry Medvedev (ឆ្វេង) និង​ប្រធានាធិបតី​ចិន​ លោក Xi Jinping ចាប់​ដៃ​គ្នា​នៅ​ក្នុង​ជំនួប​របស់​ពួកគេ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២។

អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នៃ​ប្រទេស​ចិន និង​បាន​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ថ្ងៃ​ពុធ​នេះ ដែល​នៅ​ក្នុង​ការ​ពិភាក្សា​នោះ​លោក​បាន​និយាយ​ថា ​លោក​និង​លោក Xi បាន​ពិភាក្សា​គ្នា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Medvedev ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​តួនាទី​ជា​អនុ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ Telegram របស់​លោក​ដែល​បង្ហាញ​អំពី​លោក​ជួប​ជាមួយ​នឹង​លោក Xi និង​អំពី​ជំនួប​រវាង​មន្ត្រី​ចិន​និង​មន្ត្រី​រុស្ស៊ី។

លោក Medvedev បាន​និយាយ​ថា លោក​និង​លោក Xi បាន​ពិភាក្សា​គ្នា​អំពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ «គ្មាន​ដែន​កំណត់» របស់​ប្រទេស​ទាំង​ពីរ និង​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ណា​មួយ​ទៀត​ទេ។

លោក Medvedev បញ្ជាក់​ដូច្នេះ​ថា៖ «យើង​បាន​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​កាន់​អំណាច​ទាំង​ពីរ​របស់​ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ី...និង​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​រង្វង់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង ដែល​រួម​មាន​ទាំង​លើ​ផ្នែក​សេដ្ឋកិច្ច​និង​ផលិតកម្ម​ឧស្សាហកម្ម​ផង​ដែរ។ យើង​ក៏​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​អន្តរជាតិ​នានា ដែល​ក្នុង​នោះ​ជា​ការពិត​គឺ​រួម​មាន​ទាំង​បញ្ហា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ»។

លោក​បាន​បន្ថែម​ថា៖ «ការ​ពិភាក្សា​ទាំង​នោះ​គឺ​ទទួល​បាន​ផ្លែផ្កា»។

ប្រទេស​រុស្ស៊ី​បាន​បង្កើន​ការ​ងាក​របស់​ខ្លួន​ទៅ​រក​ប្រទេស​ចិន បន្ទាប់ពី​ខ្លួន​បាន​រង​នូវ​ទណ្ឌកម្ម​ជា​ច្រើន​ពី​ក្រុម​បស្ចិមប្រទេស ដែល​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន​ដោយសារតែ​ខ្លួន​បាន​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​តាំងពី​ខែ​កុម្ភៈ​មក។ រដ្ឋាភិបាល​រុស្ស៊ី​បាន​ហៅ​ការ​ឈ្លានពាន​របស់​ខ្លួន​នេះ​ថា​ជា «ប្រតិបត្តិការ​យោធា​ពិសេស»។

រុស្ស៊ី​កំពុង​ស្វះស្វែង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច នយោបាយ និង​សន្តិសុខ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ទៀត​ជាមួយ​នឹង​ចិន ដើម្បី​ទូទាត់​នូវ​ការ​បាត់បង់​របស់​ខ្លួន​នូវ​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម​បស្ចិមប្រទេស​ដែល​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា។ ជាង​នេះ​ទៀត រុស្ស៊ី​ចាត់ទុក​លោក Xi ថា​ជា​អាច​ក្លាយ​ជាសម្ព័ន្ធមិត្តមួយ​រូប​នៅ​ក្នុង​សម្ព័ន្ធភាព​ប្រឆាំង​នឹង​ក្រុម​បស្ចិម​ប្រទេស៕

XS
SM
MD
LG