មន្ត្រីជាន់ខ្ពស់ចិនម្នាក់និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានជំនឿថា ការបោះឆ្នោតនៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ នឹងជាការបោះឆ្នោតដែលសេរីត្រឹមត្រូវនិងយុត្តិធម៌។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីស.រ.អា. សហភាពអឺរ៉ុបបានដកការគាំទ្រសម្រាប់ការបោះឆ្នោតនេះ ដោយសារការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ និងដែលមានការគាំទ្រពីម្ចាស់ឆ្នោតជិត៥០%។
ចិន គឺជាប្រទេសដែលធ្វើការវិនិយោគទុនដ៏ធំនៅកម្ពុជា និងជាប្រទេសផ្តល់ការគាំទ្រ និងជំនួយដ៏សំខាន់សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍ ដែលប្រឈមនឹងការរិះគន់ថា អ្វីដែលលោកធ្វើគឺស្មើនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក Kong Xuanyou អនុរដ្ឋមន្ត្រីការបរទេសចិននិយាយថា ប្រទេសចិនគោរពនិងគាំទ្រមាគ៌ាអភិវឌ្ឍន៍ជ្រើសរើសដោយប្រជាជនកម្ពុជា ហើយមានជំនឿថា ការបោះឆ្នោតក្នុងពេលខាងមុខនេះ អាចឆ្លុះបញ្ចាំងយុត្តិធម៌ ភាពត្រឹមត្រូវ ដើម្បីជ្រើសរើសមេដឹកនាំ និងគណបក្ស ដែលប្រជាជនកម្ពុជាពេញចិត្ត។ លោក Kong Xuanyou បានថ្លែងដូច្នេះក្នុងសន្និសីទព័ត៌មាន នៅមុនទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Li Keqiang ដែលនឹងផ្តល់ការគាំទ្រសម្រាប់ការបោះឆ្នោត តែលោកមិនបាននិយាយឲ្យបានច្បាស់លាស់ថា ជាការគាំទ្រប្រភេទណានោះទេ។ មន្ត្រីកម្ពុជាធ្លាប់បាននិយាយថា ប្រទេសចិននឹងផ្តល់សម្ភារៈផ្សេងៗសម្រាប់ការបោះឆ្នោតសភានៅខែកក្កដាឆ្នាំនេះ ដូចជាប្រអប់ឆ្នោត និងបន្ទប់បោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី Li Keqiang នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជានៅថ្ងៃទី១០និង១១ខែមករា ហើយនឹងចូលរួមវេទិកាតំបន់រវាងប្រទេស៦ ដែលរួមមានឡាវ ភូមា ថៃ វៀតណាម កម្ពុជា និងចិន៕