ប្រទេសចិនបានរិះគន់ការគំរាមរបស់លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ដែលថាឈប់ធ្វើពាណិជ្ជកម្មជាមួយប្រទេសណាដែលមានជំនួញជាមួយកូរ៉េខាងជើង ក្រោយពីប្រទេសកុម្មុយនិស្តឯកោនេះធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចុងក្រោយបំផុត។
ចិននិយាយថា ចំណាត់ការរបស់ស.រ.អា.នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងពាណិជ្ជកម្មរវាងស.រ.អា.និងចិន។ លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិននិយាយថា វាជារឿងមិនអាចទទួលយកបានសម្រាប់ចិន ម្យ៉ាងដោយសារចិនខំយ៉ាងខ្លាំងរកដំណោះស្រាយដោយសន្តិភាពលើបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង តែផលប្រយោជន៍ចិនត្រូវរងទណ្ឌកម្មឬត្រូវខូចខាតទៅវិញ។ រឿងនេះមិនត្រឹមត្រូវនិងមិនយុត្តិធម៌ទេ។
ក្រោយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបំផ្ទុះសាកល្បងគ្រាប់បែកនុយក្លេអ៊ែរក្រោមដីធំបំផុតកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា លោកនឹងពិចារណាជម្រើសជាច្រើនក្នុងការឆ្លើយតប រួមមានការកាត់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។
វិធានការនេះអាចនឹងប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងអាមេរិកដែលមានទឹកប្រាក់ប្រចាំឆ្នាំប្រមាណ ៦៥០ពាន់លានដុល្លារ ព្រោះចិនគឺជាសម្ព័ន្ធមិត្តនិងជាដៃគូពាណិជ្ជកម្មធំបំផុតតែមួយរបស់កូរ៉េខាងជើង៕