ចិន​ចាប់​ខ្លួន​មនុស្ស​១២នាក់​ក្នុងការ​ស៊ើបអង្កេត​អំពី​ការ​បំផ្ទុះ​ទីក្រុង​ធានជីង

ទាហាន​ចិន​ផ្នែក​ការពារ​សាធាតុ​គីមី​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ការពារ​កំពុង​បាញ់​សារធាតុ​រាវ​លើ​គំនរ​បាក់បែក​នៅ​កន្លែង​ដែល​មាន​ការ​ផ្ទុះ​កាល​ពីសប្តាហ៍​មុន​ ក្នុង​ទីក្រុង​ Tianjin ប្រទេស​ចិន​ កាល​ពី​ថ្ងៃទី​២១​ ខែសីហា ឆ្នាំ២០១៥។

ប៉ូលិស​ចិន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​១២​នាក់​ ដែល​គេ​និយាយ​ថា ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​ដ៏ធំ​ក្នុង​កន្លែង​ស្តុក​អ៊ីវ៉ាន់​នៅក្នុង​ទីក្រុង​កំពុងផែ​ ធានជីង ​ដែល ក្រុម​មន្ត្រី​បាន​បង្ហាញ​តួលេខ​មនុស្ស​ស្លាប់​កាន់​តែច្រើន​ចេញ​ពីការ​បំផ្ទុះ​នោះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​រដ្ឋ។

ក្នុង​ចំណោម​ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​មាន​ Yu Xuewei ​និង ​Dong Shexuan ​ដែល​ជា​ម្ចាស់​ហ៊ុន​ដ៏ធំ​បំផុត​នៃក្រុមហ៊ុន ​Ruihai​ International ​Logistics ដែល​កាន់​កាប់​ឃ្លាំង​ស្តុក​អ៊ីវ៉ាន់​ក្នុង​ក្រុង​ ធានជីង​ ជា​កន្លែង​មាន​ការផ្ទុះ​នោះ។ ​នេះ​ជា​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

បណ្តាញ​ព័ត៌មាន​រដ្ឋ​បាន​ចុះ​ផ្សាយ​កន្លង​ទៅ​អំពីការ​សារភាព​របស់​អ្នក​ជំនួញ​ ពីរនាក់​ដែល​មាន​ទំនាក់​ទំនង​ល្អ ​ដែល​គេ​រាយការណ៍​មកថា ​គេបាន​ប្រើប្រាស់ ទំនាក់​ទំនង​របស់ពួក​គេនោះ​ជាមួយ​នឹង​អាជ្ញាធរ​ក្នុង​ស្រុក​ដើម្បី​ទទួល​បាន​អាជ្ញា ប័ណ្ណ​សុវត្តិភាព​ដែល​ទំនង​ជា​ក្លែងក្លាយ។​ អគ្គនាយក​រង​នៃក្រុមហ៊ុន ​Ruihai បីនាក់​ក៏​ត្រូវ​ចាប់​ខ្លួន​ផង​ដែរ ​ហើយ​គេ​មិន​ទាន់​បង្ហាញ​ឈ្មោះអ្នក​ជាប់​ឃុំ​ដ៏ទៃទៀត​នៅ​ឡើយ​ទេ៕