បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់ចិន បានប្រកាសកាលពីថ្ងៃអង្គារ ថាភាគីប្រឆាំងគ្នារបស់ប៉ាឡេស្ទីន គឺ ក្រុមហាម៉ាស់និងក្រុម Fatah បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នាអស់ពេលជាច្រើនឆ្នាំមកហើយ ហើយរួបរួមគ្នា ដើម្បីបង្កើតជារដ្ឋាភិបាលបង្រួបបង្រួមជាតិមួយ។
បណ្តាញផ្សាយទូរទស្សន៍ចិន CGTN បានរាយការណ៍នៅក្នុងសារតាមបណ្តាញសង្គមមួយថាកិច្ចព្រមព្រៀងនោះ បានចុះហត្ថលេខានៅក្នុងទីក្រុងប៉េកាំង ក្រោយពីកិច្ចប្រជុំ២ថ្ងៃ ដែលបានស្ថិតនៅក្រោមការជ្រោមជ្រែងរបស់លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi។ កិច្ចពិភាក្សារវាងភាគីធំៗទាំងពីរនោះ ក៏មានរួមបញ្ចូលភាគីប៉ាឡេស្ទីនតូចៗឯទៀតចំនួន១២ផងដែរ។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋចិន CCTV មិនបានផ្តល់សេចក្តីពិស្តារអំពីកិច្ចព្រមព្រៀងនោះឡើយ។
កិច្ចពិភាក្សានៅក្នុងទីក្រុងប៉េកាំងធ្វើឡើងក្នុងគោលបំណងបង្កើតផែនទីមួយដែលអាចយកទៅប្រើប្រាស់ នៅក្នុងតំបន់ហ្កាហ្សាក្រោយសង្គ្រាមបន្ទាប់ពីមានការឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលនឹងបញ្ចប់សង្គ្រាម៩ខែ នៅហ្កាហ្សា។ សង្គ្រាមនេះបានផ្ទុះឡើងដោយសារការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ដោយក្រុមអ្នកប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្ស ១២០០នាក់ និងបានចាប់ខ្លួនមនុស្សប្រមាណ ២៥០នាក់ធ្វើជាចំណាប់ខ្មាំង។
អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមដែនអាកាសនិងតាមជើងគោកដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៨.៥០០នាក់ ហើយធ្វើឱ្យមនុស្សជាង ៨៨.០០០នាក់ របួស។ នេះបើតាមតួលេខរបស់ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា។
ក្រុម Fatah និងក្រុមហាម៉ាស់ បានទាស់ទែងគ្នាអស់ពេលជាច្រើនសិបឆ្នាំ ដោយសារជំហរខុសគ្នារបស់ពួកគេ ចំពោះប្រទេសអ៊ីស្រាអែល។
ក្រុម Fatah គ្របដណ្តប់នៅក្នុងអាជ្ញាធរប៉ាឡេស្ទីន ដែលកាន់កាប់ផ្នែកខ្លះនៃតំបន់ West Bank ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីស្រាអែល។ ចំណែកក្រុមហាម៉ាស់វិញប្រកែកមិនព្រមទទួលស្គាល់រដ្ឋអ៊ីស្រាអែលជាផ្លូវការឡើយ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Reuters និង Agence France-Presse