ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ឯក​អគ្គរដ្ឋ​ទូត​ចិន​ថ្មី​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ដែក​ថែប​កម្ពុជា​ចិន​កាន់តែ​ប្រសើរ


លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំំណាង/វីអូអេ)
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំំណាង/វីអូអេ)

ឯកអគ្គរដ្ឋទូត​ចិន​លោក Wang Wenbin គ្រោងនឹង​មក​ដល់​ប្រទេស​កម្ពុជា​នាថ្ងៃ​សុក្រ​នេះ​ ដើម្បី​បំពេញ​បេសកម្ម​ការទូតរ​យៈ​ពេល​ ៥ ឆ្នាំ​ និងបន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​កំពុង​ស្ថិត​ក្រោមការដឹកនាំ​របស់​អ្នក​នយោបាយ​ជំនាន់ថ្មី​នៃគណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​ជាង ៤០ ឆ្នាំ​នៅ​ប្រទេស​កម្ពុជា​។

លោក Wang Wenbin វ័យ​ ៥៣ ឆ្នាំ​ ជាអតីត​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ត្រូវបាន​តែងតាំង​ជា​ឯក​អគ្គ​រដ្ឋទូតចិន​ប្រចាំ​ប្រទេស​កម្ពុជា​ កាលពី​ខែ​មិថុនា ឆ្នាំ ​២០២៤។ លោក​មាន​បទពិសោធន៍​ការទូត​ជាង ​៣០ ឆ្នាំ​ និង​ធ្លាប់​ជា​ឯកអគ្គរដ្ឋទូត​នៅ​ប្រទេស​ Tunisia។ នេះ​បើតាម​សារព័ត៌មាន​ចិន ​China Daily។

ជាមួយ​នឹងបទពិសោធន៍​ការទូត​ក្រាស់ក្រែល​នេះ​ អ្នកវិភាគ​ជឿថា​ លោក Wang Wenbin នឹង​អាចបន្ត​រក្សា​ទំនាក់​ទំនង​ស្អិត​ល្មួត​រវាង​ចិន​ និងកម្ពុជា​ ឬអាច​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំងថែម​ទៀត​មក​លើ​រដ្ឋាភិបាល​ទីក្រុងភ្នំពេញ និង​ក្នុង​តំបន់​ផង​ដែរ។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​អន្តរ​ជាតិ ​លោក​ សេង វណ្ណលី​ យល់​ឃើញ​ថា​លោក Wang Wenbin ជាមន្ត្រីការទូត​ជាន់​ខ្ពស់​ និង​មាន​បទពិសោធន៍​ច្រើនក្នុង​វិស័យ​ការទូត​ ដែល​អាច​ធ្វើឱ្យ​ការសម្រេចចិត្ត​របស់​លោក​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អ្នក​កាន់​ការងារ​មុនលោក​ក្នុង​ពេល​លោក​បំពេញ​ភារកិច្ច​ជាឯក​អគ្គរដ្ឋ​ទូត​វិសា​មញ្ញ និង​ពេញ​សមត្ថភាព​តំណាង​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅ​ប្រទេស​កម្ពុជា​។

លោកថ្លែងថា៖ «ដោយសារតែ​លោក​មាន​ភាព​ល្បីល្បាញ​ ធ្លាប់​ជា​អ្នកនាំពាក្យ​ហើយថ្វីមាត់​របស់​លោក​ហ្នឹង​មានភាព​ស៊ីជម្រៅ​ ក៏ដូច​ជា​ការឆ្លើយ​តប​របស់​លោកហ្នឹង​មាន​ការ​ទទួល​ស្គាល់​នៅក្នុង​ចំណោម​អ្នកការទូត​ចិន​ក៏ដូច​ជា ពិភពលោក​ ដែល​មើល​ឃើញ​លោក​តែង​តែ​លេចមុខមាត់​ឆ្លើយ​តប​យ៉ាងខ្លាំង​ទៅកាន់​ប្រទេស​បច្ចាមិត្ត​ ឬក៏ប្រទេស​ បស្ចិមលោក​មាន​សហរដ្ឋអាមេរិក​ជាដើម​រាល់​ការ​ចោទ​ប្រកាន់​នានា​ ពាក់​ព័ន្ធនឹង​ការ​ដែល​ចិន​ងើប​ឡើង​ មិនសន្តិភាព​អីជាដើម​នោះ​ ឬក៏​ភាព​គឃ្លើន​របស់​ចិន​នៅក្នុង​សកម្មភាព​នានា​ មិនថា​សមុទ្រ​ចិន​ខាង​ត្បូង ឬក៏​ជម្លោះ​របស់​ខ្លួន​ជាមួយ​តៃវ៉ាន់​អីជាដើម»។

លោកថា​ វត្តមាន​របស់​លោក Wang Wenbin ជា​ឯកអគ្គរដ្ឋទូត​ចិន​នៅកម្ពុជា​ គឺចំពេល​ដែល​ប្រទេសលោក​សេរី​មួយ​ចំនួន​ដូច​ជា អូស្រ្តាលី និង​ សហរដ្ឋ​អាមេរិក​បានបញ្ជូន​មន្ត្រី​ការទូត​ជាន់ខ្ពស់​ការទូត​របស់​ផងខ្លួន ដែល​សុទ្ធសឹង​តែបាន​សិក្សា​ពីកិច្ចការ​នានា​របស់​ប្រទេស​ចិន​មក​បំពេញ​ការងារ​នៅកម្ពុជា។ ទោះ​យ៉ាងណា​ លោក​ជឿថា​ លោក​ Wang Wenbin អាចនឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ និង​មាន​សមត្ថភាព​តបតក្នុង​សមរភូមិ​ការទូត​របស់​ប្រទេស​មហា​អំណាច​ និង​ប្រទេស​ក្នុងតំបន់​មួយចំនួន​ដែល​អាច​កើតមាន​នៅ​កម្ពុជា​។

លោក​ថ្លែងថា៖​ «ទូតថ្មីៗនេះ​ ហាក់បី​ដូច​ជាទូត​ដែល​មាន​ជំនាញ​កិច្ចការ​នយោបាយ​ចិនខ្លាំង​ ហើយ​អាច​ដោយសារ​អ៊ីចឹង​ហើយ​ បាន​ធ្វើឱ្យចិន​ហ្នឹង​គាត់​តែងតាំង​ លោក Wang Wenbin ដែល​ជា​អតីត​អ្នកនាំពាក្យរបស់​ការបទេស​ចិនហ្នឹង​ឱ្យជា​ឯកអគ្គរដ្ឋទូត​ ឯកអគ្គរដ្ឋទូត​របស់​ខ្លួននៅ​ភ្នំពេញ​ អាច​ថា​ដើម្បីទប់ទល់​នឹង​ការ​វាយប្រហារ​រិះគន់​ ឬក៏ទប់ទល់​ជាមួយ​នឹង​យុទ្ធសាស្ត្រ​របស់​ប្រទេស​បស្ចិម​លោក​ដែល​តែង​តាំង​ទូត​របស់​ខ្លួន​ដែល​មាន​ជំនាញ​ចិនហ្នឹង​មក​កាន់​កម្ពុជា​ដែរ»។

លោក Wang Wenbin បានបម្រើ​ការងារ​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ទី ៣២​ ចាប់​ពី​ខែកក្កដា​ ឆ្នាំ​ ២០២០​ ដល់ខែ​ឧសភា​ ឆ្នាំ ២០២៤​។ លោក​បាន​ធ្វើកិច្ចការ​ច្រើន​ក្នុង​ការ​រៀប​ផែនការ​គោល​នយោបាយ​ និងកិច្ចការ​របស់​ក្រុម​ប្រទេស​អាហ្វ្រិក​។ នេះបើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយរដ្ឋ​ចិន។

លោក​ Wang Wenbin បាន​ទទួល​ការតែងតាំង​ពី​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ចិន ​Xi Jinpin ឱ្យមក​បំពេញ​ការងារ​ជា​ឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំ​កម្ពុជា​ជំនួស​លោក​ Wang Wentian ដែល​ទើប​បញ្ចប់​អាណត្តិ​នាពេលថ្មីៗនេះ​។ លោក Wang Wentian ទទួលបាន​ការ​កោតសរសើរ​ពីរដ្ឋាភិបាល​កម្ពុជាចំ​ពោះ​តួនាទី​លោក​ដែលបាន​ពង្រឹង​ទំនាក់​ទំនង​និង​កិច្ចសហ​ប្រតិបត្តិការ​រវាង​កម្ពុជា​និង​ចិន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

យ៉ាងណាក៏ដោយ​ ភាគី​កម្ពុជា​និង​ចិន​បាន​បញ្ជាក់​ជាច្រើនដង​ថា ​ទំនាក់​ទំនងនិង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​មាន​លក្ខណៈ​ «ល្អប្រសើរ និង​កា​រចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ឋានៈ​ជា​មិត្ត​ដែក​ថែប ដ៏​ស្មោះ​ត្រង់ និង​ទុក​ចិត្ត​បាន»។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក ​គិន ភា យល់​ឃើញ​ថា​ ការ​ផ្លាស់​ប្តូរ​និង​តែង​តាំង​ឯកអគ្គ​រដ្ឋចិន​ថ្មី​គឺ​ជាការបន្ត​និរន្តភាព​ក្នុងទំនាក់​ទំនង​កម្ពុជាចិន​ ដែល​កំពុង​មាន​ភាពល្អ​ស្រាប់​ទៅ​ហើយ។ ​ក្រៅ​ពីកិច្ចការ​ទូត​ លោក​រំពឹង​ថា​លោក Wang Wenbin នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​ផ្នែក​សេដ្ឋកិច្ច​សំណង់​របស់​ចិន​ដូចជានៅក្នុង​ខេត្ត​ព្រះសីហនុ​ជាដើម។

លោក​ថ្លែង​ថា៖ «ជាក់​ស្តែង​ដូចជា​បញ្ហា​នៅ​អាគារ​នៅ​ក្រុង​ព្រះសីហនុ​គួរ​តែ​ត្រូវ​បាន​វិនិយោគ គួរ​តែ​ត្រូវ​បាន​កែ​លម្អ ដោយ​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឱ្យ​មាន​រូបភាព​អវិជ្ជមាន​នៅ​ក្នុង​ទំនាក់​ទំនង​ទេ្វភាគី​របស់​ប្រទេស​ទាំង​ពីរ ជាពិសេស​កុំ​ឱ្យ​ការ​វិនិយោគ​ចិន​ត្រូវ​បាន​គេ​លាប​ពណ៌​ថា​ជា​ការ​វិនិយោគ​ចិន​ជា​ការ​វិនិយោគ​បែប​ពពុះ​សាប៊ូ»។

ជុំវិញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ទេ្វភាគី​កម្ពុជាចិន លោក គិន ភា លើក​ឡើង​ថា ប្រទេស​ទាំង​ពីរ​គឺ​នឹង​កាន់​តែ​ប្រសើរ​ឡើង ស្របពេល​ដែល​កម្ពុជាចិន​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ហៅ​កាត់​ថា ​RCEP។

លោក​បញ្ជាក់​ថា បើ​ទោះបីជា​មាន​កិច្ច​ព្រមព្រៀង​ទាំងនេះ​ហើយ​ក្តី ក៏​កម្ពុជា​គួរ​តែ​ធ្វើ​ពិពិធកម្ម​លើ​ទំនិញ​របស់​ខ្លួន​បន្ថែម​ទៀត​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន ដោយ​សារ​តែ​កន្លង​ទៅ​កម្ពុជា​បាន​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន​ច្រើន​ជាង​ការ​នាំ​ចេញ​ពី​កម្ពុជា ដោយ​ការ​នាំចូល​នោះ​គឺ​មាន​ទំហំ​ធំ​ខ្លាំង​ជាង​ការ​វិនិយោគ​ក្នុង​ស្រុក​ទៀត​ផង។

លោក​បណ្ឌិត គិន ភា ថ្លែង​ថា៖ «ឥទ្ធិពល​របស់​ចិន​ក៏​មិន​មាន​ការ​ស្រក​ស្រុត​ដែរ​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ហើយ​នេះ​គេ​ហៅ​ថា​ការ​ផ្តល់​នូវ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​ ទៅ​លើ​ទិដ្ឋភាព​នយោបាយ ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ​សង្គម​ វប្បធម៌។ អ៊ីចឹង​ឥទ្ធិពល​នេះ​វា​មិន​ចំណុះ​ខ្លាំង​ពេក​ទេ​ទៅ​លើ​អ្នក​ការទូត ប៉ុន្តែ​វា​ជះ​ឥទ្ធិពល​ជារួម​ទៅ​លើ​ទំនាក់​ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ»។

មុនការ​មក​ដល់​របស់​លោក Wang Wenbin រដ្ឋាភិបាល​ទីក្រុងភ្នំពេញ និង​ទីក្រុង​ប៉េកាំង​បាន​ប្រកាស​គាំទ្រគ្នា​ទៅវិញ​ទៅមក​លើ​គ្រប់​វិស័យ​ និងបាន​បង្ហាញ​ការ​តាំងចិត្ត​លើការ​កសាង «វាសនារួម» រវាង​ប្រទេស​ទាំងពីរ។ ការ​ប្រកាស​នេះ​ កើតមានឡើង​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi ក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ខែមេសា​កន្លងទៅ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ជុំ សន្ទរី អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

ជាផ្នែកមួយ​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​ដែកថែប​កម្ពុជា​ចិន ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗនេះ ដោយ​ប្រសិទ្ធ​នាម​ ឬ​ដាក់​ឈ្មោះ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ជា​ «មហាវិថី​ស៊ី ជីន​ពីង» ​ដែល​ជា​ឈ្មោះ​របស់​ប្រធានាធិបតី​ចិន​ នៅ​កំណាត់​ផ្លូវ​ប្រវែង​ជាង ​៥០ ​គីឡូ​ម៉ែត្រ ​ដែល​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​ ១ ​ក្នុង​ខេត្ត​កណ្តាល ​មក​ផ្លូវ​ជាតិ​លេខ ​៤ ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ។ ​ ការសាង​សង់​ផ្លូវ​នេះ​ចំណាយ​ថវិកា​ប្រមាណ ​២៧០ ​លាន​ដុល្លារ​អាមេរិក ​ក្រោម​ហិរញ្ញ​ប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​និង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា។​

ការលេច​មុខ​របស់​លោក Wang Wenbin ជា​ឯកអគ្គរដ្ឋទូត​ចិន​តែងតាំងថ្មី​នៅ​កម្ពុជា កើតឡើង​ ស្រប​ពេល​ដែលសហ​រដ្ឋ​អាមេរិក​បាន​ចាត់តាំង​មន្រ្តី​ការ​បរទេស​ជាន់​ខ្ពស់​គឺ​លោក​ Robert Forden ​ឱ្យ​ធ្វើ​ជា​ឯក​អគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។​

លោក​ Robert Forden គឺ​ជា​សមាជិក​ផ្នែក​កិច្ចការ​បរទេស​ជាន់​ខ្ពស់​ ដែល​មាន​ឋានៈ​ជា​ទីប្រឹក្សា​របស់​រដ្ឋមន្ត្រី ​ហើយ​បច្ចុប្បន្ន​នេះ ​លោក​កំពុង​បំពេញ​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ការិយាល័យ​ កិច្ចការ​អាស៊ីខាង​កើត​ និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក។ ការណ៍​នេះ​គឺ​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ថា ការ​តែង​តាំង​មន្រ្តី​ការទូត​ជាន់​ខ្ពស់​របស់​ចិន និង​សហរដ្ឋ​អាមេរិក​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​និន្នាការ​ប្រកួត​ប្រជែង​ខាងភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG