រដ្ឋាភិបាលចិនបានចោទប្រកាន់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បត៍នេះថា បានស្វះស្វែងធ្វើឲ្យមានអស្ថិរភាពនៅដែនដីទីបេ បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានតែងតាំងមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់មួយរូប ឲ្យធ្វើជាអ្នកសម្របសម្រួលពិសេសសម្រាប់បញ្ហាទីបេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាសកាលពីថ្ងៃពុធម្សិលមិញថា លោក Robert Destro ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នឹងកាន់មុខតំណែងសម្របសម្រួលបញ្ហាទីបេនេះបន្ថែម ដែលមុខតំណែងនេះបាននៅទំនេរចាប់តាំងពីការចាប់ផ្តើមនៃអាណត្តិរបស់លោកប្រធានាធិបតី Trump ក្នុងឆ្នាំ ២០១៧ មក។
លោក Pompeo បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយដូច្នេះថា លោក Destro៖ «នឹងដឹកនាំកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការលើកកម្ពស់កិច្ចសន្ទនារវាងសាធារណរដ្ឋប្រជាមានិតចិន និងសម្ដេចសង្ឃ Dalai Lama ឬក៏អ្នកតំណាងរបស់ព្រះអង្គ ការការពារអត្តសញ្ញាណពិសេសតែមួយគត់ផ្នែកសាសនា វប្បធម៌ និងភាសានៃជាតិសាសន៍ទីបេ និងការជំរុញឲ្យមានការគោរពចំពោះសិទ្ធិសេរីភាពរបស់ពួកគេ»។
កន្លងមក ប្រទេសចិនបានបដិសេធជាបន្តបន្ទាប់មិនព្រមធ្វើការជាមួយអ្នកសម្របសម្រួលសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា វាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា៖ «កិច្ចការទីបេជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដែលមិនអនុញ្ញាតឲ្យបរទេសជ្រៀតជ្រែកទេ»។
លោក Zhao Lijian បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា៖ «ការតែងតាំង [របស់សហរដ្ឋអាមេរិកនូវ] អ្នកសម្របសម្រួលសម្រាប់បញ្ហាទីបេ គឺជាការរៀបចំផ្នែកនយោបាយទាំងស្រុងដើម្បីជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឲ្យមានអស្ថិរភាពដល់តំបន់ទីបេ។ រដ្ឋាភិបាលចិនជំទាស់ដាច់ខាតចំពោះរឿងនេះ»។
ការតែងតាំងអ្នកសម្របសម្រួលសម្រាប់បញ្ហាទីបេនេះបានធ្វើឡើង នៅពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ទាក់ទិននឹងបញ្ហាជាច្រើន ដូចជាបញ្ហាពាណិជ្ជកម្ម បញ្ហាកោះតៃវ៉ាន់ បញ្ហាសិទ្ធិមនុស្ស បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាជំងឺកូវីដ១៩ ជាដើម៕