ចិន​ចោទ​សហរដ្ឋ​អាមេរិក​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត«រាប់​ម៉ឺន​ដង»

រូបឯកសារ៖ ភ្លើង LED ត្រូវ​បាន​ដាក់​នៅ​ពី​ខាង​មុខ​ពាក្យ​ថា «ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត» ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១។ (REUTERS/Dado Ruvic/Illustration)

នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ចិន​បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត «រាប់​ម៉ឺន​ដង» លើ​ប្រទេស​ចិន និង​ថា​បាន​លួច​ទិន្ន័យ​សម្ងាត់​ជាច្រើន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ទិន្នន័យ​មកពី​សាកលវិទ្យាល័យ​ស្រាវជ្រាវ​មួយ​របស់​រដ្ឋ​ផង​ដែរ។

កន្លង​មក រដ្ឋាភិបាល​អាមេរិក​បាន​ចោទ​រដ្ឋាភិបាល​ចិន​ថា​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​ផ្សេងៗ​របស់​សហរដ្ឋ​អាមេរិក​និង​លើ​ទីភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​អាមេរិក។ នេះ​គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​នាំ​ឱ្យ​ចំណង​ទាក់ទង​រវាង​ប្រទេស​មហា​អំណាច​ទាំង​ពីរ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

រដ្ឋាភិបាល​ចិន​តែងតែ​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក ហើយ​បាន​ចោទ សហរដ្ឋ​អាមេរិក​វិញ​ថា​បាន​ធ្វើ​ចារកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ប៉ុន្តែ​កម្រ​បង្ហាញ​ជា​សាធារណៈ​នូវ​ព័ត៌មាន​លំអិត​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​ជាក់លាក់​ណា​មួយ​ណាស់។

របាយការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដោយ​មជ្ឈមណ្ឌល​ជាតិ​របស់​ប្រទេស​ចិន​ទទួល​បន្ទុក​កិច្ចការ​ឆ្លើយតប​បន្ទាន់​នឹង​វីរុស​កុំព្យូទ័រ (National Computer Virus Emergency Response Center) បាន​ចោទ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក (NSA) ថា​បាន​ធ្វើ​ការ «វាយ​ប្រហារ​បែប​ព្យាបាទ​រាប់​ម៉ឺន​ដង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ប្រទេស​ចិន​នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ»។

របាយការណ៍​នេះ​បាន​ចោទ​ប្រកាន់​ជា​ពិសេស​លើ​ការិយាល័យ Tailored Access Operations របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក ថា​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​សាកលវិទ្យាល័យ Northwestern Polytechnical ក្នុង​ទីក្រុង Xi'an នៃ​ប្រទេស​ចិន។

សាកលវិទ្យាល័យ​នេះ​ទទួល​បាន​ថវិកា​ផ្គត់ផ្គង់​ពី​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រដ្ឋាភិបាល​ចិន ហើយ​មាន​ជំនាញ​ខាង​ការ​ស្រាវជ្រាវ​ផ្នែក​អាកាសចរណ៍​វិទ្យា​និង​អវកាស។

មជ្ឈមណ្ឌល​ជាតិ​របស់​ប្រទេស​ចិន​ទទួល​បន្ទុក​កិច្ចការ​ឆ្លើយតប​បន្ទាន់​នឹង​វីរុស​កុំព្យូទ័រ​បាន​ចោទ​ថា​ការិយាល័យ​របស់​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​នោះ​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​សាកលវិទ្យាល័យ​នេះ ហើយ​បាន «ត្រួតត្រា​លើ​ឧបករណ៍​បណ្ដាញ​កុំព្យូទ័រ​រាប់​ម៉ឺន​គ្រឿង»។

ក្រសួង​ការបរទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ថ្កោលទោស​ចំពោះ​អ្វី​ដែល​ចិន​ចោទ​ថា​ជា​ការ​វាយ​ប្រហារ​នោះ ដោយ​បាន​បញ្ជាក់​ថា​វា «ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន​និង​សន្តិសុខ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​ចិន‍»។

អ្នកស្រី Mao Ning អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា៖ «យើង​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ផ្តល់​ការ​ពន្យល់ និង​ជំរុញ​ឱ្យ​ពួកគេ​បញ្ឈប់​ជា​បន្ទាន់​នូវ​វិធានការ​ខុស​ច្បាប់​នេះ»។

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​ឆ្លើយតប​ចំពោះ​សំណើ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ស្នើ​ឱ្យ​មាន​ការ​បកស្រាយ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ៕