ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះពីការប្រើប្រាស់កម្លាំងដោយមិនរើសមុខក្នុងការបាញ់ទម្លាក់បាឡុងរបស់ចិន ដែលគេសង្ស័យថាប្រើធ្វើចារកម្មដោយនិយាយថា វា«បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ និងវឌ្ឍនភាពក្នុងការធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាព»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
សហរដ្ឋអាមេរិកបានបាញ់ទម្លាក់បាឡុងនៅហួសពី ឆ្នេរសមុទ្រ Carolina បន្ទាប់ពីវាបានហោះឆ្លងកាត់ទីតាំងយោធាដ៏រសើបនៅទូទាំងតំបន់អាមេរិកខាងជើង។ ប្រទេសចិនបានទទូចថា បាឡុងនេះជាឧបទ្ទវហេតុមួយដែលទាក់ទងនឹងយន្តហោះស៊ីវិលប៉ុណ្ណោះ។
អនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie Feng បាននិយាយថា លោកបានដាក់ពាក្យតវ៉ាជាផ្លូវការមួយទៅកាន់ស្ថានទូតអាមេរិកកាលពីថ្ងៃអាទិត្យជុំវិញ «ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើយានហោះហើរគ្មានមនុស្សបើកស៊ីវិលរបស់ចិន ដោយកម្លាំងយោធា»។
លោក Xie បាននិយាយថា «ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនបានយកត្រចៀកស្តាប់ ហើយបានទទូចប្រើប្រាស់កម្លាំងដោយមិនរើសមុខប្រឆាំងនឹងយានហោះហើរស៊ីវិល ដែលហៀបនឹងចាកចេញពីដែនអាកាសសហរដ្ឋអាមេរិក។ ជាក់ស្តែងនេះជាប្រតិកម្មហួសហេតុ និងបានរំលោភយ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃច្បាប់អន្តរជាតិ និងការអនុវត្តអន្តរជាតិ»។
វត្តមានរបស់បាឡុងនៅលើមេឃនៅពីលើសហរដ្ឋអាមេរិកបានប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងអាមេរិកនិងចិនដែលកំពុងតានតឹងរួចហើយដែលបានធ្លាក់ចុះអស់ជាច្រើនឆ្នាំ។ វាបានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken លុបចោលភ្លាមៗនូវដំណើរទស្សនកិច្ចទៅទីក្រុងប៉េកាំងដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹង។
លោក Xie បានទទូចម្តងទៀតនូវការអះអាងរបស់ប្រទេសចិនដែលថា បាឡុង គឺជាយានហោះហើរគ្មានមនុស្សបើកស៊ីវិលរបស់ចិន ដែលបានហោះចូលទៅក្នុងដែនអាកាសសហរដ្ឋអាមេរិកដោយច្រឡំ ដោយហៅវាថាជា«ឧបទ្ទវហេតុចៃដន្យដែលបង្កឡើងដោយកម្លាំងទំនាញមិនអាចគ្រប់គ្រងបាន»៕
ទីក្រុងប៉េកាំង —