សភា​ចិន​បោះ​ឆ្នោត​លុប​ចោល​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី

ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​ដាក់​សន្លឹក​ឆ្នោត​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​វិសោធនកម្ម​លុបបំបាត់​អាណត្តិ​របស់​ប្រធានាធិបតី​កាលពីថ្ងៃទី១១ មីនា ២០១៨។

សភា​ជាតិ​ប្រជាជន​ចិន​របស់​ប្រទេស​ចិន​បាន​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​លុប​ចោល​នូវ​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី។

ការ​បោះ​ឆ្នោត​នេះ​បាន​បង្កើត​នូវ​វិថី​មួយ​ដែល​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន​លោក Xi Jinping អាច​ដឹកនាំ​ប្រទេស​ចិន​បាន​ដោយ​គ្មាន​កាល​កំណត់។

អាណត្តិ​ជា​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​លោក Xi Jinping នឹង​ចប់​នៅ​ក្នុង​ឆ្នាំ ២០២៣ ប៉ុន្តែ​អ្នក​វិភាគ​នានា​អះអាង​ថា លោក​ទំនងជា​បន្ត​ធ្វើ​ជា​មេដឹកនាំ​របស់​ប្រទេស​ចិន​បន្ត​ទៅ​មុខ​ទៀត។

វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​អាទិត្យ​នេះ ក៏​នឹង​បញ្ចូល​ផង​ដែរ​នូវ​គំនិត និង​ទស្សនវិស័យ​នយោបាយ​របស់​លោក Xi Jinping ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​សម្រាប់​មេដឹកនាំ​ចិន​កំពុង​កាន់​តំណែង តាំង​ពី​អាណត្តិ​របស់​ស្ថាបនិក​ប្រទេស​ចិន​លោក ម៉ៅ សេទុង មក។

វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាំង​នេះ​ក៏​មាន​បញ្ជាក់​នៅ​ក្នុង​ឃ្លា​ច្បាស់លាស់​ជាង​ពេល​ណាៗ​ទាំង​អស់​មួយ​ផង​ដែរ ដែល​ថា គណបក្ស​កុម្មុយនិស្ត​ចិន​មាន​សិទ្ធិ​អំណាច​គ្រប់គ្រង​លើ​កិច្ចការ​ទាំង​អស់ ហើយ​គណបក្ស​នេះ​គឺ​ជា​អង្គការ​នយោបាយ​តែ​មួយ​គត់​ដែល​សក្ដិសម​ដឹកនាំ​ប្រទេស​ចិន។

ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន។ វិធានការ​នយោបាយ​ដែល​តម្រូវ​ឲ្យ​មេដឹកនាំ​ចិន​អាច​កាន់​អំណាច​បាន​គ្មាន​ការ​កំណត់​ដូច​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចិន​ភាគ​ច្រើន​នឹក​ឃើញ​ឡើង​វិញ​នូវ​ការ​ដឹកនាំ​របស់​លោក ម៉ៅ សេទុង ដែល​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​ភាព​ច្របូកច្របល់ និង​បដិវត្តន៍​វប្បធម៌​ពី​ឆ្នាំ ១៩៦៦ ដល់​ឆ្នាំ ១៩៧៦៕