ទិដ្ឋភាពរន្ធត់នានា ដូចជាផ្ទះត្រូវគេដុត ឧទ្ធម្ភាគចក្រហោះកាត់ពីលើ និងជនអំបូរ Rohingya រត់គេចពីគ្រាប់កាំភ្លើង និងក្រុមឧក្រិដ្ឋជនប្រដាប់ដោយដាវជាដើម មិនត្រូវបានបង្ហាញឲ្យអ្នកសារព័ត៌មាន ឬអ្នកតាមដានសិទ្ធិមនុស្សនានាដែលប្រមូលភស្តុតាងអំពីការរំលោភសិទ្ធិមនុស្សទាំងនេះបានដឹងនោះទេ។ ប៉ុន្តែ ទិដ្ឋភាពទាំងនេះ គឺបង្ហាញឡើងតាមរយៈគំនូរដែលគូរដោយកុមារ។
លោក Anthony Lake នាយកប្រតិបត្តិនៃអង្គការ UNICEF បានប្រាប់អ្នកសារព័ត៌មាននានានៅក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី ៣ ខែតុលា កន្លងទៅនេះថា៖ «នៅពេលដែលយើងធ្វើការជាមួយនឹងកុមារ ដោយព្យាយាមជួយពួកគេឲ្យរួចផុតពីការប៉ះទង្គិចផ្លូវចិត្តនោះ វិធីមួយដែលយើងប្រើគឺឲ្យកុមារទាំងនោះគូររូប។ កន្លងមក ខ្ញុំបានឃើញរូបជាច្រើនមានទាំងរូបសប្បាយរីករាយ និងរូបឈឺចាប់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កុមារទាំងនោះអាចគូររូបដ៏សប្បាយរីករាយអំពីផ្ទះសម្បែងរបស់ពួកគេ ឬក៏អំពីអ្វីដែលពួកគេបានឃើញនៅជុំវិញខ្លួន»។
ប៉ុន្តែ ចំពោះរូបគំនូរដែលបង្ហាញពីទិដ្ឋភាពឈឺចាប់របស់ជនភៀសខ្លួន Rohingya វិញ គឺខុសពីនេះ ដោយលោកបាននិយាយថា៖ «រូបគំនូរដែលកុមារ Rohingya គូរគឺគូរឲ្យតក់ស្លុត។ រូបគំនូរទាំងនោះបង្ហាញពីទិដ្ឋភាពដែលកុមារ Rohingya ឃើញផ្ទាល់នឹងភ្នែកនូវរឿងរ៉ាវនានាដែលគ្មានកុមារណាគួរឃើញ ឬឆ្លងកាត់នោះទេ»។
រូបគំនូរដែលបានបង្ហាញនៅក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន និងរូបគំនូរផ្សេងទៀតដែលបានចែករំលែកជាមួយនឹង VOA បានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៃការសម្លាប់រង្គាលដែលនឹកស្មានមិនដល់។
ក្នុងចំណោមនោះ រូបគំនូរមួយបង្ហាញពីបុរសមួយចំនួនដែលទំនងជាទាហាន បាញ់សម្លាប់ជនស៊ីវិល ហើយមនុស្សមួយចំនួនទៀតដែលអាចសន្មតថាជាក្រុមឧក្រិដ្ឋជន ប្រើដាវវែងកាប់ទៅលើជនរងគ្រោះដែលគ្មានអ្វីការពារខ្លួន។
រូបគំនូរមួយទៀតបង្ហាញពីសាកសពលង់ទឹកនៅក្នុងទន្លេ Naf ដែលជាទន្លេនៅព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសបង់ក្លា។ កាលពីពេលថ្មីៗនេះ ជនភៀសខ្លួន Rohingya រាប់សិបនាក់បានស្លាប់ បន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្នុងទន្លេនោះ។
រូបគំនូរជាច្រើនទៀតបង្ហាញពីឧទ្ធម្ភាគចក្រ និងរថយន្តយោធាបាញ់រះលើភូមិនានា ដែលធ្វើឲ្យភូមិជាច្រើនឆេះយ៉ាងសន្ធោសន្ធៅ។
លោក Anthony Lake បាននិយាយថា លោកបាននិយាយជាមួយនឹងក្មេងប្រុសម្នាក់ដែលបាននិយាយថា ខ្លួនបានឃើញក្មេងដទៃទៀតដែលកំពុងលេងបាល់ទាត់ត្រូវគេសម្លាប់។
លោក Anthony Lake និយាយយ៉ាងដូច្នេះថា៖ «អ្នកអាចស្រមៃមើលថា ប្រសិនបើអ្នកជាកូនក្មេង ហើយអ្នកឃើញហេតុការណ៍ដូចនោះ តើអ្នកនឹងត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីឈប់គិតពីបញ្ហានោះប្រសិនបើអ្នកអាចធ្វើបាននោះ»។
ទាហានមីយ៉ាន់ម៉ា និងរដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ដែលថា កងកម្លាំងយោធាមីយ៉ាន់ម៉ាកំពុងប្រព្រឹត្តិអំពើឃោរឃៅប្រឆាំងនឹងជនស៊ីវិល ដោយបានរក្សាគោលជំហរថា ពួកគេនឹងប្រឹងប្រែងឲ្យបានខ្លាំងក្លាបំផុតក្នុងការជៀសវាងកុំឲ្យមានការស្លាប់ និងរបួសណាមួយកើតឡើងចំពោះអ្នកដែលមិនមែនជាគោលដៅនៃការវាយប្រហារ។ ទាហាន និងរដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានទទូចផងដែរថា ការរំលោភបំពានណាមួយនឹងត្រូវស៊ើបអង្កេតដើម្បីស្វែងរកភស្តុតាងត្រឹមត្រូវ។ អ្នកតំណាងការទូតមីយ៉ាន់ម៉ានានានៅបរទេសក៏បានបដិសេធចំពោះការចោទប្រកាន់អំពីការបោសសម្អាតជាតិសាសន៍នេះផងដែរ។
នៅក្នុងការថ្លែងសុន្ទរកថាកាលពីចុងខែមុន លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) បាននិយាយថា ពួកយោធាបានបញ្ចប់ប្រតិបត្តិការរបស់ខ្លួនក្រោយថ្ងៃទី ៥ ខែកញ្ញា ប៉ុន្តែជនអំបូរ Rohingya នៅតែបន្តធ្វើដំណើរចូលទៅកាន់ប្រទេសបង់ក្លាដែស ដែលអ្នកទាំងនោះភាគច្រើនទំនងជាស្វែងរកម្ហូបអាហារបរិភោគ។
មន្ត្រីជាន់ខ្ពស់មកពីប្រទេសទាំងពីរបានជួបប្រជុំគ្នាកាលពីដើមខែតុលាកន្លងទៅនេះនៅក្នុងប្រទេសបង់ក្លា។ បន្ទាប់ពីជំនួបនោះបានបញ្ចប់មក រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននិយាយថា ខ្លួននឹងទទួលយកជនភៀសខ្លួន Rohingya ត្រឡប់មកវិញ។ ជនភៀសខ្លួន Rohingya ទាំងនេះបានគេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែស ដោយសារតែដំណើរការត្រួតពិនិត្យដែលបានបង្កើតឡើងកាលពីដើមទសវត្សរ៍ ១៩៩០។ ប៉ុន្តែ គេនៅតែមិនទាន់ទុកចិត្តចំពោះការលើកឡើងដូចនេះរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានោះទេ។
ការបង្ក្រាបរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាទៅលើពួកបះបោរ Arakan Rohingya Salvation Army បានធ្វើឲ្យជនអំបូរ Rohingya ជាង ៥ សែននាក់គេចឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លា ដែលនៅទីនោះ ពួកគេរស់នៅតាមជំរំជនភៀសខ្លួនដ៏ណែនណាន់តាន់តាប់នានា ដែលស្ថានការណ៍នេះត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ហៅថាជា «សុបិនអាក្រក់ផ្នែកមនុស្សធម៌ និងសិទ្ធិមនុស្ស»។
ជនភៀសខ្លួន Rohingya ប្រហែល ៦០ ភាគរយ ជាកុមារ ហើយកុមារចំនួនពាក់កណ្ដាលមានអាយុក្រោម ៥ ឆ្នាំ។ នេះបើយោងតាមការបញ្ជាក់របស់អង្គការ UNICEF។ អង្គការផ្ដល់ជំនួយនានាមានការព្រួយបារម្ភអំពីការបំពេញតម្រូវការផ្នែកសុខភាព អាហារូបត្ថម្ភ និងការសិក្សាអប់រំរបស់ពួកគេ។
មានកុមារជាច្រើនរស់នៅតាមជំរំជនភៀសខ្លួន ដែលកុមារទាំងនោះបានរត់ចុះឡើងនៅតាមកន្លែងស្នាក់នៅតាមទីទួលជម្រាលនានា និងហែលទឹកលេងនៅក្នុងទន្លេដ៏ល្អក់។ កុមារមួយចំនួនត្រូវគេឃើញថាបានជួយសាងសង់តង់ស្នាក់នៅបណ្ដោះអាសន្ននានា។ ជនភៀសខ្លួន Rohingya រាប់សែននាក់កំពុងរស់នៅក្នុងតំបន់ជំរំទាំងនោះ។
អ្នកនាំពាក្យអង្គការ UNICEF ម្នាក់បានប្រាប់ VOA ថា រូបគំនូរដែលពួកគេចែកចាយទាំងនេះ គឺគូរដោយកុមារជាច្រើននាក់នៅក្នុងជំរំ Balukhali ដែលមកចូលរួមនៅក្នុង «មជ្ឈមណ្ឌលសម្រាប់កុមារ» បណ្ដោះអាសន្ននានារបស់អង្គការ UNICEF។
អង្គការ UNICEF បានឲ្យដឹងថា បុគ្គលិករបស់ខ្លួនមានវត្តមាននៅពេលដែលកុមារគូររូបគំនូរទាំងនោះមួយចំនួន។
កុមារដែលគូររូបគំនូរទាំងនេះមានអាយុចាប់ពី ៦ ឆ្នាំ ដល់ ១៤ ឆ្នាំ ហើយរូបគំនូរទាំងនេះត្រូវបានគូរឡើងកាលពីខែកញ្ញាកន្លងទៅនេះ។
ការចោទប្រកាន់ដែលបានលេចឡើងពីរដ្ឋ Rakhine ដែលស្រដៀងទៅនឹងការអះអាងដែលកើតឡើងបន្ទាប់ពីមានការវាយប្រហារដំបូងៗបានធ្វើឡើងដោយពួកបះបោរ Arakan Rohingya Salvation Army ជិតមួយឆ្នាំកន្លងមកនេះមក ដូចទៅនឹងការសង្ស័យរបស់សាធារណជនទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើននៃអ្នកទាំងនោះជឿថា រឿងរ៉ាវទាំងនេះគឺគ្មានអ្វីក្រៅពី «ព័ត៌មានប្រឌិត» នោះទេ។
ការជួបជុំតវ៉ាជាច្រើនដើម្បីគាំទ្ររដ្ឋាភិបាលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។ ចំណែកឯអង្គការព័ត៌មានក្នុងប្រទេសមីយ៉ាន់ម៉ានានាបានចាត់ទុកសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបរទេសអំពីវិបត្តិ Rohingya នេះ ថាមានលក្ខណៈលម្អៀង។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដឹកនាំក្រុមអ្នកការទូត និងមន្ត្រីអង្គការសហប្រជាជាតិនានាទៅកាន់កន្លែងដែលជាចំណុចស្នូលនៃជម្លោះនៅក្នុងរដ្ឋ Rakhine ភាគខាងជើងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ២ ខែតុលា កន្លងទៅនេះ។ អង្គការផ្ដល់ជំនួយ និងអ្នកអង្កេតស្ថានការណ៍ពីខាងក្រៅនានាមិនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់តំបន់នោះទេ ចាប់តាំងពីថ្ងៃទី ២៥ ខែសីហាមក។
មានករណីលើកលែងមួយចំពោះការហាមប្រាមនេះ គឺកាលពីខែមុន រដ្ឋាភិបាលមីយ៉ាន់ម៉ាបាននាំអ្នកសារព័ត៌មាននានាទៅកាន់តំបន់នោះ ដើម្បីមើលរណ្ដៅសាកសពរបស់អ្នកកាន់សាសនាហិណ្ឌូនានាដែលត្រូវបានពួកបះបោរ Arakan Rohingya Salvation Army សម្លាប់។ ក្រុមពួកបះបោរនេះបានបដិសេធចំពោះការចោទប្រកាន់នេះ។
មន្ត្រីការទូតម្នាក់បានសរសេរនៅលើប្រព័ន្ធ Twitter ក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់តំបន់នោះថា ឃុំ Maugdaw ដែលស្ថិតនៅជិតព្រំដែនជាមួយនឹងប្រទេសបង់ក្លាដែស មានលក្ខណៈដូចជា «ទីក្រុងខ្មោច» ដូច្នេះដែរ៕
ប្រែសម្រួលដោយ ភី សុភាដា