ក្រុមប្រជាពលរដ្ឋជាង២០០នាក់ដែលមិនទាន់ទទួលបានដំណោះស្រាយ ក្នុងវិវាទដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅក្នុងខេត្តកោះកុង បានមកតវ៉ានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃអង្គារនេះម្តងទៀត បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរខេត្តរារាំងមិនឲ្យធ្វើដំណើរមកកាន់រាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមសេចក្តីប្រកាសរបស់អង្គការលីកាដូដែលឃ្លំាមើលសិទ្ធិមនុស្សក្នុងស្រុក ហើយដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃអង្គារនេះ និងតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ។
អង្គការលីកាដូក៏បានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា អភិបាលរងខេត្តកោះកុងមួយរូបគឺលោក អន ភារៈបានមកជួបក្រុមប្រជាពលរដ្ឋ ដែលមកប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី និងបានស្នើឲ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញ ដើម្បីពិភាក្សារកដំណោះស្រាយ។
យ៉ាងណាក៏ដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃអង្គារនេះ ក្រោយការជួបប្រជុំរវាងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងក្រុមអ្នកតវ៉ា។ សេចក្តីប្រកាសបានបញ្ជាក់ជាថ្មីទៀត អំពីការតាំងចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចំនួនពីរ។
ក្រសួងរៀបចំដែនដីបានថ្លែងបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថា នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបជាមួយតំណាងប្រជាពលរដ្ឋ៣១៧គ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Planatation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ស្ថិតនៅស្រុកស្រែអំបិល និងស្រុកបទុមសាគរ ខេត្តកោះកុង។ ក្រុមការងារកំពុងមមាញឹកក្នុងការវាស់វែងបែងចែកដីឡូតិ៍ជូនក្រុមប្រជាពលរដ្ឋ២០០ គ្រួសារ ដែលទើបបានចាប់ឆ្នោតជ្រើសរើសឡូតិ៍រួចរាល់ និងវាស់វែងបែងចែកដីឡូតិ៍ជូនក្រុមប្រជាពលរដ្ឋ១៧៥គ្រួសារដែលជិតនឹងបានបញ្ចប់។ ក្រោយពីបញ្ចប់ការងារនេះ ក្រុមការងារនឹងបន្តចាត់ចែងបែងចែកដីឡូតិ៍សម្រាប់ក្រុមប្រជាពលរដ្ឋ៣១៧គ្រួសារ ក្រុមប្រជាពលរដ្ឋ១៧០គ្រួសារ និងក្រុមប្រជាពលរដ្ឋ៩៨គ្រួសារទៀតសរុបចំនួន ៥៨៥គ្រួសារ ដែលគ្រោងចុះវាស់វែងបែងចែកដីឡូតិ៍ឲ្យបានរួចរាល់ចន្លោះពីថ្ងៃទី ២០ ខែមិថុនា ដល់ដំណាច់ខែមិថុនានេះគឺមុនការបោះឆ្នោត។
ក្រសួងរៀបចំដែនដីបានស្នើថា ប្រជាពលរដ្ឋដែលពាក់ព័ន្ធត្រូវសហការជាមួយក្រុមការងារដើម្បីអាចសម្រេចកិច្ចការនេះតាមផែនការគ្រោង។
លោក ឱម ផុន វ័យ៦៥ឆ្នាំ ជាប្រជាពលរដ្ឋដែលចូលរួមក្នុងការតវ៉ានោះ និងដែលបានចូលជួបប្រជុំជាមួយលោក ជា សុផារ៉ា មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ក្រុមប្រជាពលរដ្ឋស្វាគមន៍ក្នុងការចូលរួមសហការជាមួយរដ្ឋាភិបាល ដើម្បីធ្វើការវាស់វែងដី។ លោកបានសំណូមពរឲ្យរដ្ឋាភិបាលពន្លឿនការងាររបស់ខ្លួនក្នុងការជួយប្រជាពលរដ្ឋក្នុងវិវាទដីធ្លីដែលអូសបន្លាយពេលជាច្រើនឆ្នាំមកហើយនោះ។
«ខ្ញុំសូមសំណូមពរដល់ខាងឯកឧត្តម ជា សុផារ៉ា ជួយពន្លឿនបន្ថែមថែមទៀត ហើយក៏ឲ្យសម្តេចតេជោជួយប្រជាពលរដ្ឋទាំង៣០២គ្រួសារ ឲ្យបានរស់រានមានជីវិត មានដីប្រើប្រាស់ មានសំណងបន្ថែមហ្នឹងឲ្យលឿនបន្តិច ព្រោះគាត់ក្រីក្រ»។
កាលពីថ្ងៃច័ន្ទ ប្រជាពលរដ្ឋសហគមន៍ជីខ ក្រុម៣០២គ្រួសារ ដែលមិនទាន់ទទួលបានដំណោះស្រាយ បានប្រមូលផ្តុំគ្នាទៅតវ៉ានៅភ្នំពេញសារជាថ្មី ដោយជួលរថយន្តចំនួន១០គ្រឿង មានគ្នាសរុបប្រហែល៣០០នាក់។ ក៏ប៉ុន្តែភ្លាមៗនោះ មានមន្ត្រីកងរាជអាវុធហត្ថ ប្រហែល១០នាក់ ដឹកនាំដោយលោក សួន ស៊ីថា អភិបាលរងស្រុកស្រែអំបិល បានឃាត់ឡាន នៅចំណុចភូមិអូរជ្រៅ ជិតផ្លូវបំបែកទៅផ្លូវជាតិលេខ៤។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស។
ការរារាំងនោះមិនបង្កឲ្យមានការប៉ះទង្គិច ឬអំពើហិង្សានោះទេ។ ចំណែកក្រុមប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធររារាំងនោះ បានបញ្ជាក់ថា ក្រោយការឃាត់ឃាំងនោះ ប្រជាពលរដ្ឋក៏សម្រេចធ្វើដំណើរដោយថ្មើរជើងពីកន្លែងហាមឃាត់នោះមកទីក្រុងភ្នំពេញ។ តែដោយការនឿយហត់ ពួកគេក៏សម្រេចឡើងជិះរថយន្តឈ្នួលបន្តមកទីក្រុងភ្នំពេញ។
សេចក្តីប្រកាសរបស់អង្គការលីកាដូចេញផ្សាយនៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងក្នុងន័យដើមថា៖
«អស់រយៈពេលច្រើនឆ្នាំមកហើយ ប្រជាពលរដ្ឋដែលមកពីឃុំជីខលើ ឃុំជីខក្រោម ឃុំដងពែង និងឃុំកណ្តោលទាំងនេះ បានដាក់ញ្ញត្តិជូនទៅអាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធនិងក្រុមហ៊ុនស្ករអំពៅថៃ KSL ក៏ដូចជាសមាជិកព្រឹទ្ធសភានៃគណបក្សកាន់អំណាចគឺលោកឧកញ៉ា លី យ៉ុងផាត់»។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា រដ្ឋាភិបាលគួរខ្នះខ្នែងបញ្ចប់វិវាទទៅតាមការសន្យារបស់ខ្លួន ដូចដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី។ លោកមានការបារម្ភថា អំពើហិង្សាអាចនឹងកើតឡើងនាពេលខាងមុខ ក្នុងករណីមានការរារាំងសកម្មភាពតវ៉ារបស់ពលរដ្ឋបន្តទៀតនោះ។
«អ្វីដែលខ្ញុំបារម្ភ ខ្លាចតែអីចេះទេ ខ្លាចលោតែដល់ពេលដែលតាមលិខិតអះអាងហ្នឹងហើយ មិនបានដោះស្រាយជូនប្រជាពលរដ្ឋទៀត។ ប្រជាពលរដ្ឋលោកនឹងត្រឡប់មកទៀត ដែលធ្វើឲ្យបញ្ហានេះ វាកាន់តែក្តៅទៅ ហើយវាកាន់តែមានបញ្ហាចម្រូងចម្រាសទៅ ពីព្រោះដូចម្សិលមិញមានការឃាត់រថយន្ត មានការបិទមិនឲ្យគាត់មក។ យើងបារម្ភថា ថ្ងៃក្រោយ វាអាច បើសិនជាដោះស្រាយមិនចប់ទេ វានឹងកើតជារឿងផ្សេង ឬក៏អាចមានអំពើហិង្សាកើតឡើងទៀតក៏ថាបានដែរបាទ»។
លោក អន ភារៈ អភិបាលរងខេត្តកោះកុង បានបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋដែលឡើងមកតវ៉ានៅរាជធានីភ្នំពេញ បានត្រឡប់ទៅកាន់ខេត្តវិញហើយ។ លោកបានអះអាងថា អាជ្ញាធរនឹងពន្លឿនការវាស់វែងដី។
«បាទ ជំរុញ ជំរុញការវាស់វែងឲ្យបានលឿន»។
កាលពីខែមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសន្យាថា នឹងរកដំណោះស្រាយដល់ប្រជាពលរដ្ឋដែលមានវិវាទជាមួយក្រុមហ៊ុន Koh Kong Plantation Co., Ltd និង Koh Kong Sugar Industry Co., Ltd នេះដែរ។ ក្រសួងបានបញ្ជាក់ថា ខ្លួនបានចាត់ក្រុមការងារចុះសហការជាមួយក្រុមការងាររបស់អាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់ និងដីពាក់ព័ន្ធនឹង ករណីវិវាទខាងលើ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រហូតរួចរាល់ជាស្ថាពរឈានទៅដោះស្រាយបញ្ចប់។
ការសន្យានាពេលនោះកើតមានឡើង បន្ទាប់ពីមានការប៉ះទង្គិចរវាងពលរដ្ឋជាង២០០នាក់ជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច និងកងសន្តិសុខក្នុងរាជធានី នៅពេលក្រុមប្រជាពលរដ្ឋព្យាយាមដើរហែក្បួនទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកបានរាយការណ៍កាលពីពេលកន្លងមកថា អ្នកតវ៉ាមួយចំនួនកំពុងពរកូនតូចនៅជាប់នឹងខ្លួន អំឡុងពេលមានការប៉ះទង្គិចគ្នានោះ៕