ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​ជនជាតិ​ដើម​ស្នើ​ឲ្យ​រដ្ឋាភិបាល​អង្កេត​ករណី​បាញ់​​គំរាម​សកម្មជន​បរិស្ថាន


រូបឯកសារ៖ រៀម សាវ ស៊ី និង​អ្នក​ភូមិ​នៅ​អារ៉ែង ប្រារព្ធ​ពិធី​ថ្វាយ​បង្គុំ​គ្រូ ដែល​ជា​ពិធី​ប្រពៃណី​មួយ​សម្រាប់​ជនជាតិ​ភាគតិច​ជង នៅ​អារ៉ែង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)
រូបឯកសារ៖ រៀម សាវ ស៊ី និង​អ្នក​ភូមិ​នៅ​អារ៉ែង ប្រារព្ធ​ពិធី​ថ្វាយ​បង្គុំ​គ្រូ ដែល​ជា​ពិធី​ប្រពៃណី​មួយ​សម្រាប់​ជនជាតិ​ភាគតិច​ជង នៅ​អារ៉ែង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)

សេចក្តីថ្លែង​ការណ៍​របស់​ក្រុមសម្ព័ន្ធ​ទាំងពីរនេះ​ បាន​ពណ៌នា​ថា​ ​មានការ​បាញ់​ប្រហារ​ដ៏គួរឲ្យ​សង្ស័យ​មកលើ​ លោក​ ​វ៉ែន អៀត​ ​កាល​ពី​ថ្ងៃទី​១២​ ខែឧសភា​ គឺជា​ពេល​ដែល​លោក​បាន​វិលត្រឡប់​ទៅ​នៅ​ផ្ទះរបស់​លោក​វិញ​នៅក្នុង​ឃុំជំនាប់​ ស្រុកថ្មបាំង​ ខេត្តកោះកុង។

ក្រុម​សម្ព័ន្ធ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​ដែល​ធ្វើ​ការ​ក្នុង​បុព្វ​ហេតុ​ការពារ​សិទ្ធិពល​រដ្ឋ​ជនជាតិ​ដើម​ភាគ​តិច បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​មួយ​ ​លើ​ករណី​ផ្ទុះ​អាវុធ​ដែល​គួរ​ឲ្យ​សង្ស័យ​ទៅ​លើ​លោក​ ​វ៉ែន អៀត​ ​សកម្មជន​ជនជាតិ​ភាគតិច​ជង​ ​ដើម្បីបើក​ឱកាស​ឲ្យ​សកម្ម​ជន​រូប​នេះ​ ​អាច​ធ្វើ​សកម្មភាព​ការងារ​និង​ការពារ​សហគមន៍​ខ្លួន​ក្នុង​តំបន់​អារ៉ែង​របស់​ខេត្ត​កោះកុង​ឡើង​វិញ។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​រ​បស់​ក្រុម​សម្ព័ន្ធ​ទាំង​ពីរ​ដែល​ ​VOA​ ​ទទួល​បាន​នៅ​សប្តាហ៍​នេះ។

តាម​ការ​បញ្ជាក់​របស់​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​អាស៊ី​ ​(Asia Indigenous People Pact)​ ​និង​សម្ព័ន្ធ​ជន​ជាតិ​ដើម​ភាគតិច​កម្ពុជា​ គឺ​លោក​ ​វ៉ែន អៀត​ ​ដែល​ជាប្អូនប្រុស​បង្កើត​រប​ស់​លោក​វ៉ែន វ៉ន​ សកម្ម​ជនកា​រ​ពារ​តំបន់​អារ៉ែង​ដែល​ធ្លាប់​ត្រូវបានគេចាប់​ដាក់​ក្នុង​ពន្ធនាគារ​កាល​ពី​ពេល​កន្លង​មក​ផងដែរ​ក្នុង​សំណុំរឿង​ព្រៃឈើ។​ ​លោក​ ​វ៉ែន អៀត​ ​ក៏ជាសកម្មជនដែល​តស៊ូ​មតិ​ប្រឆាំង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ក្នុង​តំបន់​អារ៉ែង។

សេចក្តីថ្លែង​ការណ៍​របស់​ក្រុមសម្ព័ន្ធ​ទាំងពីរនេះ​ បាន​ពណ៌នា​ថា​ ​មានការ​បាញ់​ប្រហារ​ដ៏គួរឲ្យ​សង្ស័យ​មកលើ​ លោក​ ​វ៉ែន អៀត​ ​កាល​ពី​ថ្ងៃទី​១២​ ខែឧសភា​ គឺជា​ពេល​ដែល​លោក​បាន​វិលត្រឡប់​ទៅ​នៅ​ផ្ទះរបស់​លោក​វិញ​នៅក្នុង​ឃុំជំនាប់​ ស្រុកថ្មបាំង​ ខេត្តកោះកុង។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា​ ​នៅ​មុន​ថ្ងៃ​កើត​ហេតុ​ការណ៍​បាញ់​ប្រហារ​នោះ​ លោក​ ​វ៉ែន អៀត​ ​បាន​គេច​ពី​ផ្ទះទៅលាក់​ខ្លួននៅ​ទីមាន​សុវត្ថិភាព​ចំនួន​១២​ថ្ងៃ​ ពោលគឺ​ក្រោយពេល​លោក​យក​ញត្តិ​ទៅ​ដាក់​នៅក្រសួង​អភិវឌ្ឍន៍​ជនបទ​ ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដើម្បី​ស្នើសុំ​ការ​គាំទ្រ​ឲ្យ​មាន​ការ​បញ្ជាក់​អត្ត​សញ្ញាណ​ជនជាតិដើម​ភាគតិច​ ដែល​ជា​តំណាក់​កាល​ដំបូង​នៃ​ការ​ស្នើសុំ​បណ្ណកម្ម​សិទ្ធិ​ដី​សហគមន៍។ បន្ទាប់ពីការ​ដាក់​ញត្តិនោះមក លោក​ ​វ៉ែន អៀត​ ​ទទួលបានការគំរាម​សម្លាប់​ពី​លោក​ តិល​ ចាន់​ ជា​សមាជិក​មួយ​រូប​របស់គណបក្ស​ប្រជាជន​កម្ពុជា។

លោក​វ៉ែន អៀត​ ត្រូវបាន​ស្រង់​សម្តី​ក្នុងសេចក្តី​ថ្លែងការណ៍​នោះ​ថា​ ​ហេតុការណ៍​បាញ់​ប្រហារ​មកលើ​លោក​នោះ ​បាន​ធ្វើ​ឲ្យលោក​មានការ​ភ័យភិត​កាន់តែខ្លាំងចំពោះជីវិត និងសន្តិសុខ​របស់​លោក។

លោក​ ​វ៉ែន អៀត​ ​ត្រូវបាន​ស្រង់​សម្តី​តាមន័យ​ដើម​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​ និង​បារម្ភ​អំពី​សនិ្តសុខ​ផ្ទាល់​ខ្លួន​រប​ស់​ខ្ញុំ។​ ​ខ្ញុំគិតថា​ លើក​នេះ​ គេ​ធ្វើ​ខ្ញុំ​មិន​បាន​ តែ​លើក​ក្រោយ​ប្រហែលមិន​អាចទេ។​ ​ការ​វាយប្រហារ​នេះ​ មិនល្អសោះឡើយ​ ហើយខ្ញុំ​សុំ​ទទូច​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ និង​ប៉ូលីស​ចាត់​វិធានការ​ក្នុង​រឿង​នេះ»។

បន្ថែម​លើ​ការ​អំពាវនាវ​របស់​លោក​វ៉ែន អៀត​ អង្គការ​ក្រៅរដ្ឋាភិបាល​ទាំងពីរខាង​លើ ​គឺ​សម្ព័ន្ធជន​ជាតិ​ដើម​ភាគតិច​អាស៊ី​ ​(Asia Indigenous People Pact)​ ​និង​សម្ព័ន្ធ​ជនជាតិ​ដើមភាគតិច​កម្ពុជា​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ក្នុង​ន័យ​ដើម​ថា៖ «​យើង​ទទូច​ដល់​ក្រសួងបរិស្ថាន​ ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ការ​ពារ​ជាតិ​សហការ​គ្នា​ធ្វើការ​ស៊ើបអង្កេត​ និងធានា​ថា​ ​ជន​ដែល​ទទួលខុស​ត្រូវ​ចំពោះ​ឧប្បតិ្ត​ហេតុ​នេះ​ ត្រូវ​តែ​នាំមក​ឲ្យ​ទទួលខុសត្រូវតាមច្បាប់។ ​ជាងនេះ​ទៅទៀត​ រដ្ឋាភិបាលកម្ពុជា​ ត្រូវតែ​គំាទ្រ​គោល​បំណង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជង​ ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ក្នុង​កិច្ចការ​ពារ​ដីធ្លី​របស់​ពួកគេ​ តាមនីតិវិធី​ច្បាប់​ ពោល​គឺការ​ទទួល​បាន​បណ្ណកម្មសិទ្ធិ​ដីសហគមន៍»។

ក្រុម​សម្ព័ន្ធទំាងពីរ​ បាន​បន្ត​ទៀតថា​ «វាគួរតែ​មាន​ការ​បញ្ឈប់​ផងដែរ​នូវការ​ធ្វើ​ឲ្យមានទោស​ព្រហ្ម​ទណ្ឌ​ចំពោះ​មធ្យោបាយ​សន្តិវិធី​នានា​នៃ​ភាពសកម្មនៃអ្នកការពារ​បរិស្ថាន​ជនជាតិដើមភាគតិច​របស់​តំបន់​អារ៉ែង​ និង​បញ្ចប់​ការ​រំលាយ​អភិបាលកិច្ច​បែបប្រជាធិបតេយ្យ»។

នាយ​ឧត្តមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បាន​ដឹង​ច្បាស់​ពី​ករណី​នេះទេ​ ហើយ​បាន​ស្នើ​ឲ្យ​សួរ​ទៅ​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន។

«ក្មួយ​ ក្មួយសួរ​ទៅ​ ជួនកាល​មូលដ្ឋាន​គេធ្វើកិច្ចការ​ងារហ្នឹង​ហើយ​ មិន​អាចដល់​ក្រសួង​បាន​វា​នៅ​ ក្មួយសួរ​ទៅ​កោះកុង​មើល»។

VOA​ ​ព្យាយាមសុំការ​អធិប្បាយ​ពី​លោក​ ​ស៊ឹម វ៉ារី​ ​អធិការ​នគរបាល​ស្រុក​ថ្មបាំង​ តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

លោក​ ​ហូរ អ៊ីន​ ​មន្ត្រី​សិទ្ធិមនុស្ស​របស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ​ ​ប្រចាំខេត្តកោះកុង ថ្លែង​ថា​ ​លោក​ ​តិល ចាន់​ ​ដែល​គំរាម​លោក​ ​វ៉ែន អៀត​ ​គឺជាជំទប់ទីមួយនៅ​ឃុំជំនាប់របស់គណបក្ស​ប្រជាជន​កម្ពុជា។​ ​លោក​បន្ត​ថា​ ​លោក​ ​វ៉ែន អៀត​ ​បាន​ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ​មូលដ្ឋាន​អំពី​ការ​គំរាម​របស់​លោក​ ​តិល ចាន់​ ​តែ​អាជ្ញា​ធរគ្មាន​ចាត់​វិធានការ​ ហើយ​ហេតុការណ៍​ផ្ទុះ​អាវុធ​ក៏​បាន​កើត​ឡើង។ លោក​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​ត្រូវតែ​បើក​ការ​អង្កេត​លើ​រឿង​នេះ ​ព្រោះ​លោក​វ៉ែន អៀត​ធ្លាប់​ជា​បេក្ខ​ជន​ឃុំ​ឈរ​លេខរៀង​ទីបី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​គេរំលាយ​ ហើយ​ក៏ជា​សមាជិក​គណៈកម្មការ​សហគមន៍​ស្ទឹង​អារ៉ែងផងដែរ។

«ចំពោះ​ករណី​នេះ ​ទោះបី​ជា​វ៉ែន អៀត​ ហើយ​និង​ឈ្មោះ​តិល​ ចាន់​ហ្នឹង​ បាន​សម្រប​សម្រួល​គ្នា​បញ្ចប់​ រឿង​ក៏ដោយ​ ប៉ូលិស​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ តើ​អ្នកណា​ជាអ្នកប្រព្រឹត្ត​រឿងហ្នឹង​ អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ ហើយ​មាន​អ្នកណា​បាន​ចូលរួម​ រួម​ខ្លះ​? យើង​ឃើញ​ហើយ​បន្ទា​ប់​ពីមានការ​សម្រប​សម្រួល​ហើយ​ បញ្ចប់​រឿង​បាន​តែ​រយៈពេល​បីថ្ងៃ​ ក៏​មាន​ករណីផ្ទុះ​អាវុធ​ចឹង​កើត​ឡើង​ ដែល​ធ្វើ​ឲ្យ​គាត់​ភ័យខ្លាច​ រហូត​ទាល់​តែគាត់​មានការ​គេច​ខ្លួន»។​

ក្នុង​សំណុំរឿង​លោក​ ​វ៉ែន អៀត​ ​ដដែល​នេះ​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ​ក៏​បាន​ធ្វើការ​កត់​ត្រា​ទុក​ផង​ដែរ​ ​ហើយ​មជ្ឈមណ្ឌល​នេះបាន​ទាមទារ​ឲ្យ​មានការ​ស៊ើប​អង្កេត​ជាបន្ទាន់​ដោយ​មានតម្លាភាព និង​មិន​លម្អៀង​ពី​សំណាក់​អាជ្ញាធរ​ ក៏ដូចជា​ចាត់​វិធានការ​ជា​បន្ទាន់​ដើម្បី​ធានា​នូវ​សុវត្ថិភាព​របស់​លោក​ ​វ៉ែន អៀត​ ​ព្រមទាំង​ក្រុម​គ្រួសារ​របស់​លោក៕

XS
SM
MD
LG