លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតប្រធានាធិបតីនៅប្រទេសស្រីលង្គាបានបង្ហាញថា លោក Maithripala Sirisena អតីតរដ្ឋមន្ត្រីខុទ្ទកាល័យ បានជ័យជម្នះលើលោក Mahinda Rajapaksa ដែលជាមេដឹកនាំប្រទេសនេះជាយូរមកហើយ។
នៅថ្ងៃសុក្រនេះ លោក Mahinda Rajapaksa បានសុខចិត្តទទួលបរាជ័យ ហើយបានចាកចេញពីវិមាន Temple Trees ដែលជាការិយាល័យរបស់លោក។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិយាយថា លោក Maithripala Sirisena ទទួលបានសំឡេងគាំទ្រ៥១,២%នៃសន្លឹកឆ្នោតទាំងអស់នៅក្នុងការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ហើយលោក Mahinda Rajapaksa បានទទួលបានសំឡេងគាំទ្រ៤៧,៥%។
លោក Maithripala Sirisena ប្រធានាធិបតីជាប់ឆ្នោតថ្មីបានមានប្រសាសន៍ថា យើងត្រូវតែអនុញ្ញាតឲ្យប្រជាពលរដ្ឋស្រីលង្គាបានសប្បាយរីករាយនឹងជ័យជម្នះនេះ។ ដូច្នេះ យើងចៀសវាងការប៉ះពាល់ឬការប្រមាថគ្នា។ ខ្ញុំសូមឲ្យអ្នកគាំទ្រគ្រប់ៗគ្នាមានការអត់ធ្មត់ និងស្រឡាញ់គ្នា។ កាលពីបីបួនសប្តាហ៍មុន លោក Mahinda Rajapaksa ត្រូវគេរំពឹងជាទូទៅថា នឹងទទួលបានជ័យជម្នះដោយងាយក្នុងការកាន់តំណែងនៅអាណត្តិទីបីទៀត។ តែក្តីរំពឹងនេះបានផ្លាស់ប្តូរយ៉ាងឆាប់កាលពីខែវិច្ឆិកានៅពេលលោក Sirisena បានចាកចេញពីលោក ហើយបានប្រមូលផ្តុំការគាំទ្រពីសំណាក់តំណាងរាស្ត្រដែលចាកចេញពីលោក Mahinda Rajapaksa៕