ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ពាធ​​ឱ្យ​មាន​ការស៊ើបអង្កេត​បទឧក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​ស្រីលង្កា​រំពឹង​ថា​នឹង​បន្ត


យោធា​ស្រីលង្កា ​(Sri Lanka)​ល្បាត​ក្នុងតំបន់​ ចាហ្វណា (Jaffna) ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ ៣០០ គីឡូម៉ែត​ភាគ​ឦសាន​នៃទីក្រុង​ កូឡុំបូ ​កាលពី​ថ្ងៃទី​​២១​ខែមិថុនា​ឆ្នាំ​២០០៦។
យោធា​ស្រីលង្កា ​(Sri Lanka)​ល្បាត​ក្នុងតំបន់​ ចាហ្វណា (Jaffna) ​ស្ថិតនៅ​ចម្ងាយ​ប្រហែល​ ៣០០ គីឡូម៉ែត​ភាគ​ឦសាន​នៃទីក្រុង​ កូឡុំបូ ​កាលពី​ថ្ងៃទី​​២១​ខែមិថុនា​ឆ្នាំ​២០០៦។

កាលពី​ចុងខែ​មេសា លោកស្រី ណាវី ភីឡៃ (Navi Pillay) ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្សបាន​ស្វាគមន៍​ចំពោះ​ការចេញផ្សាយ​ជាសាធារណៈ នៃ​របាយ​ការណ៍​របស់​ក្រុម​មួយ​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​អង្គការ​សហ​ប្រជាជាតិស្តី​អំពី​ឧក្រិដ្ឋ​កម្ម​សង្រ្គាមដែល​ត្រូវ​បាន​គេ​អះ​អាង​ថាត្រូវ​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ក្នុង​កំឡុង​ពេល​នៃ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា (Sri Lanka)។ លោក​ស្រី​ក៏​បាន​គាំ​ទ្រ​ផង​ដែរ​ចំពោះ​ការអំពាវ​នាវ​របស់​របាយ​ការណ៍​នេះឱ្យ​មានការស៊ើប​អង្កេត​ជា​អន្តរ​ជាតិ​ជា​បន្ត​ទៀត។ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក បាន​ គីមូន (Ban Ki-moon) ក៏បាន​និយាយ​ថាលោក​មិន​មាន​អំណាច​នៅ​ក្នុង​ការតែង​តាំង​ក្រុម​ស៊ើប​អង្កេត​ដើម្បី​ពិនិត្យ​មើល​បន្ថែម​ទៀត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍នោះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តីសម្ពាធ​អាច​នឹង​បន្ត​ដើម្បី​ឱ្យ​មានទម្រង់​មួយ​ចំនួន​នៃ​សកម្ម​ភាព​សម្រប​សម្រួល​ទៅ​លើ​ការ​រក​ឃើញ​ទាំង​ឡាយ​នៅ​ក្នុង​របាយ​ការណ៍​នេះ។

រដ្ឋា​ភិ​បាល​ឥណ្ឌា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយកាល​ពី​ថ្ងៃ​អង្គារកន្លងមក​ដោយ​និយាយ​ថាខ្លួន​នឹង​«​ចូល​រួម​ជា​មួយ​រដ្ឋា​ភិ​បាល​ស្រី​លង្កា»លើ​បញ្ហា​នៃ​ការ​សង្ស័យ​អំពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ដែល​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញរបស់​អង្គ​ការ​សហ​ប្រជា​ជាតិ។

គណ​បក្ស​ជំទាស់​ចម្បង​របស់​ប្រទេស​ ស្រី​លង្កាដែល​ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា UNP និយាយ​ថា ខ្លួន​នឹង​តែង​តាំង​ក្រុម​មួយដើម្បី​សិក្សា​ទៅ​លើ​របា​យ​ការណ៍​របស់​ក្រុម​ស្រាវ​ជ្រាវ​នេះ។ ក្រុម​មេដឹក​នាំ​របស់ ស្រី​លង្កាបាន​បដិសេធ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​របាយ​ការណ៍​នេះ​ដែល​ពួក​គេ​ចាត់​ទុក​ថា​មាន​ភាព​លម្អៀង​និងក្លែង​ក្លាយហើយ​បាន​ព្រមាន​កាល​ពី​សប្តាហ៍​មុន​ថាការ​ចេញ​ផ្សាយរបាយ​ការណ៍​នេះនឹង​ធ្វើ​ឱ្យ​មាន«ការ​ខូច​ខាត​ដែល​មិន​អាច​ស្តារ​ឡើង​វិញ​បាន»ចំពោះ​ដំណើរ​ការ​ផ្សះ​ផ្សា​របស់​ប្រទេស​នេះ។

អគ្គ​លេ​ខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិលោក​ បាន​ គីម៉ូន បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​មក​ថា លោក​មិន​មាន​អំណាច​នៅ​ក្នុង​ការ​ចាត់​វិធាន​ការ​ទៅ​លើ​អនុសាសន៍​របស់​របាយ​ការណ៍​នេះ​ដែល​បាន​ផ្តល់​យោ​បល់​ថាលោក​គួរ​តែង​តាំង​ក្រុម​ថ្មី​មួយដើម្បី​ធ្វើការ​ស៊ើប​អង្កេត​បន្ថែម​ទៀត។ ចេហាន ពេរឺរ៉ា (Jehan Perera) នាយក​ប្រតិបត្តិ​នៃ​ក្រុម​ប្រឹក្សាសន្តិ​ភាព​ជាតិ​របស់​ ស្រីលង្កា​និយាយ​ថារដ្ឋាភិបាល​ក្រុង​ កូឡុមបូ (Colombo) នឹង​ចាត់​ទុក​សេចក្តី​សម្រេច​ចិត្ត​នេះនៅ​ក្នុង​ន័យ​ជា​វិជ្ជ​មាន​មួយ។

«វាដូចជាបាន​ដក​សម្ពាធ​ចេញ​ពី​រដ្ឋា​ភិ​បាល​ដែល​ថា​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ខ្លួន​លោក ប្រហែល​ជា​នឹង​មិន​បញ្ជា​ឱ្យ​មាន​យន្តការ​ស៊ើប​អង្កេត​មួយ​ផ្សេង​ទៀត​។ វា​នឹង​ត្រូវ​បាន​ស្វាគម​ដោយ​រដ្ឋា​ភិ​បាល»។

របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិបាន​ចោទ​ប្រកាន់​ក្រុម​ ស៊ិនហាលែស (Sinhalese) ដែល​គ្រប់​គ្រង​រដ្ឋា​ភិ​បាល​ ស្រីលង្កាថា​បាន​បាញ់​ផ្លោង​ជា​ប្រព័ន្ធ​ទៅ​លើ​ជន​ស៊ីវិលនិង​គោល​ដៅ​មនុស្ស​ធម៌​ទាំង​ឡាយដែល​បាន​សម្លាប់​ជន​មិន​មែន​ប្រដាប់​អាវុធ​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​សង្រ្គាម​ស៊ីវិល​ចំនួន​បី​ទសវត្សរ៍​របស់​ប្រទេស​នេះ។ របាយ​ការណ៍​នេះ​ក៏​បាន​ចោទ​ប្រកាន់​ក្រុម​ឧទ្ទាម​ទ័ពព្រៃភាគ​តិច​ខ្លា​តាមិលថា​បាន​ចាប់​ជន​ស៊ីវិល​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​តំបន់​មាន​សុវត្ថិ​ភាព​និង​ប្រើ​ប្រាស់​ពួក​គេ​ធ្វើ​ជា​របាំង​មនុស្ស​និង​ចោទ​ប្រកាន់​ពី​អំពើ​ឧ​ក្រិដ្ឋ​កម្ម​ធ្ងន់​ធ្ងរ​ផ្សេងៗ​ទៀត។

លោក ពេរឺរ៉ា និយាយ​ថាសមាជិក​ជា​ច្រើន​នៃ​ក្រុម​ភាគ​ច្រើន​ស៊ីនហាលែសរបស់​ប្រទេស​ ស្រី​លង្កា បាន​ចាត់​ទុក​របាយការណ៍​នេះ​ថា​ជា​ផ្នែក​មួយនៃ​ការ​ផ្សំ​គំនិត​ជា​អន្តរ​ជាតិ​ក្នុង​ទ្រង់​ទ្រាយ​ធំមួយដើម្បី​បែង​ចែក​ប្រទេស​នេះ។

«មាន​ភាព​ប្រេះ​ឆា​គ្នា​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​ ស្រី​លង្កា ទាក់​ទង​ទៅ​នឹង​របាយ​ការណ៍​នេះ។ វា​បាន​ធ្វើ​ឱ្យ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ទាំង​ឡាយ​ ដែល​នៅ​ក្នុង​ប្រទេស​ ស្រី​លង្កា ដើម្បី​សម្តែង​ការយល់​ព្រម​ណា​មួយជា​មួយ​នឹង​ទិដ្ឋ​ភាព​ណា​មួយ​នៃ​របាយ​ការណ៍​នេះ ពី​ព្រោះ​វា​មាន​ការ​ជំទាស់​យ៉ាង​ច្រើន​ទៅ​នឹង​របាយ​ការណ៍​នេះ»។

អាឡាន គីណាន (Alan Keenan) អ្នក​វិភាគ​ជាន់​ខ្ពស់​មួយ​រូប​ទៅ​លើ​ប្រទេស ស្រី​លង្កានៃ​អង្គការ​ដែល​មាន​ឈ្មោះ​ថាក្រុម​វិបត្តិ​អន្តរ​ជាតិបាន​ចាត់​ទុក​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​អគ្គ​លេ​ខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន គីមូនដែល​មិន​តែង​តាំង​ក្រុម​អ្នក​ស៊ើប​អង្កេត ថា​ជា​ការ​សម្រេច​ចិត្ត​បែបផ្លូវ​នយោ​បាយ​ច្រើន​ជាង​ផ្លូវ​ច្បាប់។

«ប្រសិន​បើ​លោក​អគ្គ​លេខា​ធិការ​មិន​មាន​អារម្មណ៍​ថាលោក​មាន​ការ​គាំ​ទ្រ​ពី​សមាជិក​សំខាន់​ៗ​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិដែល​នៅ​ក្នុង​ករណី​នេះ​គឺ​ប្រទេស រុស្សី​និង​ប្រ​ទេស​ចិន លោក​ទំនង​ជា​នឹង​មិន​ប្រថុយ​ទៅ​នឹង​គ្រោះ​ថ្នាក់​នយោ​បាយ​បែប​នេះ​ទេ»។

លោក ហ្គ័រដុន វីស (Gordon Weiss) អតីត​អ្នក​នាំ​ពាក្យ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​ក្នុង​ប្រទេស ស្រី​លង្កាជឿ​ជាក់​ថាសម្ពាធ​បន្ថែម​ទៀត​នឹង​កៀប​សង្កត់​ទៅ​លើ​ប្រទេស​ ស្រី​លង្កាខណៈ​ពេល​ដែល​សហ​គមន៍​អន្តរ​ជាតិ​សិក្សា​អំពី​របាយ​ការណ៍​នេះ។

«ខ្ញុំ​គិត​ថាវា​នឹង​មាន​វិធាន​ការ​ធំ​ជាង​នេះ​បន្ថែម​ទៀត។ ខ្ញុំ​គិត​ថាវា​នឹង​មាន​សម្ពាធ​គួរ​ឱ្យ​កត់​សម្គាល់ទៅ​លើ​លោក​អគ្គ​លេខា​ធិការនិង​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ដើម្បី​ពិនិត្យ​មើល​វិធាន​ការ​ជាក់​ស្តែង​មួយ​ចំនួន។ សេចក្តី​យ៉ាង​ច្បាស់​លាស់​នៃ​របាយ​ការណ៍​នេះនឹង​ធ្វើ​ឱ្យ​មាន​ការពិបាក​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​គ្រាន់​តែ​ដើរ​ឆ្លង​កាត់​ហើយ​ធ្វើ​ហាក់​ដូច​ជា​វា​មិន​បាន​កើត​ឡើង»។

វីស​ និយាយ​ថាទាំង​ផ្នែក​ការ​ទូត​និងផ្នែក​ប្រវត្តិ​សាស្រ្តមិន​បាន​តាម​ឱ្យ​ទាន់​នូវ​ភាព​ធ្ងន់​ធ្ងរ​នៃ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស ស្រី​លង្កា​នោះ​ទេ។

«យើង​កំពុង​និយាយ​អំពី​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ដ៏​ធំ​ធេង​មួយដែល​បាន​កើត​ឡើង​ក្នុងរយៈកាល​៣០​ឆ្នាំ​ចុងក្រោយ​នេះ។ យើង​កំពុង​តែ​និយាយ​អំពី​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ដាក់​ភាពចលាចល​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ាទៅ​ក្នុង​ស្ថាន​ភាព​មួយតូចតាចនិង​ធ្វើ​ឱ្យ​ភាពចលាចល​ទាំង​នេះ​មើល​ទៅ​ហាក់​ដូច​ជា​ពិធីញាំ​ទឹកតែ​មួយប៉ុណ្ណោះ។ ឧក្រិដ្ឋកម្ម​ទាំងនេះបានធ្វើ​ឱ្យ​បទ​ឧក្រិដ្ឋ​កម្ម​ទាំង​ឡាយ​ដូច​ជា​ឧក្រិដ្ឋ​កម្ម​នៅ​ ស្រ៊ី​ព្រី​នីកា (Srebrenica) ទៅ​ជា​រឿង​រ៉ាវ​មួយ​ដែល​មិន​មាន​សារៈសំខាន់»។

សាច់​រឿង​រៀបចំឡើង​ដោយ​ក្រុម​ក្នុងប្រទេស ស្រី​លង្កាទៅ​លើ​សង្រ្គាម​ស៊ីវិល​ដោយក្រុមដែល​មាន​ឈ្មោះថាគណៈ​កម្ម​ការ​ផ្សះ​ផ្សា​និង​មេរៀន​ដែល​បាន​រៀនត្រូវ​បាន​រំពឹង​ថានឹង​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​ខែ​ក្រោយ៕

ប្រែសម្រួល​ដោយ ​ឌី ខាំបូលី

XS
SM
MD
LG