ប្រទេស ស្រីលង្កា (Sri Lanka) បានចេញផ្សាយរបាយការណ៍ផ្លូវការមួយ និងផ្សព្វផ្សាយភាពយន្តឯកសារតាមកញ្ចក់ទូរទស្សន៍ ក្នុងកិច្ចប្រឹងប្រែងដើម្បីបដិសេធការអះអាងទាំងឡាយដែលថា កងទ័ពរបស់ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ នៅពេលដែលសង្រ្គាមស៊ីវិលរបស់ខ្លួនបានឈានមកដល់ទីបញ្ចប់នៅក្នុងឆ្នាំ២០០៩។ ក្រុមអ្នកគាំទ្រសិទ្ធិមនុស្សបានហៅយុទ្ធនាការនោះ ថាជាការបិទបាំងមួយ ប៉ុន្តែនិយាយថា មានសញ្ញាដែលបង្ហាញថារដ្ឋាភិបាលទីក្រុង កូឡុំបូ (Colombo) កំពុងឆ្លើយតបទៅនឹងសម្ពាធពីអន្តរជាតិ។
រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេស ស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabhaya Rajapaksa) បានចេញផ្សាយរបាយការណ៍ផ្លូវការនៃក្រសួងរបស់លោក កាលពីថ្ងៃច័ន្ទ ទៅលើអ្វីដែលកងកម្លាំងយោធាហៅថា ជាបេសកកម្មមនុស្សធម៌របស់ខ្លួននៃឆ្នាំ២០០៩។ នៅក្នុងសេចក្តីពន្យល់របស់លោក លោកបានប្រឆាំងទៅនឹងអ្វីដែលលោកហៅថា «ពាក្យកុហកដ៏អាក្រក់» នៃសារព័ត៌មានបរទេស។
កាលពីដើមឆ្នាំនេះ អ្នកស្រាវជ្រាវដែលតែងតាំងដោយអង្គការសហប្រជាជាតិមួយក្រុម បានផ្តល់អនុសាសន៍ ឱ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយ ទៅក្នុងព្រឹត្តិការណ៍នៅក្នុងប៉ុន្មានខែចុងក្រោយ នៃសង្រ្គាមស៊ីវិលរាប់ទសវត្សរ៍របស់ប្រទេស ស្រីលង្កា។ របាយការណ៍របស់ពួកគេបានធ្វើការសន្និដ្ឋានថា មានភស្តុតាងដែលគួរឱ្យជឿទុកចិត្តបាន ដែលថាកងកម្លាំងយោធារបស់ ស្រីលង្កា ប្រហែលជាបានសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់ នៅក្នុងការវាយប្រហារដោយចេតនាទៅលើទីដៅដែលមិនមែនប្រដាប់អាវុធទាំងឡាយ ដូចជាមន្ទីរពេទ្យជាដើម។ របាយការណ៍ក៏បានបង្ហាញផងដែរថា ក្រុមឧទ្ទាមនិយមបំបែករដ្ឋ ខ្លាតាមីល (Tamil Tiger) ប្រហែលជាបានប្រើប្រាស់វិធីសាស្រ្តបែបភេរវកម្ម ដូចជាការប្រើប្រាស់ចំណាប់ខ្មាំងធ្វើជាខែលសម្រាប់ការពារគ្រាប់ជាដើម។
ប្រទេស ស្រីលង្កា និយាយថា របាយការណ៍របស់អង្គការសហប្រជាជាតិមានភាពលម្អៀងនិងខុសពីការពិត។
អាឡិន ឃីណាន (Alan Keenan) ដែលជាអ្នកវិភាគជាន់ខ្ពស់សម្រាប់ អង្គការមួយដែលមានឈ្មោះថា ក្រុមវិបត្តិអន្តរជាតិ (International Crisis Group) និយាយថា ការខិតខំប្រឹងប្រែងចុងក្រោយបង្អស់នេះរបស់រដ្ឋាភិបាលទីក្រុង កូឡុំបូ (Colombo) ក្នុងការបដិសេធរបាយការណ៍នេះ គឺពិតជាមិនត្រឹមត្រូវទេ។
«ពួកគេបានអះអាងយ៉ាងខ្លាំងក្លានៅក្នុងឯកសាររបស់ក្រសួងការពារជាតិថា តាំងពីដើមដំបូងនៃប្រតិបត្តិការមនុស្សធម៌នេះ មិនមានការប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ឬការវាយប្រហារតាមអាកាសទេ។ ឥឡូវនេះ នេះគ្រាន់តែជាការភូតភរមួយដោយត្រង់ៗតែប៉ុណ្ណោះ។ តាមពិត ការអះអាងនេះបានបង្ហាញឲ្យឃើញថាខុស ដោយសេចក្តីថ្លែងការណ៍ជាសាធារណៈផ្ទាល់របស់ពួកគេតែម្តង។ យើងអាចផ្តល់ឱ្យអ្នក នូវមនុស្សរាប់ម៉ឺននាក់ដែលនឹងធ្វើជាកសិណសាក្សី»។
ក្រុមអង្គការសិទ្ធិមនុស្សបានរិះគន់របាយការណ៍របស់ប្រទេស ស្រីលង្កា ចំពោះការបិតបាំងនូវការចោទប្រកាន់ទាំងឡាយ អំពីការសម្លាប់រង្គាលលើជនស៊ីវិល ឬការសម្លាប់ដោយគ្មានការកាត់សេចក្តីទៅលើអ្នកទោស ខ្លាតាមីល ដែលត្រូវបានចាប់ខ្លួន ដែលជាការរំលោភទៅលើច្បាប់អន្តរជាតិស្តីអំពីសង្រ្គាម។
របាយការណ៍ក៏បានយល់ស្របផងដែរថា គេប្រហែលជាមិនអាចជៀសវាងមិនឱ្យមានការស្លាប់ជនស៊ីវិលទាំងស្រុងបានទេ។ មីណាក់ស្ហ៊ី ហ្គង់ហ្គូលី (Meenakshi Ganguly) នាយកនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ីខាងត្បូង និយាយថា នេះគឺមានសារសំខាន់ណាស់។
«ច្បាស់ណាស់ នេះគឺមកពីពួកគេកំពុងប្រឈមមុខកាន់តែខ្លាំងឡើង ជាមួយនឹងការចោទប្រកាន់ដែលអាចទុកចិត្តបាន អំពីឧក្រិដ្ឋកម្មសង្រ្គាម ហើយពួកគេមិនអាចបន្តបដិសេធដូចដែលពួកគេបានធ្វើឡើងកន្លងមកនោះទៀតទេ»។
នៅលើផ្នែកមួយទៀត ប្រទេស ស្រីលង្កា បានចេញផ្សាយភាពយន្តឯកសារដែលត្រូវបានផលិតឡើងប្រកបដោយវិជ្ជាជីវៈមួយនៅក្នុងសប្តាហ៍នេះ ដែលមានចំណងជើងថា «ការភូតភរកុហកដែលមានការយល់ព្រមទុកជាមុន»។ ភាពយន្តឯកសារនេះមានគោលបំណងឆ្លើយតបទៅនឹងកម្មវិធីមួយទៀត ដែលមានឈ្មោះថា«វាលពិឃាដនៅក្នុងប្រទេស ស្រីលង្កា» ដែលផលិតឡើងដោយទូរទស្សន៍ប៉ុស្តិ៍លេខ៤របស់អង់គ្លេស កាលពីពីរបីខែមុន។
«ខ្សែអាត់វីដេអូដែលត្រូវបានគេកែបន្លំ និងការកុហកដែលមានការគិតទុកជាមុន ត្រូវបានបង្ហាញថាមានភាពត្រឹមត្រូវតាមច្បាប់។ តួលេខទាំងឡាយមិនដឹងថាត្រូវបានយកចេញមកពីណា ហើយត្រូវបានបង្ហាញថាជាការពិត។ ប្រភពទាំងឡាយមិនត្រូវបានលើកឡើង មុខមនុស្សត្រូវបានបិតបាំង ហើយសម្លេងត្រូវបានធ្វើឱ្យខុសពីធម្មតា គឺដូចគ្នានិងការពិតដែរ»។
ភាពយន្តឯកសាររបស់ប្រទេស ស្រីលង្កា រួមបញ្ចូលទាំងបទសម្ភាសន៍ជាមួយក្រុមគ្រូពេទ្យ ដែលបានបម្រើការងារនៅក្នុងមន្ទីរពេទ្យ នៅចំកណ្តាលការវាយប្រយុទ្ធគ្នានៅក្នុងខែឧសភា ឆ្នាំ២០០៩។ ពួកគេបានបដិសេធចំណុចសំខាន់ៗនៃរបាយការណ៍របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៤ ដែលមានឥទ្ធិពលខ្លាំង ជាពិសេសចំណុចដែលថា មន្ទីរពេទ្យទាំងឡាយបានស្ថិតនៅក្រោមការវាយប្រហារ។
លោក ឃីណាន ពីអង្គារក្រុមវិបត្តិអន្តរជាតិនិយាយថា លោកជឿជាក់ថា ក្រុមគ្រូពេទ្យទាំងនោះផ្តល់ការសម្ភាសន៍នៅក្រោមការបង្ខិតបង្ខំរបស់រដ្ឋាភិបាល។
«ប្រទេស ស្រីលង្កា ពិតជាមិនស្ថិតនៅក្នុងបរិបទមួយ ដែលប្រជាពលរដ្ឋអាចនិយាយដោយសេរីអំពីបទពិសោធន៍នៃសង្រ្គាមរបស់ខ្លួនបានទេ»។ ហេតុនេះហើយបានជាយើងត្រូវការឲ្យមានការស៊ើបអង្កេតដោយឯករាជ្យពិតប្រាកដមួយ ដែលពួកគេអាចឡើងមកនិយាយបានដោយសេរី»។
អង្គភាពស៊ើបអង្កេតរបស់ប្រទេស ស្រីលង្កា ផ្ទាល់ ឈ្មោះ'គណកម្មការផ្សះផ្សានិងមេរៀនដែលបានរៀន' ត្រូវបានរំពឹងថា នឹងធ្វើការបោះពុម្ពរបាយការណ៍មួយនៅចុងឆ្នាំនេះ។ អង្គភាពនេះមិនបានផ្តល់ការការពារដល់សាក្សីទៅឱ្យជនជាតិ ស្រីលង្កា ដែលបានផ្តល់សក្ខីកម្មទេ ហើយក្រុមអ្នកស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បានចាត់ទុកអង្គភាពនេះថា«មិនមានភាពគ្រប់គ្រាន់ទេ»៕
ប្រែសម្រួលដោយ ឌី ខាំបូលី