ក្រុមហ៊ុនទីផ្សារអចលនទ្រព្យដ៏ធំមួយរបស់សហរដ្ឋអាមេរិក Century 21 នៅព្រឹកថ្ងៃព្រហស្បតិ៍បានសម្ពោធជាផ្លូវការនូវសាខាក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួនគឺ Century 21 Cambodia ដោយរំពឹងថា នឹងទាញយកទីផ្សារយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន Century 21គឺជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេលំដាប់ទី៣របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះមានសាខានៅក្នុងប្រទេសចំនួន៧៦។
ថ្លែងនៅក្នុងពិធីសម្ពោធន៍ដាក់ដំណើរការក្រុមហ៊ុន Century 21 Cambodia នៅក្នុងទីក្រុងភ្នំពេញ លោកកុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននិយាយថា វិស័យអចលនទ្រព្យនៅកម្ពុជាគឺជាទីផ្សារមានសក្តានុពលមួយ។
លោកកត់សម្គាល់ឃើញថា វិស័យនេះមានការរីកចម្រើនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
«ក្រុមហ៊ុនរបស់យើងនឹងបង្កើតយុទ្ធសាស្រ្ត និងកម្រិតជំនាញវិជ្ជាជីវៈក្នុងទីផ្សារទិញលក់អចលនទ្រព្យ»។
យោងតាមរបាយការណ៍របស់ក្រសួងដែនដីនគរូបនីយកម្មបានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៥នេះ ក្រសួងបានសម្រេចអនុម័តគម្រោងសាងសង់សរុប៧២៨គម្រោងដែលគិតជាទឹកប្រាក់វិញមានប្រមាណ១.៥៣៧លានដុល្លារអាមេរិក កើនឡើង២១០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៣។
លោកស្រី ជូលី ចាំង (Julie Chung) អនុប្រធានបេសកកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិក ដែលបានចូលក្នុងពិធីសម្ពោធ មានប្រសាសន៍ថា ការមកដល់របស់ក្រុមហ៊ុនអចលនទ្រព្យរបស់សហរដ្ឋអាមេរិកមួយនេះ អាចនឹងជាឱកាសមួយសម្រាប់ឲ្យក្រុមហ៊ុនធ្វើការជាមួយដៃគូក្នុងស្រុកដើម្បីអាចពង្រឹងបន្ថែមវិជ្ជាជីវៈផ្នែកការរកស៊ីជួញដូរផ្នែកអចលនទ្រព្យ។
«ទាំងអស់គ្នា ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Century 21អាចជំរុញឲ្យមានមានស្តង់ដារ និងវិជ្ជាជីវៈសម្រាប់បុគ្គលដែលធ្វើការលើផ្នែកទីផ្សារអចលនទ្រព្យ ដើម្បីបង្តើតឲ្យមានឱកាសផ្សេងៗ និងការអភវិឌ្ឍនៅកម្ពុជា»។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចមួយរូប ថ្លែងថា វត្តមាននៃក្រុមហ៊ុនអចលនទ្រព្យរបស់សហរដ្ឋអាមេរិកមួយនេះ នឹងជួយបង្កើតទំនុកចិត្តបន្ថែមទៀតដល់ក្រុមអ្នកធ្វើជំនួញលើផ្នែកអចលនទ្រព្យនៅក្នុងស្រុក និងក្រៅស្រុកមករកស៊ីនៅកម្ពុជាបន្ថែមទៀត។
«កាលណាប្រទេសកម្ពុជាយើងទទួលបានវត្តមានក្រុមហ៊ុនធំៗដែលល្បីឈ្មោះក្នុងពិភពលោក គឺវានឹងជួយបង្កើនមុខមាត់ប្រទេសយើង ពីព្រោះថា ក្រុមហ៊ុនធំៗទាំងអស់នោះ មុនចូលទៅប្រទេសណាមួយ គេតែងវិភាគល្អិតល្អន់ វែងឆ្ងាយនៅក្នុងប្រទេសយើង»។
រហូតមកទល់ពេលនេះ ក្រុមហ៊ុន Century 21បានលក់សិទ្ធិអាជីវកម្មទៅភ្នាក់ងារអចលនទ្រព្យផ្សេងទៀតចំនួន៧១០០កន្លែងនៅក្នុងប្រទេសទាំង៧៦។
លោកខេវិន ហ្គូស (Kavin Koos) នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ថ្លែងថា ក្រុមហ៊ុនរបស់លោកមិនត្រឹមតែផ្ដោតសំខាន់លើការរកស៊ីនោះទេ ប៉ុន្តែក្រុមហ៊ុននេះក៏នឹងផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកទីផ្សារអចលនទ្រព្យដល់ដល់បុគ្គលិកក្រុមហ៊ុនណាដែលទិញសិទ្ធិអាជីវកម្មពីខ្លួនផងដែរ៕