ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ជំរុញ​ឲ្យ​កម្ពុជា​និង​ឡាវ​ពង្រឹង​កម្ម​សិទ្ធិ​បញ្ញា


ការ​លួច​ចម្លង​​កម្ម​សិទ្ធិ​បញ្ញា​ មាន​ដូចជា​ការ​​ផលិត​មុខ​ទំនិញ​ក្លែងក្លាយ​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ ឬ​ស្លាក​យីហោ​ដូច​ផលិតផល​ដើម​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ និង​ការ​លួច​ផ្សាយ​បន្ត​ ឬ​លក់​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត។ ​
ការ​លួច​ចម្លង​​កម្ម​សិទ្ធិ​បញ្ញា​ មាន​ដូចជា​ការ​​ផលិត​មុខ​ទំនិញ​ក្លែងក្លាយ​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ ឬ​ស្លាក​យីហោ​ដូច​ផលិតផល​ដើម​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ និង​ការ​លួច​ផ្សាយ​បន្ត​ ឬ​លក់​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត។ ​
មន្ត្រី​សហ​រដ្ឋអាមេរិក​ជំរុញឲ្យ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា ដោយ​លើក​ឡើង​ថា​ ការ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង ​ខាត​បង់​នូវ​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

នៅ​ក្រៅ​សិក្ខា​សាលា​ដើម្បី​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ផ្នែក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មកពី​ប្រទេស​កម្ពុជា​ និង​ឡាវកាលពី​ព្រឹក​ថ្ងៃ​ច័ន្ទទី​ ២៥​ខែ​មិនា​នេះ លោក​ចេហ្វ ដៃ​ហ្គល​ (Jeff ​ Daigle) ​អនុ​ប្រធាន​បេសកកម្ម​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ថា​ ការ​ការ​ពារ​កម្ម​សិទ្ធិ​បញ្ញា​បាន​ជោគ​ជ័យ​នឹង​នាំ​មក​នូវ​ការ​រីក​ចម្រើនផ្នែក​សេដ្ឋកិច្ច។​

«ការ​ការ​ពារ​កម្ម​សិទ្ធិ​បញ្ញា​មិន​ត្រឹម​តែ​ការ​ពារ​ការ​បង្កើតការច្នៃ​ប្រឌិតថ្មី​របស់​បុគ្គល​ទេ។​ ប៉ុន្តែ​វា​ជា​ថ្នាល​រឹងមាំ​សម្រាប់​ជួយ​ឲ្យ​មាន​ការរីក​ចម្រើន​សេដ្ឋកិច្ច។ ​ទោះបី​វា​ជា​រឿង​ដែល​មិន​ងាយស្រួល​ធ្វើ​ ប៉ុន្តែ​វាជា​រឿង​ដែល​ត្រូវ​ធ្វើ។ ​ខ្ញុំ​សង្ឃឹម​ថា​ ក្រសួង​ពាណិជ្ជកម្ម​ដែល​មាន​តួនាទី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា​នឹង​ធ្វើ​ការ​បន្ត​ទៀត»។​

ការ​លួច​ចម្លងកម្ម​សិទ្ធិ​បញ្ញា​ មាន​ដូចជា​ការផលិត​មុខ​ទំនិញ​ក្លែងក្លាយ​ដោយ​ប្រើ​ប្រាស់​ឈ្មោះ​ ឬ​ស្លាក​យីហោ​ដូច​ផលិតផល​ដើម​ដែល​កំពុង​ចរាចរ​នៅ​លើ​ទីផ្សារ​ និង​ការ​លួច​ផ្សាយ​បន្ត​ ឬ​លក់​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត។ ​

លោក​ចេហ្វ ដៃ​ហ្គល​ (Jeff ​ Daigle) ​បញ្ជាក់​បន្ថែម​ថា​ ​ជា​រៀង​រាល់​ឆ្នាំ​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​យ៉ាង​តិច​៧០​ម៉ឺននាក់​បាន​ស្លាប់​ដោយសារ​ផលិផល​ថ្នាំ​ពេទ្យ​ក្លែង​ក្លាយ។​

សូម​បញ្ជាក់​ថា ​សិក្ខាសាលា​ស្តីពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​កម្ម​សិទ្ធិ​បញ្ញា​ដើម្បី​បណ្តុះ​បណ្តាល​ផ្នែក​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សម្រាប់​មន្ត្រី​មក​ពី​ប្រទេស​ទាំង​ពីរ​នេះ​មាន​រយៈពេល​៣​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​២៥​ដល់​២៧​ខែ​មិនា​ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​មកពី​ភាគី​កម្ពុជា ​និង​ឡាវសរុប​ចំនួន​ប្រហែល​ជាង៧០​នាក់​ ក្នុង​នោះ​មាន​មន្ត្រី​គយ ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​និង​មន្ត្រីនៃ​សាលា​រាជធានី​ភ្នំពេញ។

លោក​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ដោយទទួល​ស្គាល់​ថា ​ចរាចរណ៍​នៃ​ផលិត​ផល​ក្លែង​ក្លាយ​ និង​ការ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា​បាន​ក្លាយ​ជា​បញ្ហា​ដែល​មនុស្ស​រាល់​គ្នា​ជួប​ប្រទះ។​ លោក​បន្ត​ទៀត​ថា​ ការ​ប្រើប្រាស់​ផលិតផល​ក្លែង​ក្លាយ​ និង​ទំនិញ​ដែល​រត់​ពន្ធ​មិនត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បាត់​ជំនឿ​ទុកចិត្ត​ប៉ុណ្ណោះ​ទេ។​ ហើយ​វា​ថែម​ទាំង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ និង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​និង​វិស័យ​សេដ្ឋ​កិច្ច​ទៀត​ផង។​

«យើង​ទាំង​អស់គ្នា​បាន​ដឹង​ហើយ​ថា​ យើង​ទាំងអស់​គ្នា​បាន​និង​កំពុង​ជួប​ប្រទះ​បញ្ហា​ប្រឈម​ដូចៗ​គ្នា ​ផ្តើម​ចេញ​ពី​ការ​ចរាចរ​នៃ​ផលិផល​ក្លែង​ក្លាយ​ និង​ទំនិញ​រត់​ពន្ធ​ដែល​បាន​ជះឥទ្ធិពល​អាក្រក់​លើ​សេដ្ឋកិច្ច​របស់​យើង»។​ ​

លោក​ស៊ុន​ ចាន់​ថុល​ថ្លែង​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​កំពុង​ធ្វើការ​ក្នុង​ការ​ទប់​ស្កាត់​ចរាចរណ៍​នៃ​ទំនិញ​ក្លែង​ក្លាយ​ និង​ពង្រឹង​ការ​ការ​ពារ​កម្ម​សិទ្ធិ​បញ្ញា​ដោយ​លោក​លើក​ឡើង​ថា ​កម្ពុជា​មាន​អាជ្ញាធរ​ពន្ធ​គយ​ តុលាការ​ និង​អាជ្ញាធរ​ផ្សេងៗ​ទៀត​ដើម្បី​ពិនិត្យ​មើល​ការ​ហូរចូល​នៃ​ទំនិញ​ទាំង​នោះ។​

លោក​កែម​ ឡី​ អ្នក​វិភាគ​សង្គម​លើក​ឡើង​ថា​ ​ការ​លួច​ចម្លង​កម្ម​សិទ្ធិ​បញ្ញា​ដ៏​សម្បូរ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួ​ននៅ​មិន​ទាន់​ហ៊ាន​បោះ​ប្រាក់​វិនិយោគ​នៅ​កម្ពុជា​ទេ។​

«ក្រុម​ហ៊ុន​ដែល​ល្អ​ហើយ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ គេ​មិន​សូវ​ហ៊ាន​ចូល​មក​ទេ។​អញ្ចឹង​វា​ខាត​បង់។​ ហើយ​ជាពិសេស​គេ​បារម្ភណ៍​ថា​ អ្នក​ដែល​ចម្លង​របស់​គេ​ហើយ​ គេ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ តុលាការ​យើង​វា​ពុករលួយ​ទៀត»។​

​លោក​កែម​ ឡី​បន្ថែម​ថា ប្រទេស​កម្ពុជា​បាន​បរាជ័យនៅ​ក្នុង​ការ​ការពារ​កម្ម​សិទ្ធិ​បញ្ញា​ មូល​ហេតុ​ដោយសារ​ឯក​រាជ្យភាព​របស់តុលា​ការ ​និង​អាជ្ញាធរ​គយ​មិន​បាន​អនុវត្ត​គោល​ការណ៍​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​សារ​អំពើ​ពុក​រលួយ។​

លោក​កែម​ ឡី​បន្ថែម​ថា​ អំពើ​ពុករលួយ​នេះ​ហើយ​ដែលបាន​ធ្វើឲ្យ​ក្រុម​អាជ្ញាធរ​ទទួល​យក​សំណូកពី​ក្រុមអ្នក​រត់ពន្ធ​និងអ្នក​ក្លែង​បន្លំ​ផលិត​ផល៕
XS
SM
MD
LG