ឯកអគ្គរដ្ឋ​ទូត​អាមេរិក៖ ហិង្សា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​នៅ​តំបន់ Gaza មិនមែន​មក​ពី​ការ​ផ្លាស់​ប្តូរ​ស្ថាន​ទូត​នោះ​ទេ

លោកស្រី Nikki Haley ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រ ជាជាតិ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ស្តី​ពី​ស្ថានភាព​នៅ​តំបន់ Gaza កាលពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រ ជាជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ​អ៊ីស្រាអែល​បាន​ប្រើ​ប្រាស់ «ការអត់​ធ្មត់‍»​ នៅ​ក្នុងការ​ឆ្លើយតប​ទៅ​នឹង​ការ​ប៉ះ​ទង្គិច​ប្រកប​ដោយ​ការ​ប្រល័យ​ជាមួយ​ជន​ជាតិ​ប៉ាឡេស្ទីន​នៅឯ​ព្រំដែន​តំបន់​ Gaza ហើយ​បាន​ស្តី​បន្ទោសក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស​ដែល​ត្រួតត្រា​តំបន់ Gaza ​ចំពោះ​អំពើ​ហិង្សា​នោះ។

​លោកស្រី​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ Haley ​បាន​ថ្លែង​នៅ​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថាន​ភាព​តំបន់ ​Gaza ​ថា «ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ពួក​ភេរវជន​ហាម៉ាស​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ ​បាន​ញុះ​ញង់​ឲ្យ​មានការវាយ​ប្រហារ​ប្រឆាំង​នឹង​កងកម្លាំង​សន្តិសុខអ៊ីស្រាអែល​និង​ហេដ្ឋារចនាសម្ព័ន្ធ‍‍»។

លោកស្រី Haley បាន​ច្រាន​ចោល​ការ​ពោល​អះអាង​ថា ​អំពើ​ហិង្សា​នោះ​ចេញ​ពី​ការ​បើក​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង Jerusalem ​កាល​ពី​ថ្ងៃ​ចន្ទ។

លោកស្រី​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ Haley ​បាន​ថ្លែងថា «ការណ៍​នេះ​មិន​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេចក្តី​សង្ឃឹម​សម្រាប់​សន្តិភាព​ទេ។ ក៏ប៉ុន្តែ ​ចូរ​ចង​ចាំ​ថា អង្គការ​ភេរវកម្ម​ហាម៉ាស​បាន​ញុះញង់​ឲ្យ​មាន​អំពើហិង្សា​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មុនពេល​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ផ្លាស់​ប្តូរ​ស្ថាន​ទូត​របស់​ខ្លួន​ទៀត‍»។

លោកស្រី​ឯកអគ្គរដ្ឋ​ទូត​អាមេរិក ​Haley ​បាន​ថ្លែង​បន្ត​ទៀត​ថា ​ស្ថាន​ទូត​នេះ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​អាមេរិកាំង​ហើយ​និង​សិទ្ធិ​អធិបតេយ្យ​ភាព​របស់​យើង​ដើម្បី​សម្រេច​ពី​ទីកន្លែង​ស្ថាន​ទូត​របស់​យើង សិទ្ធិ​ដែលអ្នក​ទាំងអស់​គ្នា​មាន​នៅ​ក្នុង​បន្ទប់​នេះ​បាន​ទាមទារ​សម្រាប់​ប្រទេស​របស់​ខ្លួន។

លោក Nickolay Mladenov អ្នកសម្រប​សម្រួល​ពិសេស​សម្រាប់​ដំណើរ​ការ​សន្តិភាព​នៅ​មជ្ឈឹមបូព៌ា​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ទៅ​កាន់​សមាជិកក្រុម​ប្រឹក្សាសន្តិសុខ​ពី​ទីក្រុង Jerusalem ថា មិន​មាន​ការ​បង្ហាញ​ត្រឹមត្រូវ​ពី​ការ​សម្លាប់​នោះ​ទេ៕