លិខិតមួយច្បាប់ធ្វើឡើងកាលពីថ្ងៃច័ន្ទ ដោយលោក អ៊ុំ ឡេង ចៅសង្កាត់សិត្បូ រាយការណ៍ទៅអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានក្លាយជាប្រធានរឿងដ៏ចម្រូងចម្រាសមួយ ទាក់ទិននឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។
លិខិតនោះឲ្យដឹងថា ស្ត្រីវ័យ២៧ឆ្នាំម្នាក់ ដែលជាកងកម្លាំងមួកខៀវនៃក្រុមរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទើបត្រូវបានរកឃើញថា មានជំងឺកូវីដ១៩ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅ ពេលអ្នកស្រីបានទៅដល់គេហដ្ឋានក្នុងសង្កាត់សិត្បូទៅហើយ។
លោក អ៊ុំ ឡេង បានរាយការណ៍ជូនថ្នាក់លើរបស់លោកថា យោធិនរូបនេះ ក្រោយត្រឡប់មកពីប្រទេសម៉ាលីវិញ និងក្រោយពីបានទៅដល់គេហដ្ឋានកាលពីថ្ងៃទី៣០ ខែកក្កដា បានចម្អិនបាយសម្លជូនចាស់ៗ ចែកប្រាក់ក្មេងៗ ធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តជម្ពូព្រឹក្ស ក្នុងសង្កាត់សិត្បូ មុននឹងត្រូវបានរកឃើញថា មានជំងឺកូវីដ១៩ នៅថ្ងៃទី៨ ខែសីហា។
ការលើកឡើងរបស់លោក អ៊ុំ ឡេង ក្នុងលិខិតនោះ ដែលក្រោយមកត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ ត្រូវបានច្រានចោលភ្លាមៗ។
មន្ទីរសុខាភិបាលខេត្តកណ្ដាលផ្ទាល់តែម្ដង បានបរិយាយការលើកឡើងរបស់លោក អ៊ុំ ឡេង ថា «មិនត្រឹមត្រូវ គ្មានប្រភពច្បាស់លាស់»។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក លោកអ៊ុំ ឡេងបានបង្ហាញក្ដីបារម្ភអំពីសុវត្ថិភាព សុខុមាលភាព ប្រជាជនក្នុងមូលដ្ឋានរដ្ឋបាលរបស់លោក ហើយព័ត៌មានដែលលោកបានរាយការណ៍ទៅអភិបាលក្រុងតាខ្មៅគឺបានពីការចុះសាកសួរប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកដែលប្រាស្រ័យទាក់ទងជាមួយយោធិនវ័យ២៧ឆ្នាំរូបនេះតែម្ដង។
យ៉ាងណាក៏ដោយ នៅថ្ងៃអង្គារ ទី១១ ខែសីហាប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានលើកឡើងថា សមាជិកក្រុមគ្រួសារ៩រូប ដែលរស់នៅជាមួយយោធិនវ័យ២៧ឆ្នាំរូបនេះ ត្រូវបានធ្វើតេស្ដហើយលទ្ធផលអវិជ្ជមានលើកទីមួយ។ លោកបន្តថា យោធិនរូបនេះ ពិតជាបានទៅវត្តជម្ពូព្រឹក្សមែន កាលពីថ្ងៃទី២ ខែសីហា។
លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានបញ្ជាក់ប្រាប់ VOAនៅថ្ងៃអង្គារថា៖
«គាត់បានទៅវត្តពិតមែនប៉ុន្តែគាត់មិនបានធ្វើចង្ហាន់ធ្វើអ្វីប្រគេនទេ គឺបងប្អូន ឪពុកម្ដាយគាត់ជាអ្នកយកទៅ ហើយគាត់បានទៅចូលរួម តែគាត់អត់បានទៅប៉ះពាល់ជាមួយព្រះសង្ឃទេ។ គាត់អង្គុយ គាត់ពាក់ម៉ាស់ ពាក់អីត្រឹមត្រូវរបស់គាត់។គាត់បាញ់អាល់កុល បាញ់អីសម្អាតត្រឹមត្រូវរបស់គាត់ដែរ»។
បន្ទាប់ពីត្រឡប់ពីប្រទេសម៉ាលី កាលពីថ្ងៃទី១៤ ខែកក្កដា ស្ត្រីវ័យ២៧ឆ្នាំរូបនេះ បានបញ្ចប់ការស្នាក់នៅដាច់ដោយឡែក នៅជំរុំយោធាពីរសប្ដាហ៍ និងបានត្រឡប់ទៅកាន់គេហដ្ឋានក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី៣០ ខែកក្កដា ហើយត្រូវធ្វើតេស្ដ៥ដងទើបរកឃើញជំងឺកូវីដ១៩។ នេះ បើយោងតាមមន្ទីរសុខាភិបាលខេត្តកណ្តាល។
ប្រធានមន្ទីរសុខាភិបាលរូបនេះបានឱ្យដឹងថា ក្រុមការងារសុខាភិបាលបានចេញទៅវត្តជម្ពូព្រឹក្ស កាលពីព្រឹកថ្ងៃអង្គារ ដើម្បីស៊ើបសួរ និងប្រមូលសំណាក ពីព្រះសង្ឃដែលគង់ក្នុងវត្តនៃសង្កាត់សិត្បូមួយនេះ យកមកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។
«ប៉ុន្តែឥឡូវដើម្បីអស់មន្ទិល យើងត្រូវធ្វើ[តេស្ដ]ទាំងអស់ អ្នកដែលនៅជុំវិញ មានបងប្អូន គ្រួសារគាត់។យើងបានធ្វើហើយយើងនឹងបន្តធ្វើ ដូចថា គាត់ទៅវត្តអ៊ីចឹង យើងដើម្បីអស់មន្ទិល យើងពិនិត្យមើលព្រះសង្ឃអ៊ីចឹង»។
ករណីអ្នកជំងឺកូវីដជា យោធិននេះ និងការប្រទាំងប្រទើសគ្នា រវាងមន្ត្រីជំនាញថ្នាក់ជាតិ និងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ នាំឲ្យមានការព្រួយបារម្ភថ្មីបន្ថែមទៀត លើការរាតត្បាតនៃជំងឺមួយនេះចូលទៅសហគមន៍។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាល បានលើកឡើងកាលពីព្រឹកថ្ងៃអង្គារថា «ហានិភ័យនឹងអាចកើតមានឡើងគ្រប់ពេល»។
ចំណែកករណីលួចរត់ចេញពីមណ្ឌលស្នាក់នៅដាច់ដោយឡែក ការពិនិត្យប្រើពេលច្រើនដងទើបរកឃើញតេស្ដវិជ្ជមាន និងកំណើនយ៉ាងគំហុកនៃចំនួនអ្នកឆ្លងដែលធ្វើដំណើរមកពីបរទេស បានបង្កើនក្ដីបារម្ភជាថ្មីសម្រាប់អ្នកតាមដាន ទាក់ទិននឹងការទប់ស្កាត់របស់កម្ពុជាប្រឆាំងនឹងរោគរាតត្បាតជាសកលកូវីដ១៩នេះ។
នៅទូទាំងពិភពលោកក៏ដូចជាក្នុងតំបន់ ជំងឺកូវីដ១៩ ហាក់មិនទាន់បង្ហាញសញ្ញាថមថយនៅឡើយ ដែលចំនួនអ្នកឆ្លងបានកើនឡើងដល់២០លាននាក់ហើយ គិតត្រឹមថ្ងៃអង្គារ ដែលក្នុងនោះសហរដ្ឋអាមេរិកឈរនៅលើគេ មានអ្នកឆ្លង៥លាននាក់ ប្រទេសប្រេស៊ីលឈរនៅលំដាប់ទីពីរ មានអ្នកឆ្លង៣លាននាក់។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ ការងើបកក្រើកសាជាថ្មីនៃការផ្ទុះឡើងនៃចំនួនអ្នកឆ្លងក្នុងប្រទេសវៀតណាម និងប្រទេសហ្វីលីពីន បាននាំឱ្យរដ្ឋាភិបាលកម្ពុជាផ្ដែផ្ដាំមន្ត្រីគ្រប់ជាន់ថ្នាក់ឱ្យបង្កើនការប្រុងប្រយ័ត្ន។
នៅថ្ងៃអង្គារ ទី១១ ខែសីហា កម្ពុជាក៏បានកត់ត្រាករណីនាំចូលថ្មីចំនួន១៥ មកពីប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បង្កើនករណីសរុបដល់២៦៦។
រដ្ឋាភិបាលកម្ពុជា បានបើកជើងយន្តហោះពីប្រទេសខ្លះវិញ តែទើបបានបិទជើងយន្តហោះពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី កាលពីថ្ងៃទី១ ខែសីហា ហើយនៅថ្ងៃទី១៣ ខែសីហា ខាងមុខ នឹងបិទជើងយន្តហោះជាមួយប្រទេសហ្វីលីពីន។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព បានបង្ហាញក្ដីបារម្ភអំពីកំណើននៃករណីនាំចូលនៃជំងឺកូវីដ១៩។ លោកស្នើរដ្ឋាភិបាល«ពិចារណាឡើងវិញ»ចាប់យកយុទ្ធសាស្ត្រនៃការបត់បែនផ្លាស់ប្ដូរថាប្រទេសណាដែលមានការផ្ទុះឆ្លងខ្លាំងត្រូវបិទ ហើយប្រទេសណាដែលធូរស្រាលអាចបើកក្នុងកម្រិតមួយ។
«បើសិនជាយើងនៅតែបើក វាអាចនៅតែមានការកើនឡើង ហើយកើនឡើងៗទៅ។ ពេលដែលមានចំនួនហ្នឹងកើនឡើង គឺធ្វើឱ្យមានភាពស្មុគស្មាញក្នុងការគ្រប់គ្រង។ យើងបារម្ភពីរឿងវាអាចនឹងឆ្លងនៅក្នុងសហគមន៍អ៊ីចឹង វាធ្វើឱ្យបញ្ហាហ្នឹងកាន់តែស្មុគស្មាញថែមទៀត»។
អ្នកធ្វើការលើកិច្ចការសុខភាពរូបនេះបានបន្ថែមថា ករណីដែលចំនួនអ្នកឆ្លងដែលនាំចូលបន្តកើនឡើង «វាប្រឈមមុខដែរ ក្នុងការធ្វើឱ្យបានសព្វគ្រប់ជ្រុងជ្រោយ» ទាក់ទិននឹងការធ្វើតេស្ដនៅច្រកចេញចូល ការដាក់ឲ្យនៅដាច់ដោយឡែក និងការរក្សាគន្លាតពីគ្នា ពេលធ្វើដំណើរ។
ជាក់ស្ដែងករណីយោធិនដែលមកពីប្រទេសម៉ាលី ត្រូវបានលោក ទឹម វរ៉ា លើកឡើងថា ជាសញ្ញាដាស់តឿន ខណៈការរកឃើញមេរោគត្រូវបានបញ្ជាក់ក្នុងការធ្វើតេស្ដលើកទី៥ទៅហើយ ដែលនាំឲ្យលោកបារម្ភខ្លាចថាសមត្ថភាពគ្រប់គ្រង«មិនមានលទ្ធភាពក្នុងការទប់ស្កាត់» ពេលមានកំណើននិងលំហូរចូលគំហុកពេក។
ការដាក់ឲ្យនៅដាច់ដោយឡែក ក៏បានក្លាយជាចំណោទផងដែរ ក្រោយមានករណីអ្នកស្នាក់នៅលួចរត់ចេញពីរលើក។
ករណីដំបូង គឺស្ត្រីខ្មែរអាមេរិកម្នាក់បានលួចរត់ចេញពីមណ្ឌលនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកក្កដា ហើយក្រោយមកសមត្ថកិច្ចបានរកឃើញអ្នកស្រីនៅកន្លែងស្នាក់នៅមួយក្នុងខេត្តកំពង់ចាម។
ចំណែកបុរសខ្មែរពីររូបផ្សេងទៀត ដែលលបចេញពីមណ្ឌលក្នុងក្រុងព្រៃវែង កាលពីថ្ងៃទី៣ ខែសីហា ក៏ត្រូវបានសមត្ថកិច្ច និងមន្ត្រីជំនាញរកឃើញនិងនាំខ្លួនត្រឡប់មកវិញដែរ។ នេះបើយោងតាមមន្រ្តីសុខាភិបាល។
ករណីមួយទៀត ទាក់ទងនឹង«ការប្រើប្រាស់ឱសថហួសកម្រិត»ក្នុងមណ្ឌលដាក់ឲ្យនៅដាច់ដោយឡែក ។ បុរសម្នាក់ត្រូវបានសាច់ញាតិយកថ្នាំឱ្យ និងបណ្ដាលឱ្យគាត់ស្លាប់ក្នុងមណ្ឌលចត្តាឡីស័ក ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំតែម្ដង។ នេះបើយោងតាមមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។
លោកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលកា បានពន្យល់ថា រដ្ឋគួរតែពន្យល់ និងបញ្ជ្រាបព័ត៌មានការយល់ដឹងដល់ពលរដ្ឋបន្ថែមទៀតអំពីសារៈសំខាន់នៃការធ្វើចត្តាឡីស័ក ហើយក៏ត្រូវតែលើកកម្ពស់គុណភាពរស់នៅ និងស្ដង់ដារផាសុកភាព សុខុមាលភាពអនាម័យ ក្នុងមណ្ឌលចត្តាឡីស័ក។
អ្នកស្រី សេង រាសីបាននិយាយប្រាប់ VOA យ៉ាងដូច្នេះថា៖
«ខ្ញុំមិនដឹងថា ក្រៅពីការថែទាំផ្នែករាងកាយខ្ញុំអត់ដឹងថាក្នុងមណ្ឌលចត្តាឡីស័កនោះ មានសេវាប្រឹក្សាផ្លូវចិត្តឬអត់ ព្រោះជួនកាលមនុស្សមានអារម្មណ៍ដូចខ្លួនត្រូវបានជាប់ឃុំណា៎ទៅណាអត់រួចជាពិសេសអ្នកដែលមកពីក្រៅ មកដល់ចង់ឃើញបងប្អូន ហើយអត់បានជួប ទ្រាំអត់ចង់បាន»។
អ្នកដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ ក៏បានលើកឡើងជាការបារម្ភផងដែរ ក្នុងចំណោមសាធារណជន ជាពិសេសអ្នកនៅភ្នំពេញដែលហាក់មិនសូវប្រុងប្រយ័ត្នដូចការផ្ទុះឆ្លងរលកទីមួយ កាលពីអំឡុងខែមីនា។ អ្នកស្រីអង្កេតឃើញថា មានការពាក់ម៉ាស់តិចជាងមុន ហើយការធ្វើដំណើរចរាចរណ៍ទៅមកក៏មានលក្ខណៈមមាញឹកដូចសព្វមួយដងវិញ។
«ប្រហែលជាពួកគាត់គិតថា មើលទៅស្ងប់ស្ងាត់ហើយ មិនមែនជាបញ្ហាអ្វីទេ ហើយករណីគាត់មើលឃើញថា នៅតិចតួចអ៊ីចឹងទៅណា៎ ។គាត់ប្រហែលគិតថា១០០នាក់ជាងមុនមើលជាគ្រាន់តែប៉ុណ្ណឹងនាក់ទៀត បែបមិនអីទេមើលទៅ។ បែបគាត់គិតថាអ៊ីចឹងណា៎»។
មន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និងលោក លី សូវ៉ាន់ មិនបានឆ្លើយតបនឹងសំណួររបស់ VOA នោះទេ គិតត្រឹមថ្ងៃអង្គារនេះ។
តួលេខគិតត្រឹមថ្ងៃទី៨ ខែសីហា ការធ្វើតេស្ដសរុបនៅកម្ពុជារកវីរុសកូរ៉ូណា មានចំនួន ៧១.៩២០ដង ស្មើនឹងចំនួនមនុស្សធ្វើតេស្ដ ៥៥.៥០១នាក់ នៅទូទាំងប្រទេសដែលមានមន្ទីរពេទ្យ និងមណ្ឌលសុខភាពសរុប២៧ ដែលត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ដោយមានគ្រែបម្រុងទុកចំនួន១៣.៦៦៧ គ្រែ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក (WHO)។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព បានបន្ថែមថា ប្រសិនជាមានលទ្ធភាព រដ្ឋគួរស្វះស្វែងរៀបចំការធ្វើតេស្ដទ្រង់ទ្រាយធំ រកករណីដែលនៅរាយប៉ាយដោយចៃដន្យនៅក្នុងចំណោមបណ្ដាជនក្នុងប្រទេស ដើម្បីធានាបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លង បន្ថែមទៅលើការទប់ស្កាត់ការឆ្លងពីខាងក្រៅ៕