លោក Adam Schiff ថា ការ​រារាំង​របស់​រដ្ឋបាល​លោក Trump ចំពោះ​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នៅ​បន្ត​កើន​ឡើង

រូបឯកសារ៖ សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Adam Schiff ផ្តល់កសិណសាក្សី នៅវិមានសភា Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

ក្រសួង​ការពារ​ប្រទេស​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន «មិន​អាច​គោរព​តាម‍» ដីកា​កោះ​ហៅ​នៅ​ពេល​នេះ​បាន​ទេ ដោយសារ​មូលហេតុ​ផ្លូវ​ច្បាប់។

សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Adam Schiff បាន​និយាយ​ថា ការ​ជំទាស់​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump នៅ​តែ​បន្ត​កើន​ឡើង បន្ទាប់ពី​សមាជិក​ជាន់​ខ្ពស់ និង​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump គឺ​លោក Rudy Giuliani ប្រឆាំង​ទៅ​នឹង​ដីកា​កោះ​ហៅ​របស់​រដ្ឋសភា​ទាក់ទិន​នឹង​ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង។

ការិយាល័យ​របស់​លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ហៅ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​នេះ​ថា​ជា «ការ​អះអាង​ដោយ​ខ្លួន​ឯង‍» ហើយ​ដីកា​កោះ​ហៅ​នោះ​មាន​លក្ខណៈ «ទូលំទូលាយ​ពេក‍»។

ក្រសួង​ការពារ​ប្រទេស​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន «មិន​អាច​គោរព​តាម‍» ដីកា​កោះ​ហៅ​នៅ​ពេល​នេះ​បាន​ទេ ដោយសារ​មូលហេតុ​ផ្លូវ​ច្បាប់។

ការិយាល័យ​ថវិកា​របស់​សេតវិមាន​ក៏​បាន​ច្រានចោល​សំណើ​របស់​រដ្ឋសភា​ផង​ដែរ ហើយ​លោក Rudy Giuliani ដែល​ជា​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក Trump ក៏​បាន​បដិសេធ​ផង​ដែរ​ចំពោះ​ដីកា​កោះ​ហៅ​ស្នើ​សុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ប្រឹងប្រែង​របស់​លោក​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើប​អង្កេត​លើ​លោក Joe Biden ដែល​ជា​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ជា​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

លោក Jon Sale មេធាវី​របស់​លោក Giuliani បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ផ្ញើ​ទៅ​កាន់​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា​ថា៖ «ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​ប្រធានាធិបតី​ពី​តំណែង​នេះ​គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​ខុស​ច្បាប់។ ដីកា​កោះ​ហៅ​គឺ​ទូលំទូលាយ​ពេក ដាក់​បន្ទុក​ស្មុគស្មាញ​ហួសហេតុ និង​ស្វែង​រក​ឯកសារ​ដែល​ហួស​ពី​ទំហំ​នៃ​ការ​ស៊ើប​អង្កេត​ដោយ​ស្រប​ច្បាប់‍»។ លោក Sale បាន​បន្ថែម​ថា ព័ត៌មាន​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ចង់​បាន​គឺ​ត្រូវ​បាន​ការពារ​ដោយ​អភ័យ​ឯកសិទ្ធិ​រវាង​មេធាវី​និង​កូន​ក្ដី ដែល​ការពារ​មិន​ឲ្យ​មាន​ការ​បង្ហាញ​ជា​សាធារណៈ​នូវ​សារ​ទំនាក់ទំនង​រវាង​មេធាវី​និង​កូន​ក្ដី​របស់​ខ្លួន៕