ព័ត៌មាននៃការតែងតាំងកាឌីណាល់សាសនារ៉ូម៉ាំងកាតូលិកលើកទីមួយពីប្រទេសមីយ៉ាន់ម៉ា ដែលធ្លាប់ត្រូវបានស្គាល់ថាភូមា ត្រូវបានស្វាគមន៍ដោយក្រុមអ្នកកាន់សាសនាខុសៗគ្នានៅក្នុងប្រទេសនោះ។
កាលពីថ្ងៃអាទិត្យ សម្តេចប៉ាបរ៉ូម៉ាំងកាតូលិក ហ្វ្រង់ស៊ីស (Francis) បានតែងតាំងអាសឺវ៉ែក Charles Maung Bo ជាកាឌីណាល់ថ្មីក្នុងចំណោមកាឌីណាល់ថ្មី២០នាក់ ដែលជាឋានៈលំដាប់ទី២បន្ទាប់ពីឋានៈសម្តេចប៉ាប។
មេដឹកនាំសាសនាផ្សេងទៀតមកពីភូមា រួមមានមេដឹកនាំសាសនាអូតូដក់ (Orthodox) ព្រះពុទ្ធសាសនានិងអ៊ីស្លាម បានសរសើរការជ្រើសរើសលោក Bo ដែលនៅពេលបច្ចុប្បន្នលោកជាអាសឺវ៉ែកទីក្រុងយ៉ាងហ្គោន (Yangon)។ព្រះតេជគុណ Pyinya Thiha ព្រះសង្ឃព្រះពុទ្ធសាសនា មានបន្ទូលថា ព្រះអង្គសង្ឃឹមថា កាឌីណាល់ថ្មី នឹងក្លាយជាកម្លាំងវិជ្ជមានមួយសម្រាប់ប្រទេសទាំងមូល។
«យើង សង្ឃឹមថា ព្រះអង្គនឹងអាចធ្វើការឲ្យកាន់តែទូលំទូលាយ ដោយរួមបញ្ចូលទាំងតំបន់ដាច់ស្រយាលនានានៅតាមព្រំដែន។ក្នុងពេលដ៏ចាំបាច់បំផុតដើម្បីធ្វើឲ្យប្រសើរឡើងនូវបញ្ហាសង្គមនិងសិទ្ធិពលរដ្ឋសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើង។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលព្រះអង្គ បានត្រូវតែងតាំងជាកាឌីណាល់នេះ»។
ភូមា ជាប្រទេសដែលមានអ្នកកាន់ព្រះពុទ្ធសាសនាដ៏ច្រើនលើសលប់ និងមានអ្នកកាន់សាសនាកាតូលិកប្រហែល៧សែននាក់នៃប្រជាពលរដ្ឋសរុបជាង៥០លាននាក់។
ស្របពេលជាមួយគ្នានេះ វៀតណាមដែលជាប្រទេសជិតខាង នឹងមានកាឌីណាល់រ៉ូម៉ាំងកាតូលិកទី៣របស់ខ្លួនចាប់តាំងពីការបញ្ចប់សង្គ្រាមវៀតណាមកាលពីជិត៤០ឆ្នាំមុន។
អាសឺវ៉ែក Pierre Nguyen Van Nhon ក៏ត្រូវបានតែងតាំងដោយសម្តេច Pope កាលពីថ្ងៃអាទិត្យដែរ។ទោះបីជាយ៉ាងណាក៏ដោយ ការជ្រើសរើសលោកកំពុងទាក់ទាញបានទទួលការសរសើរតែបន្តិចបន្តួចប៉ុណ្ណោះនៅវៀតណាម។
លោកឳពុក Vincent Pham Trung Thanh ក្នុងទីក្រុងហូជីមិញ (Ho Chi Minh) និយាយថា លោកយល់ឃើញការសម្រេចនេះថា គ្មានអ្វីជាងលិខិតអរគុណទៅកាន់អាសឺវ៉ែកទេ។
«ខ្ញុំសប្បាយរីករាយដែលបានឮព័ត៌មាននេះ ក៏ប៉ុន្តែខ្ញុំមិនរំពឹងច្រើនពីព្រះអង្គទេពីព្រោះខ្ញុំ បានជួបព្រះអង្គជាច្រើនលើកហើយ ហើយព្រះអង្គ បានប្រាប់ខ្ញុំម្តងហើយម្តងទៀតថា ព្រះអង្គ កាន់តែចាស់ហើយហើយថា ព្រះអង្គ ចង់ចូលនិវត្តិន៍ដើម្បីឲ្យក្មេងជំនាន់ក្រោយជំនួស»។
លោក Le Thanh Tung ជាសកម្មជនសាសនាកាតូលិក និយាយថា លោកចង់បានកាឌីណាល់ម្នាក់ដែលមានឆន្ទៈប្រយុទ្ធដើម្បីស្វែងរកការពិត យុត្តិធម៌និងសេរីភាពសាសនានៅវៀតណាម។
«ខ្ញុំមិនមានសុទិដ្ឋិនិយមអំពីការចាត់តាំងនេះទេ។ខ្ញុំ មិនបានឃើញសេចក្តីសង្ឃឹមអ្វីពីអាសឺវ៉ែក Nhon ដែលត្រូវបានតែងតាំងជាកាឌីណាល់នោះទេ។នេះ ជាការចាត់តាំងខាងការទូតនិងមានតែឈ្មោះជាជាងការតែងតាំងដោយផ្អែកលើសាសនាពិតប្រាកដ»។
កាឌីណាល់ថ្មីទាំង២០រូប នឹងត្រូវតែតាំងជាផ្លូវការនៅខែក្រោយនៅក្នុងពិធីមួយនៅវិមានវ៉ាទីកង់ (Vatican)៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន