គណបក្សភ្លើងទៀន បានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) ច្រានចោលសំណើសុំចុះឈ្មោះរបស់គណបក្ស ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខ។
កាលពីថ្ងៃទី១៥ ខែឧសភា គ.ជ.ប បានបដិសេធការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀនដោយអះអាងថា គណបក្សភ្លើងទៀនមិនមានភ្ជាប់មកជាមួយនូវការប្រកាសស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តក្រុងពាក់ព័ន្ធ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវ ស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គឹមសួរ ភិរិទ្ធ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា គណបក្សបានដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញរបស់ប្រទេសកម្ពុជា ដើម្បីទាមទារឱ្យមានដំណោះស្រាយ និងបើកផ្លូវឱ្យគណបក្សជំទាស់មួយនេះ បានចូលរួមក្នុងដំណើរការបោះឆ្នោតដែលកំពុងតែខិតចូលមកដល់។
លោកថ្លែងថា៖ «ហ្នឹងហើយយើងបានដាក់ពាក្យបណ្តឹងទៅរួចហើយ កាលពីថ្ងៃទី១៩ ហើយយើង[គណបក្សភ្លើងទៀន]កំពុងតែបន្តនីតិវិធីឱ្យមេធាវីដាក់សារណាផ្តល់ជា ទឡ្ហីករណ៍ដល់ក្រុមប្រឹក្សាធម្មនុញ្ញ។ រីឯលទ្ធផលយើងអត់ដឹងទេ ព្រោះអាហ្នឹងគេចាត់ទុកថា ជាស្ថាប័នឯករាជ្យ។ ប៉ុន្តែយ៉ាងណា ក៏យើងសង្ឃឹមថា យើងនៅតែមានលក្ខណៈស្របច្បាប់ ជាគណបក្សស្របច្បាប់ដែលអាចចូលរួមក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ»។
លោកបានបន្ថែមថា ប្រសិនបើមានការបដិសេធនៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលមិនព្រមឱ្យគណបក្សបានចូលរួមឈរឈ្មោះបោះឆ្នោតនោះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់នឹងនៅតែបន្តរកវិធីដោះស្រាយ ទៅតាមគោលការណ៍នៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគណបក្ស។
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្ម វិចិត្រ អក្ខរា ថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញបានឃើញ និងទទួលពាក្យបណ្តឹងរបស់គណបក្សភ្លើងទៀនរួចហើយ។ លោកបន្ថែមថា អ្នកជំនាញច្បាប់នៅក្រុមប្រឹក្សាធម្មនុញ្ញនឹងត្រូវប្រើពេល១០ថ្ងៃ ដើម្បីធ្វើការពិចារណា និងឆ្លើយតបលើពាក្យបណ្តឹងនោះ។
លោកលើកឡើងថា៖ «បាទពាក្យបណ្តឹងបានទទួលហើយ ហើយចំណាត់ការកំពុងតែអនុវត្តតាមនីតិវិធីច្បាប់។ ជាគោលការណ៍ច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញមានរយៈពេល១០ថ្ងៃសម្រាប់ដោះស្រាយ អ៊ីចឹងក្នុងអំឡុងពេលនេះអាចលឿនអាចឆាប់ តែមិនឱ្យហួសរយៈពេល១០ថ្ងៃហ្នឹងទេ»។
ពាក្យបណ្តឹងដែលគណបក្សភ្លើងទៀនប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញធ្វើឡើងបន្ទាប់ពីគ.ជ.ប បដិសេធសំណើសុំចុះឈ្មោះរបស់គណបក្សភ្លើងទៀន ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។ នីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
បន្ទាប់ពីដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញ ដោយច្រានចោលលិខិតចំហមួយចុះថ្ងៃទី១៤ ខែឧសភា និងផ្តល់ការបំភ្លឺទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គណបក្សភ្លើងទៀនមានឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បើទោះបីជានៅដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវបានគ.ជ.ប បដិសេធក៏ដោយ។
លោកហ៊ុន សែន បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀននោះ តែលោកថា នៅសល់បញ្ហា ទាក់ទិនបុគ្គលឈ្មោះ ជា ប៉ូច។ នេះបើតាមសារនៅក្នុងប្រព័ន្ធទំនាក់ទំនងតេឡេក្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មុនពេលគណបក្សភ្លើងទៀនចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែឧសភា លោក ជា ប៉ូច ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន និងជាអតីតសមាជិកអតីតគណបក្សសង្គ្រោះជាតិ បានចេញលិខិតចំហមួយជូនលោក ហ៊ុន សែន ដោយផ្តល់ការបដិសេធចំពោះការចុះផ្សាយរបស់សារព័ត៌មាន Fresh News កាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ដែលមានភ្ជាប់ឃ្លីបវីដេអូកាត់តរយៈពេល២២វិនាទីថា «គោលដៅខ្ញុំគឺត្រូវទម្លាក់ ហ៊ុន សែន ឱ្យបាន»។
លោក ជា ប៉ូច អះអាងថា ការផ្សព្វផ្សាយនោះមិនពិតទេ ព្រោះលោកគ្មានបំណងផ្តួលរំលំរដ្ឋាភិបាលឡើយ និងថា លោកប្រកាន់ខ្ជាប់គោលការណ៍អហិង្សាក្នុងការធើ្វនយោបាយជំទាស់នៅកម្ពុជា។ នេះបើតាមលិខិតចំហរបស់លោក ជា ប៉ូច ធ្វើនៅទីក្រុងបាងកកប្រទេសថៃ ចុះថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៣។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជា ប៉ូច បានទេ ដោយសារលោកនៅមានបញ្ហាសុខភាព។
អ្នកឯកទេសអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ ថ្លែងក្នុងកម្មវិធីហេឡូវីអូអេមួយថា បើសិនគណបក្សភ្លើងទៀនបានចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គណបក្សជំទាស់មួយនេះ នឹងមិនត្រូវគេរំពឹងថា អាចឈ្នះដាច់គណបក្សកាន់អំណាចនោះឡើយ។ ប៉ុន្តែលោកជឿថា វត្តមានរបស់តំណាងរាស្ត្រមកពីគណបក្សភ្លើងទៀននៅរដ្ឋសភាមានសារ:សំខាន់ក្នុងដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោកថ្លែងថា៖ «វត្តមានរបស់គណបក្សភ្លើងទៀន ហើយជាពិសេសរបស់តំណាងរាស្រ្តរបស់គណបក្សភ្លើងទៀននៅក្នុងសភានោះ ទោះបីជាមានចំនួនប៉ុន្មានក៏ដោយ ២០ក៏ដោយ ៣០ក៏ដោយ មានសារ:សំខាន់ណាស់ដើម្បីកុំឱ្យគណបក្សកាន់អំណាចហ្នឹងដែលរៀបចំដោយរដ្ឋាភិបាលហ្នឹងគឺ ជិះសេះលែងដៃ»។
លោកបញ្ជាក់ទៀតថា មានមតិសាធារណជនលើកឡើងថា បើសិនជាមានតំណាងរាស្រ្តរបស់គណបក្សភ្លើងទៀននៅក្នុងរដ្ឋសភានោះ គេនឹងអាចមើលឃើញរបបនយោបាយសេរីពហុបក្សពិតប្រាកដមួយនៅកម្ពុជា៕