គណបក្សភ្លើងទៀនអះអាងថា ខ្លួនបានព្យាយាមស្វែងរកដំណោះស្រាយដោយស្នើសុំសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានតាមការស្នើសុំ។
លិខិតបញ្ជាក់មួយច្បាប់នេះបានក្លាយជាបញ្ហារាំងស្ទះ ដែលនាំឱ្យគណបក្សជំទាស់ដ៏ធំមួយនេះបាត់បង់សិទ្ធិក្នុងការចូលរួមការបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ។
គណបក្សភ្លើងទៀនដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋជាង១លាន៦សែននាក់ កាលពីពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ នៅតែរក្សាជំហរ និងបង្ហាញថា ខ្លួនពិតជាចង់ចូលរួមការបោះឆ្នោតថ្នាក់ជាតិ និងមិនមានឧបាយកលឱ្យបរទេសគាបសង្កត់រដ្ឋាភិបាលកម្ពុជាអ្វីនោះទេ។ នេះបើតាមលិខិតរបស់គណបក្សភ្លើងទៀន ចេញផ្សាយនៅថ្ងៃអង្គារនេះ។
គណបក្សភ្លើងទៀនបានផ្សព្វផ្សាយលិខិតចំនួន៥សន្លឹកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយរៀបរាប់អំពីដំណើរការ និងសកម្មភាពនៃការចុះបញ្ជី និងស្នើសុំឯកសារនានាពីក្រសួងមហាផ្ទៃ។ គណបក្សបញ្ជាក់ថា ខ្លួនបានដាក់សំណើសុំច្បាប់ ឬសេចក្តីចម្លងដែលមានបញ្ជាក់នីត្យានុកូលកម្មនៃប្រកាសលេខ១៩៣ពីក្រសួងមហាផ្ទៃ និងបានជួបតំណាងក្រសួងចំនួន៣ដង ដើម្បីស្នើសុំឯកសារនោះយកទៅប្រើប្រាស់ជាផ្លូវការ។ ប៉ុន្តែគណបក្សមិនទទួលបានឡើយ។
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ប្រាប់វីអូអេថា លិខិតរបស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃអង្គារនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញទៅសាធារណជនកុំឱ្យភាន់ច្រឡំ ទាក់ទងនឹងពាក្យសម្តីចោទប្រកាន់ដែលថា គណបក្សមានចេតនាលាក់ប្រកាសលេខ១៩៣ ព្រោះមិនចង់ចូលរួមការបោះឆ្នោត។ លោកបន្ថែមថា បើសិនស្ថាប័នពាក់ព័ន្ធសម្រេចឱ្យគណបក្សអាចចូលរួមការបោះឆ្នោតបាន គណបក្សនឹងចូលរួមភ្លាម។
លោកបន្ថែមថា៖ «យើងបោះឆ្នោតឃុំសង្កាត់បានហើយអីហើយ ហើយរឿងហេតុផលទទួលស្គាល់ថា គណបក្សធ្វើសកម្មភាពហើយ ព្រោះវាស្របច្បាប់ហើយ។ គ្រាន់រឿងក្រដាសមួយសន្លឹក គេអាចសម្រួលបានទេតើ បើសិនជាមិនចង់ឱ្យមានបញ្ហា។ អានេះ គេមិនចង់ឱ្យយើងចូលហ្មង និយាយមួយម៉ាត់ អ៊ីចេះ។ ហើយគេមិនចង់ឱ្យយើងចូលហើយ គេថា យើងហ្នឹងមានចេតនាមិនចង់ចូល បង្កបញ្ហាឱ្យគេវិញទៀត។ អ៊ីចឹងយើងត្រូវតែបំភ្លឺឱ្យសាធារណជាតិ និងអន្តរជាតិគេបានដឹង បានឮ ហើយគេជួយវិភាគមើលទៅ ការចោទប្រកាន់ វាសម ឬអត់»។
លោកបន្ថែមថា៖ «វាគ្មានអ្វីស្មុគស្មាញទេ បើសំណៅដើមស្ថិតនៅក្នុងក្រសួងមហាផ្ទៃហើយហ្នឹង! មើលសំណៅដើម Copy ចម្លងមក ហើយធ្វើទុតិយាតា ធ្វើនីត្យានុកូលកម្មទៅ បានទេតើ។ អត់មានអីស្មុគស្មាញទេ។ បើគេចង់ធ្វើ អត់អីស្មុគស្មាញទេ។ មានអ្នកខ្លះមានទោសដល់ណាដល់ណី គេនៅតែលើកលែងទោសឱ្យបាន មានស្អីពិបាកជាងគេមានទោស ហើយគេនៅលើកលែងទោស»។
អ្នកនាំពាក្យគណបក្សភ្លើងទៀនរូបនេះនៅតែអះអាងថា ការបាត់ប្រកាសលេខ១៩៣ គឺដោយសារតុលាការមិនអនុញ្ញាតឱ្យចូលយកឯកសារនានានៅទីស្នាក់ការរបស់គណបក្ស ពេលមានការរំលាយគណបក្សសង្គ្រោះជាតិ។
លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចហើយ ដូច្នេះគណបក្សភ្លើងទៀនមិនមានសិទ្ធិតវ៉ា ឬធ្វើការប្រមូលផ្តុំអ្វីនោះទេ។
លោកថ្លែងថា៖ «គ្មានច្បាប់ឯណាតម្រូវឱ្យគណបក្សភ្លើងទៀន បោះឆ្នោតទេ។ សូម្បីកិច្ចព្រមព្រៀងទីក្រុងប៉ារីសក៏គ្មាន សូម្បីតែរដ្ឋធម្មនុញ្ញកម្ពុជាក៏គ្មានដែរ គ្មានច្បាប់ឯណាតម្រូវ ត្រូវតែមានគណបក្សនេះ បានបោះឆ្នោតបានទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ការខ្វះឯកសាររបស់គណបក្សភ្លើងទៀន គឺជា«ឧបាយកល» និងជាគោលដៅរបស់គណបក្សប្រឆាំងដោយផ្ទាល់ ដែលមិនចង់ចូលរួមការបោះឆ្នោត និងថា ការណ៍នេះជាចេតនាចង់យកបរទេសមកគាបសង្កត់រដ្ឋាភិបាលកម្ពុជា៕