គណ​បក្ស​ភ្លើង​ទៀន​បដិសេធ​មិន​ជាប់​ពាក់​ព័ន្ធ​​សកម្មភាព​ញុះញង់​ពល​រដ្ឋ​​​ឱ្យ​គូស​សន្លឹក​ឆ្នោត​ចោល

រូប​ឯកសារ៖ នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​សង្កាត់​បឹងព្រលិត​ ខណ្ឌ៧មករា​ មន្រ្តីរៀបចំការបោះឆ្នោត​ចាក់​សន្លឹកឆ្នោត​ចេញពីហិបឆ្នោត​ រាជធានីភ្នំពេញ ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

​គណ​បក្ស​ភ្លើង​ទៀន ​នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ការ​ពារ​ខ្លួន​ថា​គណ​បក្ស​មិន​ជាប់​ពាក់ព័ន្ធ​សកម្ម​ភាព​ញុះ​ញង់​ឱ្យ​ពល​រដ្ឋ​គូស​បំផ្លាញសន្លឹក​ឆ្នោត ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៣​ខែ​កក្កដា​ខាង​មុខ​នោះ​ទេ។

គណ​បក្ស​ភ្លើង​ទៀន​បញ្ជាក់​បែប​នេះ ក្រោយ​សកម្ម​ជន​របស់​ខ្លួន​យ៉ាង​តិច​៤​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ កាល​ពី​ពេល​ថ្មីៗ​នេះ ​ពាក់​ព័ន្ធ​នឹង​បទ​«ញុះញង់​បង្ក​ចលាចល​ដល់​ការ​បោះឆ្នោត»​ និង​ស្រប​ពេល​ដែ​ល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ចោទ​សួរ​គណ​បក្ស​ជំទាស់​មួយនេះ ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​លោក សម រង្ស៊ី ​ដែលណែនាំ​ឱ្យ​ប្រជា​ពល​រដ្ឋគូស​បំផ្លាញសន្លឹក​ឆ្នោត ដែរ​ឬ​ទេ។

​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កក្កដា​ ​លោក ហ៊ុន សែន បាន​ចោទ​សួរ​ថា​គណ​បក្ស​ភ្លើង​ទៀន​ត្រូវ​ទទួល​ខុស​ត្រូវ​បែប​ណាលើករណី​សមាជិក​ដែលអាជ្ញាធរ​ចាប់​ខ្លួន​ ​គឺលោក​ ប៊ុន​ ខេត ​ប្រធាន​ស្តី​ទី​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណ​បក្ស​ភ្លើង​ទៀន​ប្រចាំ​រាជធានី​ភ្នំពេញ ថា​ទទួល​បញ្ជា​ពី​ទណ្ឌិត​ សម រង្ស៊ី​ ដើម្បី​ណែនាំ​ឱ្យ​អ្នក​បោះ​ឆ្នោ​ត​គូស​សន្លឹក​ឆ្នោត​ខ្វែង​ចោល​នោះ?

នៅ​ថ្ងៃ​ពុធ​នេះ​ ​គណ​បក្ស​ភ្លើងទៀន​បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ច្រាន​ចោល​ថា ខ្លួន​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បុគ្គល​មួយ​ចំនួន​ដែល​ធ្វើ​សកម្ម​ភាព​អំពាវ​នាវឱ្យប្រជា​ពល​រដ្ឋ​ខ្មែរ​កុំឱ្យ​ទៅ​បោះ​ឆ្នោត​ ឬ​គូស​សន្លឹក​ឆ្នោត​ចោល នៅ​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេ។ គណបក្ស​ចាត់​ទុក​សកម្មភាព​នោះ​គឺ​ជា​ទង្វើ​រំលោភ​បំពាន​ច្បាប់។

​គណបក្ស​ជំទាស់ ​ដែល​បាត់សិទ្ធិ​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ បាន​លើក​ឡើង​ថា គណបក្ស មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​បុគ្គល​ទាំង​ឡាយ​ណា​ ដែល​ធ្វើខុស​នឹង​ច្បាប់​នានា​របស់​កម្ពុជា​នោះ​ទេ។

គណ​បក្ស​ភ្លើង​ទៀន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី១៩ ​ខែ​កក្កដា ​ឆ្នាំ​២០២៣​ ថា៖ «គណបក្ស​ភ្លើងទៀន​សូម​ប្រកាស​បដិសេធ​មិន​ជា​ប់​ពាក់​ព័ន្ធ និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​បុគ្គល​ទាំង​ឡាយ​ណា ដែលធ្វើ​សកម្មភាព​ប្រាស​ចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាននានា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ឡើយ»។


ក្រោយ​ពី​អវត្តមានក្នុង​ការ​ចូលរួម​បោះឆ្នោត ​គណ​បក្ស​ជំទាស់​មួយ​នេះ ប្រាប់​ទៅ​ពល​រដ្ឋ​ថា ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត ឱ្យប្រជា​ពល​រដ្ឋ​ខ្មែរ​ប្រើ​ប្រាស់​សិទ្ធិ​ពេញ​លេញ​ស្រប​តាម​ច្បាប់ ក្នុង​ការប្រើ​ប្រាស់​សតិ​សម្ប​ជញ្ញៈ និងសម្រេច​ចិត្ត​ទៅចូល​រួម​បោះ​ឆ្នោត ឬ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោតជ្រើស​រើស​តំណាង​ស្រប​តាម​ឆន្ទៈ​របស់​ខ្លួន​ ដោយ​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គាប​សង្កត់ ការ​បង្ខិត​បង្ខំ ការ​គំរាម​កំហែង​ ការ​បង្គាប់​បញ្ជា ឬ​ការ​ញុះញង់​ពី​សំណាក់​បុគ្គល ឬគ​ណ​បក្ស​ន​យោ​បាយ​ណា​មួយ​ឡើយ។

គណ​បក្ស​ភ្លើង​ទៀន​ក៏​បាន​បញ្ជាក់​ជំហរ​ថាខ្លួន​ធ្វើ​សកម្ម​ភាព ដោយគោរព និង​អនុ​វត្ត​យ៉ាង​ខ្ជាប់​ខ្ជួនស្រប​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ ច្បាប់​ស្តី​ពី​គណបក្ស​នយោ​បាយ​ និង​ច្បាប់​ជា​ធរមាន​នានា​របស់​កម្ពុជា ព្រម​ទាំង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

​លោក ​រ៉ុង ឈុន អនុប្រធានគណបក្ស​ភ្លើងទៀន ប្រាប់​វីអូអេ​នៅ​ពុធ​នេះ​ថា ​កា​រចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ គឺ​ដោយ​សារ​គណ​បក្ស​មិន​ចង់​ឃើញ​សកម្មជន​រង​ការ​បំភិត​បំភ័យ រង​ការ​បង្ខិត​បង្ខំ និង​ចាប់​ដាក់​ពន្ធ​នា​គារទេ។ ក្រៅ​ពីនេះ ​លោក​ថា​នេះ​ក៏​ជា​ការ​បញ្ជាក់​ថា​គណ​បក្ស​ពិត​ជា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​នយោបាយ​ក្រៅ​ប្រទេស ដែលលោក​នាយក​រដ្ឋ​មន្ត្រី​ចោទ​សួរ​នោះ​ដែរ។

​លោក​ថ្លែង​ថា៖ «ពេល​ដែល​យើង​ចុះ​ជួប​ម្ចាស់​ឆ្នោត ក៏ដូចជាសកម្មជន​តែង​តែ​យើង​បង្ហាញ​ជំហរ​មិន​ពាក់ព័ន្ធ ពីព្រោះ​យើង​ដឹ​ង​ហើយ​ថា​ច្បាប់​គណបក្ស​នយោបាយ បើសិន​គណបក្ស​មួយ​ដែ​ល​ជាប់​ពាក់ព័ន្ធ​ដែល​គេ​ថា ​អ្នក​ដែល​មាន​ទោស វា​ត្រូវ​ធ្វើ​ឱ្យ​គណបក្ស​ហ្នឹង​ឈាន​ទៅ​ដល់​ការ​ផ្អាក ឬមួយ​រហូត​ដល់​រំលាយ​អី​អ៊ីចឹង។ អ៊ីចឹង​ហើយបាន​ជា​យើង​ត្រូវ​បង្ហាញ​ជំហរ​ឱ្យ​ច្បាស់​អំពី​ការ​មិន​ជាប់​ទាក់​ទិន​ជាមួយ​អ្នក​នៅ​ក្រៅ​ប្រទេស»។

លោក កន សាវាង្ស ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុម​ហ្រ្វែល​ដែល​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​កត់​សម្គាល់​ថា ​បញ្ហា​នយោបាយ​នៅ​កម្ពុជា ​គឺ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ជា​និច្ច​ ដែល​មិន​ទាន់ឃើញ​មាន​ការ​ប្រើ​ប្រាស់​យន្ត​ការដោះ​ស្រាយ​ឱ្យ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ដូច្នេះ​អ្នក​នយោបាយ​គួរ​តែ​ចេះ​យោគ​យល់​គ្នា ដើម្បី​ឈាន​ទៅ​ដោះស្រាយវិវាទ​នយោបាយ​ដែល​កំពុង​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​ថ្លែង​ថា៖ «បើ​អ្នក​នយោបាយ​ខ្មែរ​ ​យើង​មាន​ការ​យល់​គ្នា ហើយ​គោរព​គោលការណ៍ឱ្យ​បាន​ត្រឹម​ត្រូវ​ខ្ជាប់​ខ្ជួន​រៀងៗ​ខ្លួន វា​មិន​មាន​បញ្ហា​ធំ​ដុំ​ដូច​ករណី​បច្ចុ​ប្បន្ន​នេះ​ដែរ»។

គួរ​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា មន្ត្រី​គណបក្ស​ភ្លើង​ទៀន​យ៉ាង​តិ​៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​បទ​ញុះ​ញង់ឱ្យ​ប្រជាពលរដ្ឋ​បំផ្លាញ​សន្លឹក​ឆ្នោត​ចោល ​ខណៈ​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​ជាង​១០​នាក់​ទៀត​ត្រូវ​បាន​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត៕