គណបក្សសេរីនិយមរបស់ប្រទេសកាណាដា ដែលបានតម្រង់ឆ្ពោះទៅផុតពីឆាកនយោបាយកាលពី ៤ឆ្នាំមុន បានកើនឡើងដល់សំឡេងភាគច្រើនក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃច័ន្ទ ដោយមានមេដឹកនាំវ័យក្មេងរបស់ខ្លួនគឺលោកJustin Trudeau ដែលលោកបានសន្យាថានឹង «ធ្វើការផ្លាស់ប្តូរយ៉ាងពិតប្រាកដ» ទាំងគោលនយោបាយក្នុងស្រុកនិងបរទេស។ ជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក Trudeau បានបញ្ចប់ការកាន់កាប់អំណាចអស់រយៈពេល ៩ឆ្នាំរបស់គណបក្សអភិរក្ស ហើយបាននាំយកត្រកូលដែលមានកេរ្តិ៍ឈ្មោះមកកាន់តំណែងនាយករដ្ឋមន្ត្រីនៅក្នុងជួរនយោបាយរបស់ប្រទេសកាណាដា។
កូនប្រុសច្បងដែលមានអាយុ៤៣ ឆ្នាំរបស់អតីតនាយករដ្ឋមន្ត្រីលោក Pierre Trudeau ដែលបានកាន់អំណាចអស់រយៈពេលជិត ១៦ ឆ្នាំចាប់ពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៨៤ និងត្រូវបានគេចាត់ទុកថាជាបិតាប្រទេសកាណាដាសម័យទំនើបនោះ បានថ្លែងប្រាប់អ្នកគាំទ្រដែលកំពុងអបអរដល់លោកនៅទីក្រុង Montreal នាព្រឹកថ្ងៃអង្គារទី ២០ ខែតុលាថា យុទ្ធនាការវិជ្ជមានរបស់លោកគឺអ្វីដែលនាំឲ្យលោកទទួលជ័យជម្នះនេះ។
លោក Trudeauថ្លែងថា៖«នេះគឺជាអ្វីដែលនយោបាយវិជ្ជមានអាចធ្វើទៅបាន។ នេះគឺជាអ្វីដែលចក្ខុវិស័យនិងវេទិកាប្រកបដោយភាពវិជ្ជមាន ក្តីសង្ឃឹម និងជាអ្វីដែលក្រុមមួយអាចរួមគ្នាធ្វើឲ្យកើតឡើងទៅបាន»។
លោក Trudeau ដែលជាអតីតគ្រូបង្រៀននិងជាសមាជិកសភា តាំងពីឆ្នាំ ២០០៨នោះ បានថ្លែងថា យុទ្ធនាការរបស់លោកបានយកឈ្នះភាពភ័យខ្លាចដោយក្តីសង្ឃឹម ដោយឈ្នះការចំអកដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនិងបានយកជ័យជម្នះលើគំនិតដែលថា ពលរដ្ឋកាណាដាគួរតែមានភាពស្កប់ស្កល់នឹងអ្វីៗតិចតួចដែលគេមាន។
លោក Trudeauថ្លែងថា៖«ពលរដ្ឋកាណាដានៅទូទាំងប្រទេសដ៏អស្ចារ្យនេះ បានបញ្ជូនសារយ៉ាងច្បាស់មួយនៅយប់ថ្ងៃអង្គារថា វាដល់ពេលវេលាដើម្បីធ្វើការផ្លាស់ប្តូរនៅក្នុងប្រទេសនេះហើយ មិត្តភក្តិទាំងអស់គ្នាអើយ ដល់ពេលដែលត្រូវផ្លាស់ប្តូរយ៉ាងពិតប្រាកដហើយ»។
លោកបានរៀបរាប់អំពីយុទ្ធសាស្រ្តរបស់លោកដើម្បីសម្រេចឲ្យបាននូវការជ័យជម្នះនយោបាយនេះថាជាយុទ្ធសាស្ត្រចាស់ប៉ុណ្ណោះ គឺដោយគ្រាន់តែជួបសំណេះសំណាល និងស្តាប់ប្រជាពលរដ្ឋកាណាដាឲ្យបានកាន់តែច្រើនដែលអាចធ្វើទៅបាន។
ក្នុងអំឡុងពេលយុទ្ធនាការ រយៈពេល ១១ សប្តាហ៍នេះ លោកTrudeau វ័យក្មេងរូបនេះ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកដើម្បីស្តាប់ប្រជាពលរដ្ឋនោះ ជាលទ្ធផលលោកបានសន្យាថានឹងធ្វើឱនភាពថវិការយៈពេល៣ឆ្នាំដើម្បីវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញឲ្យសេដ្ឋកិច្ចមានដំណើរការទៅមុខ។ លោកក៏បាននិយាយដែរថា លោកគ្រោងនឹងដំឡើងតម្លៃពន្ធសម្រាប់ពលរដ្ឋកាណាដាណាដែលមានខ្លាំងផងដែរ។
លោក Trudeauបន្ថែមថា៖«អ្នករាល់គ្នាបានប្រាប់ពួកយើងថា មានការលំបាកក្នុងការគ្រប់គ្រងរាល់ការចំណាយទៅលើជីវភាពប្រចាំថ្ងៃ។ ពួកគេបានប្រាប់ពួកយើងថា ពួកគេបារម្ភថាតើ ពួកគេអាចនឹងមានលទ្ធភាពក្នុងការទ្រទ្រង់ជីវភាពសមរម្យក្រោយចូលនិវត្តន៍ឬទេ។ ពួកគេបានប្រាប់ពួកយើងថា សហគមន៍របស់ពួកគេត្រូវការ ការវិនិយោគ។ ពួកគេបានប្រាប់ពួកយើងថា ត្រូវការឱកាសស្មើភាពក្នុងការធ្វើការងារឲ្យបានប្រសើរជាងមុន។ អ្នករាល់គ្នាគឺជាការស្មារតីជំរុញទឹកចិត្តរបស់ពួកយើងក្នុងការខិតខំប្រឹងប្រែង។ អ្នករាល់គ្នាគឺជាហេតុផលដែលពួកយើងខិតខំធ្វើការដើម្បីមានវត្តមាននៅទីនេះ នារាត្រីនេះហើយអ្នករាល់គ្នានឹងជាបេះដូងនៃរដ្ឋាភិបាលថ្មីនេះ»។
អ្នកវិទ្យាសាស្រ្តនយោបាយនៃសាកលវិទ្យាល័យ Toronto លោក Peter Loewen បានថ្លែងថាសំឡេងឆ្នោតរបស់លោក គឺស្នើឲ្យមានការគាំទ្រដល់គោលនយោបាយបែបនេះ។
លោក Peter Loewen ថ្លែងថា៖«មានការគាំទ្រសំឡេងភាគច្រើនទៅលើការដំឡើងពន្ធលើអ្នកមាន។ វាអាស្រ័យលើរបៀបដែលអ្នកកំណត់ថាកម្រិតណាហៅថាអ្នកមាន។ ហើយជាការពិតណាស់ មិនមានឱនភាពធ្ងន់ធ្ងរដូចកាលពីមុននៅក្នុងប្រទេសកាណាដាទៀតនោះទេ។ យើងពិតជាបានរួចផុតពីឱនភាពនៅទសវត្សរ៍១៩៨០ ហើយ។ ពួកយើងបានលុបបំបាត់នូវឱនភាពប្រតិបត្តិការរបស់ពួកយើង។ បន្ទាប់មក នៅក្នុងទសវត្សរ៍ ១៩៩០ ពួកយើងបានដោះបំណុលអស់ រួមទាំងការបង់ការប្រាក់ទៅលើបំណុលគឺដោះរួចជារៀងរាល់ឆ្នាំ។ ទាំងនេះដែលបង្កឲ្យមានវិបត្តិហិរញ្ញវត្ថុសកល។ ពួកយើងមានឱនភាពជាច្រើន ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Harper បានពុះពារយ៉ាងលំបាកដើម្បីរកថវិកាមកវិញដើម្បីឲ្យមានតុល្យភាព។ អ្នកមិនអាចយកឈ្នះបាននោះទេ ប្រសិនបើអ្នកមិនធ្វើឲ្យមានតុល្យភាពថវិកាទេនោះ ដែលគំនិតនេះត្រូវបានគេជឿថាជា ជំនឿមួយនៅក្នុងប្រទេសកាណាដា។ លោក Justin Trudeau បានបង្ហាញថាជំនឿនេះគឺខុស»។
លោក Trudeau បានថ្លែងអំណរគុណដល់អ្នកកាន់តំណែងមុន គឺលោក Stephen Harper អាយុ៥៦ឆ្នាំ ដែលបានឈ្នះការបោះឆ្នោតចំនួនបីលើកនិងបានបម្រើការជានាយករដ្ឋមន្រ្តីអស់រយៈពេលប្រាំបួនឆ្នាំមកហើយនោះ។ លោកហៅក្រុមអភិរក្សនិយមថាជាអ្នកជិតខាង មិនមែនជាសត្រូវនោះទេ។
មេដឹកនាំគណបក្សសេរីនិយមនឹងរីករាយជាមួយនឹងរដ្ឋាភិបាលសំឡេងភាគច្រើនក្នុងរយៈបួនឆ្នាំទៅមុខទៀត ដោយគណបក្សនេះទទួលបានជាង ១៨០ អាសនៈ ក្នុងចំណោម ៣៣៨អាសនៈ ក្នុងសភា។ ក្រុមអភិរក្សបានក្លាយទៅជាគណបក្សប្រឆាំងជាផ្លូវការ ខណៈពេលដែលគណបក្សប្រជាធិបតេយ្យថ្មីឆ្វេងនិយមគឺស្ថិតនៅលេខរៀងទី៣ បន្ទាប់មកគឺគណបក្សBloc Quebecois ដែលបានបំបែកខ្លួនចេញ៕
ប្រែសម្រួលដោយស្រេង លក្ខិណា