ប្រទេស​កាណាដា​ស្វាគមន៍​ជន​ភៀស​ខ្លួន​ស៊ីរី

នាយក​រដ្ឋ​មន្រ្តី​កាណាដា លោក Justin Trudeau (រូប​ឆ្វេង) ស្វាគមន៍​ជន​ភៀស​ខ្លួន​ស៊ីរី​ នៅ​ពេល​ពួកគេ​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ Toronto Pearson International Airport ក្នុង​ក្រុង Mississauga ខេត្ត Ontari ប្រទេស​កាណាដា កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។

ប្រទេស​កាណាដា​បាន​ស្វាគមន៍​ជន​ភៀស​ខ្លួន​ស៊ីរី ពេញ​មួយ​យន្តហោះ​ដំបូង​របស់​ខ្លួន។ យន្តហោះ​យោធា​របស់​កាណាដា​ដែល​ដឹក​ជន​ភៀស​ខ្លួន​ស៊ីរី​ចំនួន​១៦៣​នាក់ បាន​ទៅ​ដល់​ទីក្រុង​ Toronto ប្រទេស​កាណាដា​ហើយ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

នៅ​ពេល​ទៅ​ដល់​កាណាដា​ភ្លាម ជន​ភៀសខ្លួន​ទាំង​នោះ​ត្រូវ​បាន​ទទួល​ស្វាគមន៍ពី​សំណាក់នាយក​រដ្ឋ​មន្ត្រី​កាណាដា លោក Justin Trudeau និង​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ផ្នែក​អន្តោប្រវេសន៍ សុខាភិបាល ​និង​ការពារ​ជាតិ ហើយ​និង​អភិបាល​ខេត្ត Ontario គឺ​លោកស្រី Kathleen Wynne ព្រម​ទាំង​អភិបាល​ក្រុង​ Toronto លោក John Tory ផង​ដែរ។

​ដើម្បី​កុំ​ឲ្យ​ជន​ភៀស​ខ្លួន​ទាំង​នោះ​មាន​អារម្មណ៍​ក្ដុក​ក្ដួល​ខ្លាំង​ពេក រដ្ឋាភិបាល​កាណាដា​បាន​ស្នើ​សាធារណជន​ទូទៅ​កុំ​ឲ្យ​នាំ​គ្នា​ចូល​ទៅ​ព្រលាន​យន្តហោះ​ដើម្បី​ទទួល​ស្វាគមន៍​ជន​ភៀស​ខ្លួន​ទាំង​នោះ ប៉ុន្តែ​សំណើ​នោះ​មិន​បាន​បញ្ឈប់​សាធារណជន​មួយ​ចំនួន​ដែល​បាន​ទៅ​ជូនពរ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទេ។ លោក​នាយក​រដ្ឋ​មន្ត្រី Trudeau បាន​មាន​ប្រសាសន៍​ថា «វា​ជា​រាត្រី​ដ៏​អស្ចារ្យ ហើយ​កាណាដា ចាប់​ផ្ដើម​បង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​ពីរ​របៀប​បើក​បេះដូង​ឲ្យ​ទូលាយ ហើយ​ស្វាគមន៍​ជន​ទាំង​ឡាយ​ណា ដែល​ភៀសខ្លួន​ចេញ​ពី​ស្ថានភាព​ដ៏​សែន​លំបាក​ក្រៃលែង»។ ប្រទេស​កាណាដា​គ្រោង​នឹង​ស្វាគមន៍​ជន​ភៀស​ខ្លួន​ចំនួន​២ម៉ឺន​៥ពាន់​នាក់​ត្រឹម​ចុង​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ។ ទង្វើ​របស់​ប្រទេស​កាណាដា​ចំពោះ​ជន​ភៀស​ខ្លួន​នេះ ផ្ទុយ​នឹង​សហរដ្ឋ​អាមេរិក​ដែល​មាន​បេក្ខជន​ប្រធានាធិបតី​ម្នាក់ អភិបាល​រដ្ឋ​ និង​ពលរដ្ឋ​សាមញ្ញជាច្រើន​បាន​បង្ហាញ​ជំហរ​របស់​ពួកគេ​ថា​ ជន​ភៀស​ខ្លួន​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​នោះ​ទេ៕